FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
៣ខែទៀត ព្រឹត្តិការណ៍ FIFA World Cup នៅកាតា
31, Jul 2022 , 7:30 pm        
រូបភាព
កីឡដ្ឋាន Al Janoub នៃប្រទេសកាតា រូបពី AFC
កីឡដ្ឋាន Al Janoub នៃប្រទេសកាតា រូបពី AFC
នេះ ជាលើកទី២ហើយ ដែលតំបន់អាស៊ីធ្វើម្ចាស់ផ្ទះប្រកួត FIFA World Cup បើគិតចាប់ពីការប្រកួតដំបូងនាឆ្នាំ១៩៣០។ លើកដំបូងនៅឆ្នាំ២០០២ ដោយជប៉ុន និងកូរ៉េខាងត្បូង ធ្វើជាសហម្ចាស់ផ្ទះ ។ តំបន់អាស៊ី បានរង់ចាំអស់២ទសវត្សរ៍ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ នៅប្រទេសកាតា។


៦ប្រទេសក្នុងតំបន់អាស៊ី ដែលមានកៅអីប្រកួត FIFA World Cup នៅប្រទេសកាតា រួមមាន ម្ចាស់ផ្ទះ កាតា, កូរ៉េខាងត្បូង, អ៊ឺរ៉ង, អារ៉ាប៊ីសាអូឌីត, ជប៉ុន និង អូស្ដ្រាលី។ ការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកពិភពលោកលើកទី២២នេះ នឹងត្រូវចាប់ប្រកួតជាផ្លូវការនៅថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ។
 
ការប្រកួត ចែកចេញជា៨ពូល និងមាន៤ក្រុមក្នុងពូលនីមួយៗ។ ម្ចាស់ផ្ទះ ប្រទេសកាតា ស្ថិតក្នុងពូល A ជាមួយ ប្រទេសអេក្វាឌ័រ, សេណេហ្គាល់ និងហូឡង់។ កាតា ត្រូវប្រកួតជាមួយ អេក្វាឌ័រ នៅថ្ងៃទី២១ ខែវិច្ឆិកា, ថ្ងៃទី២៥ ជួបជាមួយ សេណេហ្គាល់ និងថ្ងៃទី២៩ ខែវិច្ឆិកា ប្រកួតជាមួយ ហូឡង់។ ប្រទេសកាតា បានចំណាយពេល ៣ឆ្នាំចុងក្រោយនេះ ដើម្បីត្រៀមលក្ខណៈយ៉ាងម៉ត់ចត់ សម្រាប់ព្រឹត្តិការណ៍កម្រិតពិភពលោកនេះ។
 
អ៊ឺរ៉ង ស្ថិតនៅក្នុងពូល B ជាមួយ អង់គ្លេស, វេលស៍ និង សហរដ្ឋអាមេរិក ហើយត្រូវប្រកួតជាមួយ អង់គ្លេសនៅថ្ងៃទី២១ ខែវិច្ឆិកា, ថ្ងៃទី២៥ ប្រកួតជាមួយ វេលស៍ និងថ្ងៃទី២៩ ខែវិច្ឆិកា ជួបជាមួយ សហរដ្ឋអាមេរិក។
 
នៅក្នុងពូល C អារ៉ាប៊ីសាអូឌីត ជួបជាមួយ អាហ្សង់ទីន នៅថ្ងៃទី២២ ខែវិច្ឆិការ, ប៉ះ ប៉ូឡូញ នៅថ្ងៃទី២៦ និងប្រកួតជាមួយ មិចស៊ិចកូ នៅថ្ងៃទី៣០ ខែវិច្ចិកា។
 
អូស្ដ្រាលី ត្រូវប្រកួតជាមួយ បារាំង ប្រទេសការពារតំណែងជើងឯកឆ្នាំ២០១៨ ក្នុងពូល D នៅថ្ងៃទី២២ ខែវិច្ឆិកា, ថ្ងៃទី២៦ ជាមួយ ទុយនីស៊ី និងថ្ងៃទី៣០ ខែវិច្ឆិកា ប៉ះដាណឺម៉ាក។
 
សម្រាប់ពូល E ជប៉ុន ត្រូវប្រកួតជាមួយ អាឡឺម៉ង នៅថ្ងៃទី២៣ ខែវិច្ឆិកា, ថ្ងៃទី២៧ ខែវិច្ឆិកា ជាមួយ កូស្តារីកា និងថ្ងៃទី១ ខែធ្នូ ប្រកួតជាមួយ អេស្ប៉ាញ។
 
កូរ៉េខាងត្បូង ត្រូវប៉ះ អ៊ុយរូហ្គាយ នៅថ្ងៃទី២៤ ខែវិច្ឆិកា, ថ្ងៃទី២៨ ប្រកួតជាមួយ ហ្គាណា និងថ្ងៃទី២ ខែធ្នូ ជួបជាមួយ ព័រទុយហ្គាល់។
 
ដោយឡែក ២ពូលផ្សេងទៀត មិនមានប្រទេសក្នុងតំបន់អាស៊ីទេ។ ពូល F មាន ប្រទេសក្រូអាត ជើងឯករងឆ្នាំ ២០១៨ និង បែលហ្សិក ជ័យលាភីលេខ៣ ជាមួយ ម៉ារ៉ុក និងកាណាដា ខណៈពូ មាន ប្រេស៊ីល ជើងឯក៥សម័យ, ស៊ែប៊ី, ស្វីស និង កាមេរូន។
 
ក្រោយព្រឹត្តិការណ៍នៅកាតានេះទៅ តំបន់អាស៊ីត្រូវរង់ចាំ ជាង១០ឆ្នាំទៀត ដើម្បីមានសិទ្ធដេញថ្លៃធ្វើជាម្ចាស់ផ្ទះម្ដងទៀត។ ការដេញថ្លៃនេះ អាចធ្វើសម្រាប់ការប្រកួតឆ្នាំ២០៣៤ ឬឆ្នាំ២០៣៨។ សម្ដេច ហ៊ុន សែន  ក្នុងនាមជាប្រធានអាស៊ាន បានថ្លែង នាថ្ងៃទី១៥ ខែមិថុនា ក្នុងពិធីទទួលដំណើរគោចរណ៍នៃពាន FIFA នេះ បានជំរុញឲ្យប្រទេសក្នុងតំបន់អាស៊ាន រួមគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះ។ នេះ ក៏ស្របពេល ដែលតំបន់អាស៊ីអាគ្នេយ៍ មានអាទិភាពក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះផងដែរ៕
 

Tag:
 បាល់ទាត់
  FIFA
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com