ជាតិ
ក្រសួងការងារ នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីបរិយាបន្នការងារសម្រាប់យុវជនមានពិការភាព
30, Jul 2022 , 11:00 pm        
រូបភាព
(រូបតំណាង) ព្រឹត្តិការណ៍ជិះកង់ ដើម្បីកាកបាទក្រហមកម្ពុជាលើកទី១ ឆ្នាំ២០២០ ក្នុងខេត្តសៀមរាប។ រូបភាពរដ្ឋបាលខេត្តសៀមរាប។
(រូបតំណាង) ព្រឹត្តិការណ៍ជិះកង់ ដើម្បីកាកបាទក្រហមកម្ពុជាលើកទី១ ឆ្នាំ២០២០ ក្នុងខេត្តសៀមរាប។ រូបភាពរដ្ឋបាលខេត្តសៀមរាប។
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងរៀបចំព្រឹត្តិការណ៍ជិះកង់ នៅថ្ងៃទី៦ ខែសីហា ដើម្បីអបអរសាទរ ទិវាយុវជនអន្តរជាតិឆ្នាំ២០២២។ ព្រឹត្តិការណ៍ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ជិះកង់ដើម្បីការងារសមរម្យ និងបរិយាបន្នសម្រាប់យុវជនមានពិការភាព»។


ព្រឹត្តិការណ៍ជិះកង់នេះ ធ្វើឡើងក្នុងគោលបំណងចម្បង​ចំនួន២ ទី១ ដើម្បីរំឭកដល់ទិវាយុវជនអន្តរជាតិឆ្នាំ២០២២ និងទី២ លើកកម្ពស់ចំណាប់អារម្មណ៍ និងការយកចិត្តទុកដាក់ពីអ្នកពាក់ព័ន្ធសំខាន់ៗ ក្នុងការគាំទ្រ សម្របសម្រួល បង្កើតការងារសមរម្យ និងបរិយាបន្ន សម្រាប់យុវជនមានពិការភាព។
 
ក្នុងព្រឹត្តិការណ៍នេះ ក្រសួងការងារគ្រោងរៀបចំអ្នកជិះកង់ ៣០០នាក់ ដោយអ្នកចូលរួមត្រូវប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន។ ចំពោះទីតាំង គឺស្ថិតនៅខាងមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ វេលាម៉ោង៥ព្រឹក។ ការជិះកង់នេះ មានចម្ងាយ២០គីឡូម៉ែត្រ និង៣៥គីឡូម៉ែត្រ សម្រាប់អ្នកចូលរួមទូទៅ និងចម្ងាយ ១គីឡូម៉ែត្រ សម្រាប់ជនមានពិការភាព។
 
សម្រាប់លោក អ្នកនាង ដែលមានបំណងចុះ​ឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់ខាងលើនេះ អាចចូលទៅកាន់ទំព័រហ្វេសប៊ុក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬតាមរយៈតំណភ្ជាប់ https://www.facebook.com/
 

© រក្សាសិទ្ធិដោយ thmeythmey.com