កីឡាជាតិ
ជាតិ
មេដាយសរុប ៩២៤គ្រឿង ត្រៀមសម្រាប់អត្ដពលិកបារ៉ាហ្គេមនៅឥណ្ឌូណេស៊ី
30, Jul 2022 , 11:00 am        
រូបភាព
ការទៅដល់ប្រទេសឥណ្ឌូណេស៊ី របស់ប្រតិភូកីឡាប៉ារ៉ាឡាំពិក ពីបណ្ដារប្រទេសចូលរួម រូបពី APSF
ការទៅដល់ប្រទេសឥណ្ឌូណេស៊ី របស់ប្រតិភូកីឡាប៉ារ៉ាឡាំពិក ពីបណ្ដារប្រទេសចូលរួម រូបពី APSF
ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ដាក់១៤ប្រភេទកីឡាសម្រាប់ប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ដោយត្រៀមមេដាយ៩២៤គ្រឿង ដល់អត្ដពលិក ។ អត្ដពលិក មកពីបណ្ដា១១ប្រទេស ក្នុងតំបន់អាស៊ានសរុបចំនួន ១២៨៥នាក់។


យោងតាមការផ្សាយរបស់សហព័ន្ធកីឡាអាស៊ានប៉ារ៉ា (Asean Para Sports Federation ហៅកាត់ថា APSF) កាលពីថ្ងៃទី៥ កក្កដាកន្លងទៅ អត្ដពលិក ជាង១៣០០នាក់ នឹងចូលរួមប្រកួតលើ១៤ប្រភេទកីឡា។ ក្នុងនោះ ម្ចាស់ផ្ទះ មានអត្ដពលិក ៣២១នាក់ ច្រើនជាងគេ ហើយតាមពីក្រោយ ដោយអត្ដពលិកថៃ ចំនួន៣១២នាក់ ។ ក្រៅពីនោះ ហ្វីលីពីន១៤៤នាក់, វៀតណាម ១២៦នាក់, កម្ពុជា ១១៣នាក់, ម៉ាឡេស៊ី ៨៩នាក់, មីយ៉ាន់ម៉ា ៦៩នាក់, ឡាវ ៣៧នាក់, សិង្ហបុរី ៤៤នាក់ ។ ចំណែកព្រុយណេ និង ទីម័រខាងកើត មាន ១៥នាក់ដូចគ្នា។
 
ម្ចាស់ផ្ទះបានត្រៀមមេដាយ ចំនួន៩២៤គ្រឿង សម្រាប់អត្ដពលិក ប្រកួតប្រជែង។ ក្នុងចំណោមមេដាយសរុបទាំងនោះ កីឡាអត្ដពលកម្ម មានចំនួនមេដាយ១៤៥គ្រឿង ច្រើនជាងគេ និងតាមពីក្រោយដោយកីឡាហែលទឹក មេដាយចំនួន១១៨គ្រឿង, វាយកូនឃ្លីលើតុ ៥២គ្រឿង, លើកទម្ងន់ ៣៨គ្រឿង...។ល។ នេះ បើយោងតាមការផ្សាយលើហ្វេសប៊ុក APSF នាថ្ងៃទី២៧ ខែកក្កដានេះ។
 
ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ បានចាប់ផ្ដើមសារជាថ្មី ក្រោយពីខកខានជាង៤ឆ្នាំ បន្ទាប់ពីប្រកួតចុងក្រោយ នៅឆ្នាំ២០១៧ នាទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។ ការប្រកួតនៅឆ្នាំ២០១៩ នៅទីក្រុង Manila ប្រទេសហ្វីលីពីន និង ឆ្នាំ២០២១ នៅទីក្រុង Hanoi ប្រទេសវៀតណាម ត្រូវបានរាំងស្ទះ ដោយសារបញ្ហាកូវីដ-១៩។
 
កម្ពុជា ចាត់ទុកការប្រកួតនៅឥណ្ឌូណេស៊ី មានសារសំខាន់ណាស់ សម្រាប់ខ្លួន ដែលត្រៀមធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៣ នាអំឡុងខែមិថុនា ដើម្បីដកស្រង់បច្ចេកទេសរៀបចំការប្រកួត។ ឥណ្ឌូណេស៊ី ជាប្រទេសដែលមានបទពិសោធន៍ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាជនពិការ ជាពិសេស ការធ្វើជាម្ចាស់ផ្ទះអាស៊ីប៉ារ៉ាហ្គេម លើកទី៣ កាលពីឆ្នាំ២០០៨ ដោយមាន៤៣ប្រទេស ក្នុងតំបន់អាស៊ីចូលរួម៕
 

Tag:
 អាស៊ានប៉ារ៉ាហ្គេម
  Asean Para Games
© រក្សាសិទ្ធិដោយ thmeythmey.com