កីឡាជាតិ
ជាតិ
សីដក់៖កម្ពុជាដណ្តើមបាន មេដាយ៣នៅថៃ
28, Jul 2022 , 3:12 pm        
រូបភាព
ក្រុមសីដក់កម្ពុជា(លោតបាំងសី) ទល់នឹងក្រុមនេប៉ាល់ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ព្រះមហាក្សត្រថៃលើកទី៣៥ ។ (រូបពីសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា)
ក្រុមសីដក់កម្ពុជា(លោតបាំងសី) ទល់នឹងក្រុមនេប៉ាល់ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ព្រះមហាក្សត្រថៃលើកទី៣៥ ។ (រូបពីសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា)
ដោយ៖ហៀក ឆក
 
ក្រុមកីឡាសីដក់ជម្រើសជាតិកម្ពុជា ដណ្តើមបានមេដាយប្រាក់២ និងសំរឹទ្ធ១ ពីព្រឹត្តិការណ៍ពានរង្វាន់ព្រះមហាក្សត្រថៃលើកទី៣៥ គិតត្រឹមថ្ងៃទី២៧ ខែកក្កដា។ កាប្រកួតនេះបានចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែកក្កដា នាទីក្រុងបាងកក ប្រទេសថៃ។

 
វិញ្ញាសាបុរស ៤ទល់៤ (Men’s Quard) ក្រុមសីដក់ជម្រើសជាតិកម្ពុជាស្ថិតក្នុងពូល A រួមមាន អូស្ត្រាលី អ៊ីរ៉ាក់ បង់ក្លាដែស និងនេប៉ាល់។ វគ្គជម្រុះក្នុងពូលនេះ កម្ពុជា យកឈ្នះអូស្ត្រាលី ២-០, ឈ្នះអ៊ីរ៉ាក់ ២-០ និងឈ្នះនេប៉ាល់ ២-០ មាន ៩ពិន្ទុក្នុង៣ប្រកួត។ ចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្ពុជា យកឈ្នះលើក្រុមជម្រើសជាតិបង់ក្លាដែស ២-០។
 
សម្រាប់វគ្គផ្តាច់ព្រ័ត្រកម្ពុជា រងបរាជ័យក្រោមថ្វីជើងក្រុមខ្លាំង អ៊ីរ៉ង់ បញ្ចប់ដោយលទ្ធផល ០-២។ ក្រុមកម្ពុជាយកបានមេដាយប្រាក់១គ្រឿងលើវិញ្ញាសាបុរស ៤ទល់៤ ខណៈជម្រើសជាតិអ៊ីរ៉ង់ យកបានមេដាយមាស។
 
មេដាយប្រាក់១គ្រឿងទៀតលើវិញ្ញាសាបុរស៥នាក់ ទាត់សីបញ្ចូលកន្ត្រក (Men’s Hoop)។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្ពុជា ឈ្នះឡាវ ដោយលទ្ធផល ៤៦០ ទល់នឹង៣៥០ ពិន្ទុ និងវគ្គផ្តាច់ព្រ័ត្រកម្ពុជា ចាញ់ថៃ ៤១០ ទល់នឹង ៦៨០ ពិន្ទុ។ 


 អត្តពលិកសីដក់កម្ពុជា ចូលរួមប្រកួតពានរង្វាន់ស្តេចថៃលើកទី៣៥ នៅថៃ(រូបពីសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា)

ចំណែកមេដាយសំរឹទ្ធលើប្រភេទវិញ្ញាសានារី៥នាក់ ទាត់សីបញ្ចូលកន្ត្រក (Women’s Hoop) កម្ពុជា ចាញ់ឡាវ ២៣០ ទល់នឹង៣៩០ពិន្ទុ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
គួបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា នេះកម្ពុជាដណ្តើមបានមេដាយប្រាក់២ និងសំរឹទ្ធ១គ្រឿង ខណៈការប្រកួតនឹងបិទបញ្ចប់ នាថ្ងៃទី៣១ ខែកក្កដា។ ការទាត់សីបញ្ចូលកន្ត្រកគឺទាត់ឲ្យចូលបានល្អ មានតាមក្បាច់ដូចជា ក្បាល ស្មា ជង្គង់ ទះខ្នងជើងពែន ។ កីឡាករមាន៥នាក់  ទាត់ម្នាក់ម្តងក្នុង១នាក់ អាចទាត់ចូលបាន៣គ្រាប់ ដោយមួយគ្រាប់ទទួលបាន១០ពិន្ទុ៕
 
 

Tag:
 សីដក់
 មេដាយ
© រក្សាសិទ្ធិដោយ thmeythmey.com