ជាតិ
១ខែនេះ មានមនុស្សជាង៥០០នាក់ឆ្លងកូវីដ-១៩ នៅកម្ពុជា
31, Jul 2022 , 3:36 pm        
រូបភាព
ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានយកសំណាកបុគ្គលិក ធនាគារ ឈីហ្វ Chief Bank  ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០២១។
ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានយកសំណាកបុគ្គលិក ធនាគារ ឈីហ្វ Chief Bank ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០២១។
ភ្នំពេញ៖ ក្នុងរយៈពេល៣០ថ្ងៃ ក្នុងខែកក្កដា មានមនុស្សចំនួន ៥០៧នាក់ ត្រូវបានតេស្តរកឃើញ មានជំងឺកូវីដ-១៩ ដែលជាករណីអូមីក្រុង និងត្រូវបានបញ្ជាក់លទ្ធផលដោយ PCR។ នេះបើតាមទិន្នន័យស្ថានភាពកូវីដ-១៩ ប្រចាំថ្ងៃ របស់ក្រសួងសុខាភិបាល។


ជំងឺកូវីដ-១៩ ត្រូវបាន​ក្រសួងសុខាភិបាលរកឃើញជាបន្តបន្ទាប់ឡើងវិញ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ។ នៅពេលនោះ មានមនុស្សចំនួន ១០នាក់ត្រូវបានរកឃើញថាវិជ្ជមានជំងឺកូវីដ-១៩ ជាករណីឆ្លងក្នុងសហគមន៍។ 
 
ផ្អែកទៅលើទិន្នន័យស្ថានភាពប្រចាំថ្ងៃរបស់ ក្រសួងសុខាភិបាល ក្នងខែកក្កដាវិញ ការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ហាក់មិនថមថយនោះឡើយ ពោលគឺនៅដើមខែកក្កដា ត្រូវបានរកឃើញមានអ្នកឆ្លងចំនួន ៨នាក់ និងឡើងជាបន្តបន្ទាប់រហូតដល់ជិត៥០នាក់។ 
 
យោងតាមសេចក្ដីប្រកាសព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល អ្នកវិជ្ជមានកូវីដ-១៩ ត្រូវបានបញ្ជាក់ដោយ PCR ហើយស្ទើរតាំងស្រុងជាករណីឆ្លងក្នុងសហគមន៍។ ម្យ៉ាងទៀតករណីដែលរកឃើញជាបន្តបន្ទាប់នេះ ត្រូវបានក្រសួងសុខាភិបាលបញ្ជាក់ថា ភាគច្រើនជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។ 
 
ជុំវិញករណីឆ្លងកូវីដ-១៩នេះ កាលពីដើមខែកក្កដា នាពិធី​អបអរទិវាមច្ឆជាតិ ១កក្កដា នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យពលរដ្ឋ​នាំគ្នាទៅចាក់វ៉ាក់សាំង ខណៈ​បច្ចុប្បន្ន កម្ពុជាមាន​ប្រមាណ​១០,៤លានដូសក្នុងស្តុក ហើយ​២០លាន​ដូសទៀតនឹងមកដល់។ 
 
គួរជម្រាបផងដែរថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩សរុបចំនួន ១៣៦ ៧៨៩នាក់, ជាសះស្បើយចំនួន ១៣៣ ៥១៧នាក់ និងករណីស្លាប់ចំនួន ៣ ០៥៦នាក់៕
 

Tag:
 កូវីដ-១៩ខែកក្កដា
  ក្រសួងសុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com