ជាតិ
សង្គមជាតិ
អតីតបុគ្គលិកណាហ្គាវើលដ៏ ២២០នាក់ហើយ ព្រមទទួលយកសំណង
28, Jul 2022 , 6:39 pm        
រូបភាព
 ការតវ៉ារបស់ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏។ រូបពី ឡាយ សុភាវតី
ការតវ៉ារបស់ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏។ រូបពី ឡាយ សុភាវតី
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ៥រូបបន្ថែមទៀត យល់ព្រមទទួលយកសំណងពីភាគីក្រុមហ៊ុន ដើម្បីបញ្ចប់ការងារដោយស្របតាមច្បាប់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ចេញថ្ងៃទី២៨ កក្កដា។

 
មន្ត្រីអ្នកជំនាញក្រសួងការងារ បានផ្ទៀងផ្ទាត់ទូទាត់ ប្រាក់បំណាច់កិច្ចសន្យាការងារ ដល់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ចំនួន៥នាក់បន្ថែមទៀតហើយ។ បើតាមក្រសួងការងារ អតីតបុគ្គលិកណាហ្គាវើលដ៏ នៅសល់តែ ១៥៣​នាក់ទៀតបុណ្ណោះ ដែលមិនទាន់យល់ព្រមសំណង។ 
 
សេចក្ដីប្រកាសដដែលបានសរសេរយ៉ាងដូច្នេះថា៖« អតីតបុគ្គលិក៥រូប បន្ថែមទៀត ក្នុងចំណោមអតីតបុគ្គលិក ដែលមិនទាន់ឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា បានមកទទួលយកដំណោះស្រាយ»។ 
 
បច្ចុប្បន្នមានអតីតបុគ្គលិកណាហ្គាវើលដ៏២២០រូប ក្នុងចំណោម៣៧៣រូប បានយល់ព្រមទទួលយកសំណង។ សម្រាប់ខែកក្កដានេះ មានអតីតបុគ្គលិកណាហ្គាវើលដ៍ ១៥នាក់ ទើបយល់ព្រមទទួលសំណង ។
 
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ សុំមិនអត្ថាធិប្បាយជុំវិញសំនួររបស់សារព័ត៌មានថ្មីៗ ចំពោះការសម្រេចចិត្តរបស់អតីតបុគ្គលិកណាហ្គាវើលដ៏ទាំង៥នាក់ ដែលយល់ព្រមទទួលយកសំណងនេះឡើយ។ 
 
សូមរម្លឹកថា ក្រុមហ៊ុនណាហ្គាវើលដ៍បានប្រកាសបញ្ឈប់បុគ្គលិកជាង១៣០០នាក់ នាអំឡុងចុងខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនណាហ្គាវើលដ៍។ បុគ្គលិករាប់រយនាក់ដែលមិនពេញចិត្តនឹងការបញ្ឈប់នេះ បានចុះផ្លូវតវ៉ា ចាប់តាំងពីថ្ងៃទី១៨ធ្នូ ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន។ ពួកគេទាមទារ ឲ្យភាគីក្រុមហ៊ុន ទទួលយកបុគ្គលិកជាង ៣៧៣នាក់ចូលធ្វើការវិញ។ យ៉ាងណា ការតវ៉ាជាច្រើនលើកនោះ ពុំទទួលបានផ្លែផ្កាឡើយ ហើយថែមទាំងមានការចាប់ខ្លួនក្រុមអ្នកតវ៉ាជាបន្តបន្ទាប់។ ប៉ុន្តែក្រោយមកក៏ដោះលែងវិញ៕ 
 
  
 

Tag:
 អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏
© រក្សាសិទ្ធិដោយ thmeythmey.com