កីឡាជាតិ
ជាតិ
អគ្គលេខាសហព័ន្ធវ៉ូវីណាមកម្ពុជា ៖ ទោះឈ្នះមេដាយច្រើន តែពុំទាន់ល្អគ្រប់គ្រាន់
29, Jul 2022 , 10:59 pm        
រូបភាព
លោក យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាម ក្នុងសន្និបាតបូសរុបលទ្ធផលឆមាសទី១(រូបពីសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា)
លោក យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាម ក្នុងសន្និបាតបូសរុបលទ្ធផលឆមាសទី១(រូបពីសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា)
ដោយ៖ហៀក ឆក
 
ទោះកីឡាវ៉ូវីណាម ឈ្នះមេដាយសរុបច្រើន តែពុំទាន់ល្អគ្រប់គ្រាន់។ នេះបើតាមការបញ្ជាក់ពីលោក យ៉ាំ ថៃសាន​ អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ថ្លែងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងឆមាសទី១ ឆ្នាំ២០២២ លើកទិសដៅឆមាសទី២ ឆ្នាំ២០២២-២០២៣ នាថ្ងៃទី២៩ កក្កដា។



លោក យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមប្រាប់សារព័ត៌មានថ្មីៗថា កម្ពុជា មិនទាន់ល្អគ្រាប់គ្រាន់ឡើយ ទោះបីឈ្នះមេដាយច្រើន នៅក្នុងស៊ីហ្គេមលើកទី៣១ នៅវៀតណាមក្តី។
 
«យើងបានដកពិសោធន៍ពីស៊ីហ្គេមលើកទី៣១ លើចំនុចខ្លាំងនិងចំនុចខ្សោយ របស់យើង ដើម្បីឆ្ពោះទៅស៊ីហ្គេម២០២៣ ទាំងការរៀបចំធនធានកីឡាករគ្រូបង្វឹក មន្ត្រីបច្ចេកទេស ការរៀបចំយុទ្ធសាស្ត្រដណ្តើមមេដាយ (វិញ្ញាសា បទបញ្ជាការប្រកួត)។ គ្រប់គ្នាយល់ស្របថា លទ្ធផលពីស៊ីហ្គេមលើកទី៣១ នៅពុំទាន់ល្អគ្រប់គ្រាន់តាមអ្វីដែលសហព័ន្ធចង់បាននៅឡើយ»។ លោក អគ្គលេខាធិការប្រាប់ដូច្នេះ។
  

ប្រធាន សមាជិក នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក្នុងពិធីសន្និបាតបូសរុបលទ្ធផលឆមាសទី១(រូបពីសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា)

ជាមួយគ្នានេះ សហព័ន្ធ បានជំរុញឱ្យកីឡាករ កីឡាការិនី ប្រឹងប្រែងហ្វឹកហាត់ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីសម្រេចបានមេដាយ តាមផែនការគ្រោងទុក នាការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
 
គួរំឭកថា ស៊ីហ្គេមលើកទី៣១ កីឡាវ៉ូវីណាមសម្រេចបានមេដាយមាស៣ ប្រាក់២ និងសំរិទ្ធ៩ ក្នុងចំណោម ១៥វិញ្ញាសាដែលបានបញ្ជូនទទៅ៕
 

Tag:
 កីឡាវ៉ូវីណាម
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com