កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន កោតសរសើរកីឡាករសំ យូដេត និងវ៉ា មិថុនា ក្រោយឈ្នះមេដាយមាសនៅហូឡង់
31, Jul 2022 , 10:01 am        
រូបភាព
សម្តេច ហ៊ុន សែន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអាស៊ានប៉ារ៉ាហ្គេម(រូបពី Samdech Hun Sen Cambodia Prime Minister)
សម្តេច ហ៊ុន សែន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអាស៊ានប៉ារ៉ាហ្គេម(រូបពី Samdech Hun Sen Cambodia Prime Minister)
ដោយ៖ ហៀក ឆក

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហោះសារអបអរសាទរ និងកោតសរសើរចំពោះកីឡាករកម្ពុជា ដែលទទួលបានមេដាយមាសក្នុងព្រឹត្តិការណ៍ World Police & Fire Games 2022 នៅប្រទេសហូឡង់។

 
វិញ្ញាសាជាង៦០ប្រភេទដែលបានដាក់ឲ្យប្រកួតប្រជែងគ្នា ក្នុងព្រឹត្តិការណ៍ពានរង្វាន់ WPFG នាទីក្រុងRotterdam ។ កម្ពុជាបានបញ្ជូនចេញទៅ៦ប្រភេទកីឡារួមមាន តេក្វាន់ដូWT វាយសី វាយកូនឃ្លីលើតុ ចំបាប់ យូដូ និងការ៉ាតេ។ 
 
កីឡាជឺជីតស៊ូ យកបានមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ១ ចំបាប់យកបានមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ២ យូដូយកបានមេដាយប្រាក់៣ និងសំរឹទ្ធ៣ វាយកូនឃ្លីលើតុ យកបានមេដាយសំរឹទ្ធ១ កាលពីថ្ងៃទី២៧ កក្កដា កន្លងទៅក្នុងព្រឹត្តិការណ៍កីឡា WPFG នៅហូឡង់។
 
បន្ទាប់ពីកីឡាករ សំ យូដេត និង វ៉ា មិថុនា ទទួលបានមេដាយមាសលើប្រភេទកីឡាតេក្វាន់ដូ WT កាលពីថ្ងៃទី៣០ កក្កដា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបង្ហោះសារលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា អបអរសាទរចំពោះកីឡាករទាំង២រូប ដែលសម្រេចបានមេដាយមាស ជូនកម្ពុជា។
 
 កីឡាករកម្ពុជា២រូបសម្រេចបានមេដាយមាស លើប្រភេទកីឡាតេក្វាន់ដូ WT នៅហូឡង់(រូបពី សហភាពនគរបាលជាតិកម្ពុជា)
«សូមអបអរសាទរ និងកោតសរសើរចំពោះកីឡាករសំ យូដេត និងកីឡាករ វ៉ា មិថុនា ដែលទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។ នេះគឺជាមោទនភាពរបស់ប្រទេសជាតិយើងទាំងមូល ដែលកីឡាករតេក្វាន់ដូ WT ចំនួន៣ រូប បានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទទួលបានមេដាយចំនួន២នាក់ ដោយឡែកកីឡាករ ផល សុវណ្ណាត់ នឹងប្រកួតនៅថ្ងៃស្អែកជាបន្តទៀត»។ នេះជាសាររបស់សម្ដេច ហ៊ុន សែន។
 
គួរបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី៣០ ខែកក្កដា កីឡានគរបាលជាតិកម្ពុជា ដណ្តើមបានមេដាយមាស៧ ប្រាក់៧ និងសំរឹទ្ធ១០ ពីព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យពិភពលោកលើកទី១៩ ឆ្នាំ២០២២ នាប្រទេសហូឡង់ ការប្រកួតនឹងបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២៕
 

© រក្សាសិទ្ធិដោយ thmeythmey.com