អន្តរជាតិ
របបសឹកមីយ៉ាន់ម៉ា បន្តដាក់ប្រទេសក្នុងភាពអាសន្ន​រយៈពេល ៦ខែទៀត
01, Aug 2022 , 12:29 pm        
រូបភាព
លោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា។ រូបភាព៖ AFP
លោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា។ រូបភាព៖ AFP
មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង នឹងបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល ៦ ខែទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃទី១ ខែសីហា។ ការបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្ននេះ ធ្វើឡើងស្របពេលយោធាមីយ៉ាន់ម៉ា បានប៉ះទង្គិចជាញឹកញាប់ជាមួយកម្លាំងការពារប្រជាជន (PDF) របស់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា។

 
យោធាមីយ៉ាន់ម៉ា បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នជាលើកដំបូង គឺនៅក្នុងខែកុម្ភៈឆ្នាំ២០២១ បន្ទាប់ពីរបបយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី។ កាលពីខែមករា ឆ្នាំនេះ លោក មីន អ៊ុងឡាំង ក៏បានបានបន្តដាក់រដ្ឋក្នុងគ្រាអាសន្ន រយៈពេលប្រាំមួយខែ ហើយបានតែងតាំងខ្លួនឯងជានាយករដ្ឋមន្ត្រី។ បន្ទាប់ពីផុតកំណត់រយៈពេលនោះ យោធាមីយ៉ាន់ម៉ា បានបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ៦ខែទៀត។ 
 
«សមាជិក(ក្រុមប្រឹក្សាសន្តិសុខមីយ៉ាន់ម៉ា) បានគាំទ្រជាឯកច្ឆន្ទចំពោះសំណើបន្តស្ថានភាពអាសន្ន រយៈពេលប្រាំមួយខែទៀត ក្រោមមាត្រា ៤២៥ នៃរដ្ឋធម្មនុញ្ញ»។ កាសែតរដ្ឋ Global New Light of Myanmar បានចុះផ្សាយបែបនេះ។ 
 
សេចក្ដីប្រកាសផ្សេងមួយរបស់យោធាមីយ៉ាន់ម៉ានៅថ្ងៃទី៣១ ខែកក្កដា ក៏បានបញ្ជាក់អំពី ការបន្តដាក់ប្រទេសក្រោមស្ថានភាពអាសន្នរហូតដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ដែរ ដោយ​សារតែរបបយោធាត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត ​ដើម្បី​វិល​ទៅ​រក​ស្ថិរភាព និង​ត្រៀម​ខ្លួន ​សម្រាប់​ការ​បោះ​ឆ្នោត។
 
សេចក្ដីថ្លែងការណ៍នោះ បានអះអាងថា ប្រធានាធិបតីស្តីទី ឧត្តមសេនីយ៍ Myint Swe បានអនុម័តសំណើរបស់ប្រមុខយោធា លោក មីន អ៊ុងឡាំង សម្រាប់ការពន្យារ ពេលជាបន្ទាន់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខក្នុងរដ្ឋធានីណៃពិដោ។ ពួកគេក៏បានពិភាក្សាគ្នាពីសកម្មភាពរបស់យោធា ក្នុងការដឹកនាំរយៈពេល១៨ខែកន្លងមក និងស្ថានភាពនយោបាយបច្ចុប្បន្នផងដែរ។
 
មកទល់ពេលនេះ ស្ថានការណ៍នៅមីយ៉ាន់ម៉ា មិនទាន់មានស្ថិរភាពនៅឡើយ ដោយសារយោធាមីយ៉ាន់ម៉ា តែងប៉ះគ្នាជាមួយកម្លាំងការពារប្រជាជនរបស់រដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG)។ បន្ថែមពីនេះ យោធាមីយ៉ាន់ម៉ា បានអនុវត្តទោសប្រហារជីវិតលើកដំបូង ចំពោះសមាជិកប្រឆាំងចំនួន ៤រូប ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។ បញ្ហានេះ បានធ្វើឱ្យអាស៊ាន អាម៉េរិក និងសម្ព័ន្ធមិត្ត រិះគន់យ៉ាងខ្លាំង៕ 
 

Tag:
 មីយ៉ាន់ម៉ា
  របបសឹក
© រក្សាសិទ្ធិដោយ thmeythmey.com