កីឡាជាតិ
ជាតិ
ប្រវត្តិ និងចំណុចសំខាន់ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម
30, Jul 2022 , 10:00 am        
រូបភាព
ប្រតិភូសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ថតជុំគ្នាបន្ទាប់ពីកិច្ចប្រជុំ នៅសណ្ឋាគារសុខា កាលពីថ្ងៃទី១១ ដល់១៣ កក្កដា ២០២២។ រូបពី APSF
ប្រតិភូសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ថតជុំគ្នាបន្ទាប់ពីកិច្ចប្រជុំ នៅសណ្ឋាគារសុខា កាលពីថ្ងៃទី១១ ដល់១៣ កក្កដា ២០២២។ រូបពី APSF
លោក Zainal Abu Zarin ស្ថាបនិក និងជាប្រធាននៃក្រុមប្រឹក្សាប៉ារ៉ាឡាំពិកម៉ាឡេស៊ី ដែលបានបំផុសគំនិតពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ក្នុងកិច្ចប្រជុំមួយ (Malaysian Paralympiad) នៅទីក្រុងកូឡាឡាំពួរ នាខែឧសភា ឆ្នាំ២០០០។ កិច្ចប្រជុំនោះ មានការចូលរួមពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ អាស៊ានប៉ារ៉ាហ្គេម បង្កើតឡើងក្នុងគោលដៅ ពង្រឹងចំណងមិត្តភាព សាមគ្គីភាព រវាងជាតិសាសន៍ក្នុងតំបន់ ។ ជាពិសេសការលើកទឹកចិត្តជនពិការ ឲ្យចូលរួមក្នុងសកម្មភាពសង្គម តាមរយៈកីឡា។


១០ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បានយល់ស្របក្នុងការបង្កើតការប្រកួតអាស៊ានប៉ារ៉ាហ្គេម (Asean Para Games)។ ១០ប្រទេស ជាស្ថាបនិកបង្កើតព្រឹត្តិការណ៍នោះ រួមមាន កម្ពុជា, ព្រុយណេ, មីយ៉ាន់ម៉ា, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, ថៃ និង វៀតណាម។ 
 
នាថ្ងៃទី២៨ មេសា ឆ្នាំ២០០១ ប្រទេសទាំងអស់ យល់ស្របធ្វើព្រឹត្តិការណ៍នេះ ២ឆ្នាំម្ដង បន្ទាប់ពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម (Southeast Asean Games ឬ Sea Games)។ នោះ មានន័យថា ប្រទេសដែលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ក៏ត្រូវរ៉ាប់រងធ្វើជាម្ចាស់ផ្ទះការប្រកួតអាស៊ានប៉ារ៉ាហ្គេមផងដែរ បន្ទាប់ពីរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម រួចរាល់។
 
អមជាមួយព្រឹត្តិការណ៍កីឡាជនពិការនេះ សមាជិកអាស៊ានទាំងអស់ ក៏បានបង្កើតសហព័ន្ធកីឡាអាស៊ានប៉ារ៉ា (Asean Para Sports Federation ឬ APSF) ដើម្បីត្រួតពិនិត្យ និងជួយសម្រួលដល់កិច្ចការរដ្ឋបាលក្នុងការរៀបចំការប្រកួត និងនីតិវិធីកីឡាជនពិការផ្សេងៗ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០១។ យោងទៅលើការផ្សាយលើគេហទំព័ររបស់ APSF លោក Zainal Abu Zarin ត្រូវបានជ្រើសជាប្រធានអាណត្ដិទី១ រហូតដល់ឆ្នាំ២០១៥ ទើបលោក Osoth Bhavilai គណៈកម្មាធិការប៉ារ៉ាឡាំពិកជាតិថៃ កាន់តំណែងបន្ដ។
 
តាមគេហទំព័រផ្លូវការ សហព័ន្ធកីឡាអាស៊ានប៉ារ៉ា បានដាក់គោលដៅ៦ចំណុច ដូចជា៖
១- សហព័ន្ធ ជួយពង្រឹង​ និងជំរុញនូវការអនុវត្ត សកម្មភាពកីឡាដល់ជនពិការភាព ដោយមិនមានការរើសអើង។
 
២- សហព័ន្ធ ជួយពង្រឹង និងជំរុញឲ្យមាន កម្មវិធីអប់រំ ស្រាវជ្រាវ ការអភិវឌ្ឍ សកម្មភាពអប់រំពីក្បួនច្បាប់កីឡា និងការថែរក្សាសុខភាព។
 
៣- សហព័ន្ធ ជួយពង្រឹងបន្ថែម នូវចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព តាមរយៈសកម្មភាពកីឡារបស់ជនពិការ។
 
៤- សហព័ន្ធ រៀបចំការប្រកួតរបស់ខ្លួន បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម ដែលនេះជាគោលដៅមួយ ក្នុងការបង្កើត APSF។
 
៥- សហព័ន្ធ រៀបចំការប្រកួត និងព្រឹត្តិការណ៍ផ្សេងៗទៀត ដែលទាក់ទងទៅនិងការអភិវឌ្ឍបច្ចេកទេស គម្រោង និងវិទ្យាសាស្ដ្រកីឡា។
 
៦- សហព័ន្ធ បង្កើតឡើង ដើម្បីទទួលបានបច្ចេកវិទ្យាព័ត៌មាន សម្រាប់ពង្រឹងបន្ថែមទៀតនូវគោលបំណង និងគោលដៅរបស់សហព័ន្ធ APSF។
 
ការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១ នៅប្រទេសម៉ាឡេស៊ី នាឆ្នាំ២០០១ ដែលមានអត្ដពលិកជាង៦០០នាក់ចូលរួម ពីបណ្ដាលប្រទេស១០ ជាសមាជិកអាស៊ាន។ ដោយឡែក ទីម័រខាងកើត បានចូលរួមប្រកួត​ ចាប់ពីឆ្នាំ២០០៣ ដែលជាព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី២ នៅប្រទេសវៀតណាម។  ក្នុងចំណោមប្រទេសទាំង១០ ដែលជាស្ថាបនិកនោះ គឺមានកម្ពុជា ព្រុយណេ និងឡាវ មិនទាន់បានធ្វើជាម្ចាសផ្ទះនៅឡើយទេ។ ដោយឡែក កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីចប់ការប្រកួតស៊ីហ្គេមលើកទី៣២ ដែលធ្វើឡើងចាប់ពីថ្ងៃទី៥ ខែ១៧ ខែឧសភា ឆ្នាំ២០២៣៕
 

Tag:
 អាស៊ាន
  អាស៊ានប៉ារ៉ាហ្គេម
  Asean
  Asean Para Games
© រក្សាសិទ្ធិដោយ thmeythmey.com