ជាតិ
មន្ត្រីសង់ត្រាល់ប្រចាំថៃ៖ ៦ខែ ពលករជាង ២០០០នាក់ ត្រូវបានទាហានថៃ ឃាត់ខ្លួនតាមព្រំដែន
28, Jul 2022 , 6:59 pm        
រូបភាព
ពលករខ្មែរ ១៤នាក់ ត្រឡប់ពីថៃចូលកម្ពុជាវិញ តាមស្រុកសំពៅលូន។ រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។
ពលករខ្មែរ ១៤នាក់ ត្រឡប់ពីថៃចូលកម្ពុជាវិញ តាមស្រុកសំពៅលូន។ រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។
ដោយ៖ ញឹក សំអូន

រយៈពេល ៦ខែ ឆ្នាំ២០២២នេះ ពលករជាង ២០០០នាក់ ត្រូវបានទាហានថៃឃាត់ខ្លួន អំឡុងពេលដែលលួចឆ្លងដែនទៅធ្វើការនៅក្នុងប្រទេសថៃ។ នេះបើតាមលោក លឹង សុផុន មន្ត្រីសិទ្ធិការងារទទួលបន្ទុកផ្នែកពលករចំណាកស្រុករបស់អង្គការសង់ត្រាល់ប្រចាំប្រទេសថៃ។


លោក លឹង សុផុន បានឱ្យដឹងថា ពលករទៅធ្វើការនៅប្រទេសថៃមានច្រើន ខណៈពលករជាង ៧ម៉ឺននាក់ បានត្រឡប់មកមាតុភូមិកំណើតវិញ។ក្រៅពីពពលករចូលទៅធ្វើការស្របច្បាប់នោះ ក៏មានពលករឆ្លងដែនខុសច្បាប់នៅបន្តលួចលបចូលទឹកដីថៃដែរ។ 
 
បើតាមមន្រ្តីសិទ្ធិការងារនៃអង្គការសង់ត្រាល់រូបនេះ ពលករខុសច្បាប់ ភាគច្រើនធ្វើដំណើរតាមច្រកធម្មជាតិ ដូចជាតាមព្រៃ តាមជើងភ្នំ និងឆ្លងកាត់តាមតំបន់តម្រួតថៃជាដើម។ លោក សុផុន បន្ថែមថា ពលករខុសច្បាប់ខ្លះ បានធ្វើដំណើរទៅដល់គោលដៅ ហើយអ្នកខ្លះមិនបានទៅដល់គោលដៅឡើយ។
 
លោក លឹង សុផុន បានប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) តាមប្រព័ន្ធ WhatsApp បែបនេះ៖ «ចាប់ពីខែមករា រហូតដល់ខែមិថុនា ពលករចំណាកស្រុកជាង ២០០០នាក់ ដែលត្រូវបានតម្រួតថៃឃាត់ខ្លួននៅតាមច្រកតំបន់ព្រំដែន។ ពលករទាំងនោះភាគច្រើន ត្រូវបានបញ្ជូនមកកម្ពុជាវិញ»។
 
កន្លងមករដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីណែនាំ អប់រំ ជុំវិញពីផលប៉ះពាល់ ដែលពលករលួចឆ្លងដែនខុសច្បាប់ និងឱ្យបញ្ឈប់សកម្មភាពបែបនេះ។ ជាពិសេសណែនាំពួកគេឱ្យទៅធ្វើការនៅថៃតាមប្រព័ន្ធ MOU ផងដែរ។ នេះបើតាមលោក លឹង សុផុន។
 
សារព័ត៌មានថ្មីៗ បានទាក់ទងលោក ហេង សួរ ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមប្រព័ន្ធតេឡេក្រាម និងហៅតាមទូរស័ព្ទដែរ តែពុំមានការឆ្លើយតបនោះទេ។ 
 
លោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយដ្ឋានអន្តោប្រវេសន៍ បានប្រាប់សារព័ត៌មានថ្មីៗថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តែងតែណែនាំមន្រ្តីច្រកទ្វារព្រំដែន ពង្រឹងការគ្រប់គ្រង ជៀសវាងកុំឱ្យមានការលួចឆ្លងដែនខុសច្បាប់ ទាំងជនបរទេសចូលមកកម្ពុជា ទាំងពលរដ្ឋខ្មែរទៅក្រៅប្រទេស។ 
 
បើតាមលោក វណ្ណថន កន្លងមកមន្រ្តីអន្តោប្រវេសន៍ ក៏ឃាត់បានអ្នកឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់ តែលោកមិនបានលម្អិតតួលេខជាក់លាក់នោះទេ។
 
សូមជម្រាបថា ចាប់ពីខែមករា ដល់ចុងខែឧសភា ពលករដែលចូលទៅធ្វើការនៅប្រទេសថៃខុសច្បាប់ មានជិត ៣០០០នាក់ ។ចំណែកអ្នកទៅធ្វើការស្របច្បាប់តាមប្រព័ន្ធ MOU មានជាង ៣០០០នាក់។ ប៉ុន្តែបើធៀបនឹងអ្នកចេញចូលខុសច្បាប់ គឺមានចំនួនច្រើនជាងអ្នកស្របច្បាប់។ នេះបើតាមការលើកឡើងរបស់លោក លីង សុផុន៕
 

Tag:
 ពលករខ្មែរ
  ថៃ-កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com