ជាតិ
កម្មវិធី​«មតិយើង» ត្រូវបានដាក់ឱ្យប្រើជាផ្លូវការ ដើម្បីឱ្យការផ្តល់សេវាសាធារណៈនៅកម្ពុជាកាន់តែ​ប្រសើរ
29, Jul 2022 , 7:59 am        
រូបភាព
​ភ្នំពេញ៖ អង្គការតម្លាភាពកម្ពុជា ​បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីទូរសព្ទដៃ «មតិយើង» ​​​ដើម្បីឱ្យពលរដ្ឋផ្តល់ព័ត៌មានត្រឡប់ ​ដាក់ពាក្យបណ្ដឹង និងវាយតម្លៃសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ដោយសម្ងាត់។ សហការផលិតឡើងដោយក្រសួងមហាផ្ទៃ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា កម្មវិធី«មតិយើង» ​មានគោលដៅចូលរួមចំណែកធ្វើឱ្យសេវាសាធារណៈនៅកម្ពុជា កាន់តែមានតម្លាភាព បរិយាប័ន្ន និងគណនេយ្យភាព​ ជាពិសេស​ឆ្លើយតបនឹងតម្រូវការយេនឌ័រ។

កម្មវិធីទូរសព្ទដៃ «មតិយើង» ដែលជាឧបករណ៍ថ្មីមួយ អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ផ្តល់មតិ យោបល់ និងដាក់ពាក្យបណ្ដឹង អំពីសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ក្នុងប្រទេសកម្ពុជា ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៨ កក្កដានេះ។ កម្មវិធី​«មតិយើង» ត្រូវបានសហការផលិតឡើងដោយក្រសួងមហាផ្ទៃ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា ដែលជាយន្តការសម្ងាត់ ងាយស្រួលប្រើ និងឥតគិតថ្លៃ សម្រាប់សាធារណជនក្នុងការដាក់បណ្ដឹង ស្វែងរកជំនួយ សាកសួរព័ត៌មាន និងវាយតម្លៃសេវាសាធារណៈ នៅតាមមូលដ្ឋានរបស់ខ្លួន។ គោលបំណង នៃការផលិតកម្មវិធីទូរស័ព្ទដៃនេះ គឺដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យសេវាសាធារណៈនៅកម្ពុជា កាន់តែមានតម្លាភាព បរិយាប័ន្ន និងគណនេយ្យភាពបន្ថែមទៀត ជាពិសេសសេវាសាធារណៈដែលឆ្លើយតបនឹងតម្រូវការយេនឌ័រ​​។ 
 

 លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (កណ្តាល) ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃ«មតិយើង» នៅថ្ងៃទី២៨កក្កដា ឆ្នាំ២០២២។ ©️Kimheang Tuon-TI Cambodia 
 
លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​ អង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីទូរស័ព្ទដៃ «មតិយើង» គឺជាការបោះជំហានដ៏សំខាន់មួយទៀត ឆ្ពោះទៅរកសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព នៅប្រទេសកម្ពុជា។ លោក ប៉ិច ពិសី មានប្រសាសន៍បន្ថែមដូច្នេះ៖« ដោយសារអត្រាខ្ពស់នៃការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ និងអ៊ីនធឺណិតនៅក្នុងប្រទេស ការផលិត និងអនុវត្តកម្មវិធីទូរស័ព្ទដៃនេះ គឺជាឱកាសដ៏ល្អប្រសើរជាងពេលណាៗទាំងអស់។ កម្មវិធីទូរស័ព្ទដៃនេះ នឹងផ្តល់ជូនប្រជាពលរដ្ឋ ជាពិសេសយុវជននូវវេទិកាដ៏ទំនើប ប៉ុន្តែសាមញ្ញ ងាយស្រួលប្រើក្នុងការប្រាស្រ័យ ទំនាក់ទំនងនូវកង្វល់ និងតម្រូវការរបស់ពួកគាត់ជាមួយនឹងអ្នកផ្តល់សេវាសាធារណៈ ដែលនឹងនាំឱ្យមានភាពប្រសើរឡើងនៃអភិបាលកិច្ចល្អ និងការផ្តល់សេវាសាធារណៈកាន់តែឆាប់រហ័ស និងប្រកបដោយគណនេយ្យភាពនៅក្នុងប្រទេស។»។ 
 
លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ បានចាត់ទុកការសម្ពោធដាក់ឱ្យប្រើប្រាស់​កម្មវិធីទូរស័ព្ទដៃនេះ គឺជាការរួមចំណែកមួយនៅក្នុងការលើកកម្ពស់ និងជំរុញការអនុវត្តប្រព័ន្ធរដ្ឋបាលសាធារណៈ ឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងភាពឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ សម្រាប់ លោក ងី ច័ន្ទ្រផល ការទទួលបានមតិ យោបល់របស់ប្រជាពលរដ្ឋ អំពីការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិនេះ ​នឹងអាចជួយឱ្យការផ្តល់សេវាសាធារណៈ ​ន់តែមានភាពល្អប្រសើរ​។
 

 លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  ផ្តល់សម្ភាសដល់អ្នកសារព័ត៌មាន ក្នុងពិធីដាក់សម្ពោធកម្មវិធីទូរសព្ទ«មតិយើង» នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ 
 
 
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធី«មតិយើង»នៅថ្ងៃនេះ  លោក ស៊ វរិន អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងជាអគ្គនាយករងអគ្គនាយដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការរៀបចំកម្មវិធីទូរសព្ទដៃនេះ​ គឺជាការផ្តល់នូវជម្រើសថ្មីបន្ថែមទៀត ​ដល់ប្រជាពលរដ្ឋ​ ទៅលើមធ្យោបាយដែលមានស្រាប់ ក្នុងការផ្តល់ព័ត៌មាន ឬការដាក់ពាក្យបណ្តឹងតវ៉ានានា ដែលមានដូចជាប្រអប់សំបុត្រ ការជួបផ្ទាល់នៅការិយាល័យប្រជាពលរដ្ឋ ​ និងតាមបណ្តាញសង្គមនានាជាដើម។ «កម្មវិធីនេះនឹងផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ ក្នុងការទទួលព័ត៌មាន ការដាក់ពាក្យបណ្តឹង ចំពោះការមិនពេញចិត្តការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងអាចផ្តល់មតិយោបល់ កែលម្អនានាចំពោះការសេវាផងដែរ។»។ លោក ស៊ វរិន បញ្ជាក់បន្ថែមដូច្នេះ។ 
 


លោក ស៊ វរិន អនុប្រធានលេខាធិការដ្ឋាន​គ.ជ.អ.ប និងជាអគ្គនាយករងអគ្គនាយដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ក្នុងពិធីដាក់សម្ពោធកម្មវិធីទូរសព្ទ«មតិយើង» នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។​ ©️Kimheang Tuon-TI Cambodia​​ 
 
​ស្របពេលដែល យន្តការដោះស្រាយលើបណ្តឹងរបស់ពលរដ្ឋ តាមរយៈកម្មវិធីថ្មីនេះនៅមិនទាន់មានការសិក្សា វាយតម្លៃជាក់លាក់នៅឡើយនោះ ​ លោក ស៊ វរិន ស្នើឱ្យក្រុមការងារបច្ចេកទេស និងអ្នកពាក់ព័ន្ធ បន្តសហការគ្នាដើម្បីពន្លឿនយន្តការ វាយតម្លៃដំណើរការដោះស្រាយបញ្ហាជូនពលរដ្ឋ ​ដើម្បីឈានទៅពង្រីកតំបន់គោលដៅ​អនុវត្តកម្មវិធីនេះ នៅថ្ងៃអនាគត។ ទន្ទឹមនឹងនេះ អគ្គនាយករងអគ្គនាយដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ក៏ស្នើឱ្យមានការពន្លឿន ការពិភាក្សាអំពីការផ្ទេរបច្ចេកវិទ្យា នៃការគ្រប់គ្រងកម្មវិធីទូរសព្ទដៃ«មតិយើង»​ដើម្បីធានានិរន្តរភាព នៅពេលដែលគម្រោងត្រូវបានបញ្ចប់ផងដែរ។ 
 
សូមជម្រាបថា កម្មវិធីទូរស័ព្ទដៃ «មតិយើង» គឺជាផ្នែកមួយនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប និងរដ្ឋាភិបាលប្រទេសស៊ុយអែត ដើម្បីជួយសម្របសម្រួលក្នុងការប្រមូលព័ត៌មានត្រឡប់របស់ប្រជាពលរដ្ឋ និងការឆ្លើយតបរបស់អ្នកផ្តល់សេវាសាធារណៈ ដែលនឹងលើកកម្ពស់អភិបាលកិច្ចថ្នាក់មូលដ្ឋាន និងការផ្ដល់សេវាសាធារណៈប្រកបដោយគណនេយ្យភាព និងឆ្លើយតបតាមតម្រូវការយេនឌ័រ។ 
 


©️Kimheang Tuon-TI Cambodia
គិតត្រឹមដើមឆ្នាំ២០២២ កំណែចុងក្រោយនៃកម្មវិធីទូរស័ព្ទដៃ «មតិយើង» ត្រូវបានផលិតឡើង និងដាក់ឱ្យប្រើប្រាស់សាកល្បងដោយជោគជ័យ នៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងតំបន់គោលដៅនៃគម្រោង នៃប្រទេសកម្ពុជា​ រួមមាន៖ អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់រាជធានី/ខេត្តចំនួន៣ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់ក្រុង/ស្រុកចំនួន៨ និងរដ្ឋបាលឃុំ/សង្កាត់ចំនួន៣០។ ស្ថាប័នទាំង៣ បាននិងកំពុងធ្វើការរួមគ្នា ដើម្បីពង្រឹងសមត្ថភាពមន្ត្រី​​សាធារណៈ របស់ក្រសួងមហាផ្ទៃ និងមន្ត្រីផ្តល់សេវាថ្នាក់ក្រោមជាតិ នៅតាមអង្គភាព/ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ព្រមទាំងរដ្ឋបាលឃុំ-សង្កាត់ ក្នុងតំបន់គោលដៅ ទៅលើការផ្ដល់សេវាសាធារណៈ ដែលប្រកបដោយគណនេយ្យភាព និងឆ្លើយតបតាមតម្រូវការយេនឌ័រ ព្រមទាំងការកសាងសមត្ថភាពរបស់យុវជន ជាពិសេសស្ត្រីវ័យក្មេង និងផ្តល់វេទិកាឱ្យពួកគេ បានចូលរួមក្នុងកិច្ចសន្ទនា និងការតាមដានការផ្តល់សេវាសាធារណៈនៅតាមតំបន់គោលដៅរបស់គម្រោងផងដែរ។ 
 
ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះ ក៏ផ្តល់អាទិភាពចំពោះការរៀបចំឱ្យមាននូវ​កិច្ចពិភា​ក្សា​ពហុភាគីនៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដើម្បីដោះស្រាយកង្វល់ និងមតិយោបល់របស់ប្រជាពលរដ្ឋលើការផ្តល់សេវាសាធារណៈ និងសម្រួលដល់ការឆ្លើយតបគោលនយោបាយទៀតផង៕
 
 
 

Tag:
 សេវាសាធារណៈ
  មតិយើង
  តម្លាភាព
  អាក់សិនអេត
  គណនេយ្យភាព
© រក្សាសិទ្ធិដោយ thmeythmey.com