កីឡាជាតិ
ជាតិ
សៀមរាបអេហ្វស៊ី ប្ដេជ្ញាផ្ដល់បរាជ័យលើកដំបូងឲ្យ អគ្គសនីកម្ពុជា
31, Jul 2022 , 9:30 am        
រូបភាព
ក្រុមអគ្គីសនីកម្ពុជា ក្នុងការប្រកួតជាមួយ ណិចស្ដិប។ រូបពីក្លិបអគ្គីសនីកម្ពុជា
ក្រុមអគ្គីសនីកម្ពុជា ក្នុងការប្រកួតជាមួយ ណិចស្ដិប។ រូបពីក្លិបអគ្គីសនីកម្ពុជា
អគ្គីសនីកម្ពុជា គឺជាក្រុមតែមួយគត់ នៅក្នុងលីគ២ ដែលមិនទាន់ចាញ់សោះក្នុងការប្រកួត ១២សប្ដាហ៍កន្លងទៅ។ អគ្គីសនីកម្ពុជា នឹងត្រូវប្រកួតជាមួយ សៀមរាបអេហ្វស៊ី នៅសប្ដាហ៍១៣ នាថ្ងៃទី៣១ ខែកក្កដា ។ លោក Blaed Perkins ប្រធានក្លិបសៀមរាបអេហ្វស៊ី ថា ក្រុមខ្លួន អាចមានលទ្ធភាពនាំឲ្យ អគ្គីសនីកម្ពុជា បរាជ័យលើកដំបូងបានក្នុងលីគ២។


អគ្គីសនីកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលក្រុមភ្ញៀវ​ សៀមរាបអេហ្វស៊ី សម្រាបប្រកួត នៅទីលាន EDC។ ចំពោះការត្រៀមខ្លួនបែបនោះ សារព័ត៌មានថ្មីៗ មិនបានទទួលការបញ្ជាក់ពីក្លិបទេ ដោយគ្រូបង្វឹកក្លិបកំពុងមមាញឹកជាមួយក្រុម។ 
 
ដោយឡែក លោក Blaed Perkins បានប្រាប់សារព័ត៌មានថ្មីៗថា ក្រុមសៀមរាប បានត្រៀមខ្លួនបានយ៉ាងល្អ។ ជាមួយនិងបទពិសោធន៍ធ្លាប់ចាញ់ អគ្គីសនីកម្ពុជា ២លើកផងដែរនោះ ប្រធានក្លិបរូបនេះ ប្ដេជ្ញាយកឈ្នះម្ចាស់ផ្ទះវិញ។ «យើង ស្គាល់សមត្ថភាពកីឡាករគេ ហើយត្រៀមខ្លួនរួចអស់ហើយ សម្រាប់ប្រកួតសប្ដាហ៍នេះ។ ការប្រកួតជើងទីមួយ យើងមានកំហុស និងភាពខ្វះខាតខ្លះៗ តែពេលនេះយើងបានត្រៀមខ្លួនយ៉ាងម៉ត់ចត់។»។ លោក Blaed Perkins បានប្រាប់ដូច្នេះ។
 
នាវេលាម៉ោង ៣:៤៥រសៀល ថ្ងៃទី៣១ ខែកក្កដា មាន៤គូផ្សេងទៀត ប្រកួតក្នុងពេលដំណាលគ្នា។ សាលាកីឡាបាល់ទាត់ជាតិបាទី ត្រូវទទួល ព្រៃវែងអេហ្វី នៅទីលានសាលាកីឡាបាល់ទាត់ជាតិបាទី។ កោះកុង ជួបជាមួយ បន្ទាយមានជ័យ នៅទីលានវិទ្យាល័យតេជោសែន កោះកុង។ នៅ AEU Sport Park អាស៊ីអ៊ឺរ៉ុបយូណាយធីត ត្រូវស្វាគមន៍ នគរបាលជាតិ ស្របពេល សូលទីឡូអង្គរ ប៉ះ ISI ដង្កោសែនជ័យ កីឡដ្ឋានហនុមាន។ ដោយឡែក នៅកីឡដ្ឋានហនុមាន នាវេលាម៉ោង ៦:០០រសៀល ណិចស្ដិប ប្រកួតជាមួយ ខេត្ដត្បូងឃ្មុំ៕
 

Tag:
 បាល់ទាត់
  League 2
© រក្សាសិទ្ធិដោយ thmeythmey.com