អន្តរជាតិ
ប្រមុខការទូតចិន ថ្កោសទោសការចោទប្រកាន់ជុំវិញការចាប់បង្ខំកម្លាំងពលកម្មនៅតំបន់ស៊ីនជាំង
30, Jul 2022 , 10:30 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី។ រូបភាព៖ Xinhua
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី។ រូបភាព៖ Xinhua
រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី នៅថ្ងៃទី២៩ ខែកក្កដា បានថ្កោលទោសយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតដោយប្រទេសមួយចំនួន ដែលចោទថាមានការចាប់បង្ខំកម្លាំងពលកម្មនៅតំបន់ស៊ីនជាំង។ ការថ្កោសទោសនេះ ធ្វើឡើងបន្ទាប់ពីអាម៉េរិក បន្តដាក់ចិនក្នុងបញ្ជីខ្មៅ ដោយសារបញ្ហាសិទ្ធិមនុស្សនៅតំបន់មួយនេះ។

 
កន្លងមកអាម៉េរិក និងសម្ព័ន្ធមិត្តបានចោទចិនថា បានឃុំខ្លួន និងធ្វើទុកបុកម្នេញជនជាតិភាគតិចវីហ្គ័រ រួមទាំងជនជាតិភាគតិចផ្សេងទៀត នៅក្នុងតំបន់ស្វយ័តស៊ីនជាំង។ បញ្ហានេះ បានធ្វើឱ្យប្រទេសលោកខាងលិច រួមទាំងអាម៉េរិក រិះគន់យ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ អាម៉េរិក បានអនុម័តច្បាប់ហាមឃាត់នាំចូលទំនិញមកពីតំបន់ស៊ីនជាំងថែមទៀត ប្រសិនបើមានពាក់ព័ន្ធនឹងការចាប់បង្ខំកម្លាំងពលកម្ម។​
 
ពីកិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការក្រុងសៀងហៃ (SCO) នៅអ៊ូសបេគីស្ថាន លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានកត់សម្គាល់ថា ប្រទេសមួយចំនួនក្នុងពេលថ្មីៗនេះ នៅតែបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ជុំវិញការចាប់បង្ខំកម្លាំងពលកម្មនៅតំបន់ស៊ីនជាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។  
 
បើទោះមិនសំដៅដល់ប្រទេសណាមួយ ប៉ុន្តែប្រមុខការទូតចិនរូបនេះ ទំនងសំដៅដល់អាម៉េរិក និងសម្ព័ន្ធមិត្ត ដែលបន្តដាក់ចិន ក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស និងចាប់បង្ខំកម្លាំងពលកម្មនៅតំបន់ស៊ីនជាំង។ 
 
ត្រង់ចំណុចនេះ លោកវ៉ាង បានយល់ឃើញថា ការប៉ុនប៉ង ដែលជ្រកក្រោមហេតុផលសិទ្ធិមនុស្ស ជាការពិតមានបំណងបំផ្លាញវិបុលភាព ស្ថិរភាពនៅក្នុងតំបន់ស៊ីនជាំង និងកៀបការអភិវឌ្ឍ និងការស្តារសេដ្ឋកិច្ចឡើងវិញរបស់ចិន។ បើតាមលោកវ៉ាង រាល់ប្រជាជនភាគតិចទាំងអស់ នឹងមិនត្រូវអនុញ្ញាតឱ្យប្រឈមបញ្ហាទាំងនោះឡើយ ហើយប្រជាជនចិន ក៏មិនឯកភាពលើការចាប់បង្ខំកម្លាំងពលកម្មក្នុងប្រទេសដែរ។ 
 
ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសចិន បានជំរុញឱ្យសមាជិកអង្គការ SCO ត្រូវគាំទ្រគ្នាទៅវិញទៅមកដើម្បីការអភិវឌ្ឍ ដែលស្របនឹងលក្ខខណ្ឌជាតិ រួមទាំងចាត់វិធានការការពារស្ថិរភាពសង្គម ក៏ដូចជាសហការការពារការអភិវឌ្ឍក្នុងតំបន់៕ 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com