កីឡាជាតិ
ជាតិ
ប្រដាល់ពិភពលោក៖ ឃឹម បូរ៉ា ,ឈឿង ល្វៃ ,អេ អាំម៉ារីន និងយ៉េន ឌីណា ឈ្នះគូប្រកួត ខណៈ សុភីន ចាញ់
28, Jul 2022 , 12:45 pm        
រូបភាព
កីឡាករឈឿង ល្វៃ(ក្រហម) ប្រកួតជាមួយ Michael (ខៀវ) ក្នុងព្រឹត្តិការណ៍សង្វៀនគុនខ្មែរជើងឯកពិភពលោក នាថ្ងៃទី២៧ ខែកក្កដា នៅសង្វៀនពហុកីឡដ្ឋានមរតកតេជោ។
កីឡាករឈឿង ល្វៃ(ក្រហម) ប្រកួតជាមួយ Michael (ខៀវ) ក្នុងព្រឹត្តិការណ៍សង្វៀនគុនខ្មែរជើងឯកពិភពលោក នាថ្ងៃទី២៧ ខែកក្កដា នៅសង្វៀនពហុកីឡដ្ឋានមរតកតេជោ។
ដោយ៖ហៀក ឆក

កីឡាការិនី ទួន ស្រីភីន បរាជ័យក្រោមកណ្តាប់ដៃ Brabara Aguiar ខណៈឃឹម បូរ៉ា ,យ៉េន ឌីណា ឈឿង ល្វៃ និង អេអាំម៉ារីន សុទ្ធតែឈ្នះគូប្រកួតរៀងខ្លួន ក្នុងព្រឹត្តិការណ៍សង្វៀនគុនខ្មែរជើងឯកពិភពលោក នាថ្ងៃទី២៧ ខែកក្កដា នៅសង្វៀនពហុកីឡដ្ឋានមរតកតេជោ។

 
ការប្រកួតបើកឆាកដំបូង កីឡាការិនីកម្ពុជាបង្គោលក្រហម ទួន ស្រីភីន ធ្វើមិនបានល្អទេ ដោយរងបរាជ័យក្រោយកណ្តាប់ដៃដ៏សន្ធាប់ និងវាយធ្ងន់ៗពីកីឡាការិនីមកពីប្រេស៊ីលបង្គោលខៀវ Brabara Aguiar ។ កណ្ដាប់ធ្ងន់ៗរបស់កីឡាការិនីប្រេស៊ីលរូបនេះ បានធ្វើឲ្យ ទួន ស្រីភីន បោះបង់ការប្រកួតក្នុងទឹកទី២។
 
ដ្បិតបើកឆាកចាញ់មែន តែកីឡាករកម្ពុជា ៤រូបទៀត បានស្ដារមុខមាត់វិញ ដោយម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម កីឡាករ ឃឹម បូរ៉ា បង្គោលក្រហម យកឈ្នះសមុទ្រខ្សាច់មកពីប្រទេសថៃ Dechaphan បង្គោលខៀវដោយពិន្ទុ ក្រោយវាយ៣ទឹកពេញយ៉ាងលំបាក។
 
ម្ចាស់មេដាយមាសបង្គោលក្រហម យ៉េន ឌីណា ផ្តួលកីឡាករមកពីឥណ្ឌាបង្គោលខៀវ Mehta ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២ ក្រោយទទួលកែងឆ្វេងពីឌីណា បែកចិញ្ចើមធ្ងន់ធ្ងរ ទើបអាជ្ញាកណ្តាលសម្រេចបញ្ឈប់ការប្រកួត ដោយឲ្យ ឌីណា គ្រងតំណែងខ្សែក្រវ៉ាត់សង្វៀនគុនខ្មែរជើងឯកពិភពលោក។
 
សម្រាប់គូឯកទី៤បង្គោលក្រហម ឈឿង ល្វៃ ខ្លាកំណាចមកពីកំពង់ធំ បានត្រឹមឈ្នះពិន្ទុពីបង្គោលខៀវ Michael ដោយបញ្ចប់ទាំង៣ទឹកពេញ។ ក្នុងទឹក១ និង២ ល្វៃវាយសន្ធប់ទៅលើ Michael ឲ្យរាប់២ដង ក្រោយកណ្តាប់ដៃ និងផ្លែកែងវាយឥតឈប់។ ចូលទឹក៣ ខ្លាកំណាចនៅតែសន្ធប់ទៅលើ បង្គោលខៀវដដែលរហូតបញ្ចប់ទឹក៣ ល្វៃ ឈ្នះដោយពិន្ទុ។
 
ចំណែកគូចុងក្រោយបង្គោលក្រហម អេអាំម៉ារីន ភូថង យកឈ្នះបង្គោលខៀវ Mohammad ដោយពិន្ទុទាំង៣ទឹកពេញ។ ក្នុងទឹក១ និង២ គូទាំងពីរវាយប្រហាក់ប្រហែលគ្នា និងចូលដល់ទឹក៣ អាំម៉ារីន វាយសម្រុកទាត់ជើងក្រោម និងធាក់ទប់បន្តទាត់ និងប្តូរកណ្តាប់ដៃឥតឈប់ ។ បញ្ចប់ការប្រកួតក្នុងទឹក៣ អាជ្ញាកណ្តាលកាត់សេចក្តីឲ្យបង្គោលក្រហមឈ្នះ៕
 
 

Tag:
 ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com