អន្តរជាតិ
ប្រមុខWHO ជំរុញឱ្យបុរសកាត់បន្ថយការរួមភេទជាមួយដៃគូបុរសថ្មី ដើម្បីទប់ស្កាត់ជំងឺអុតស្វា
28, Jul 2022 , 8:29 pm        
រូបភាព
ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus។ រូបភាព៖ AFP
ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus។ រូបភាព៖ AFP
ដោយករណីឆ្លងជំងឺអុតស្វាបានកើនឡើងយ៉ាងខ្លាំង ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅថ្ងៃទី២៧ ខែកក្កដា បានជំរុញឱ្យបុរស កាត់បន្ថយការរួមភេទជាមួយដៃគូបុរសថ្មី ដើម្បីកាត់បន្ថយករណីឆ្លង។ ទន្ទឹមនេះ ប្រមុខអង្គការ WHO ក៏បានជំរុញដៃគូផ្លាស់ប្តូរព័ត៌មានលម្អិតជាមួយគ្នាផង។



 
អង្គការសុខភាពពិភពលោក នៅសប្តាហ៍មុន ប្រកាសចាត់ថ្នាក់ជំងឺអុតស្វាក្នុងសញ្ញាអាសន្នសុខភាពកម្រិតសកល ដែលជាកម្រិតអាសន្នកម្រិតខ្ពស់បំផុត ដោយជំងឺនេះអាចឆ្លងរាលដាលទៅមនុស្សទូទាំង​ពិភពលោក​។ បន្ថែមពីនេះ អគ្គនាយអង្គការ WHO លោក​Tedros Adhanom Ghebreyesus នៅថ្ងៃទី២៧ ខែកក្កដា បានបន្ថែមថា ករណីឆ្លងជំងឺអុតស្វាចំនួន ១៨០០០ករណី ត្រូវបានរាយការណ៍ពី ៧៨ប្រទេស ដោយក្នុងនោះ ៧៥ភាគរយ មាននៅអឺរ៉ុប និង២៥ភាគនៅអាហ្រ្វិក។​
 
ដើម្បីចូលរួមទប់ស្កាត់ករណីឆ្លងជំងឺអុតស្វា លោក Tedros បានអំពាវនាវឱ្យក្រុមមួយ ដែលរងផលប៉ះពាល់ពីវីរុសបង្កជាជំងឺអុតស្វា ជាពិសេសបុរស ដែលរួមភេទជាមួយបុរស កាត់បន្ថយដៃគូថ្មី។ 
 
«សម្រាប់បុរសដែលរួមភេទជាមួយបុរស ក្នុងរយៈពេលនេះគួរកាត់បន្ថយចំនួនដៃគូ ពិចារណាឡើងវិញចំពោះការរួមភេទជាមួយដៃគូថ្មី និងផ្លាស់ប្តូរព័ត៌មានលម្អិត ប្រសិនបើចាំបាច់»។ ប្រមុខអង្គការសុខភាពពិភពលោក បានសង្កត់ធ្ងន់បែបនេះ ដោយបន្តទទូចឱ្យប្រជាជនគ្រប់រូបការពារខ្លួន ព្រោះមនុស្សគ្រប់រូបសុទ្ធតែអាចឆ្លងជំងឺនេះ។ 
 
មិនតែប៉ុណ្ណោះ លោក Tedros ក៏បានប្រាប់ឱ្យប្រជាជនកុំរើសអើងអ្នកជំងឺអុតស្វាផង ព្រោះវាអាចបង្កឱ្យអ្នកជំងឺគេចវេសមិនទៅទទួលការព្យាបាល។ បើតាមលោក Tedros ពាក្យរើសអើង គឺដូចវីរុសដែរ និងអាចធ្វើឱ្យករណីឆ្លងផ្ទុះឡើងខ្លាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
 
យ៉ាងណាមិញ មកទល់ពេលនេះ អង្គការសុខភាពពិភពលោក មិនផ្តល់អនុសាសន៍ឱ្យផ្តល់វ៉ាក់សាំងទ្រង់ទ្រាយធំឡើយ ប៉ុន្តែប្រទេសទាំងអស់ គួរតែផ្តោតការចាក់វ៉ាក់សាំងដោយក្រុមងាយរងគ្រោះ ដូចជាគ្រូពេទ្យ និងបុគ្គលមានដៃគូរួមភេទច្រើន៕  
 

Tag:
 WHO
  អុតស្វា
© រក្សាសិទ្ធិដោយ thmeythmey.com