កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Hamilton នៅតែមានសង្ឈឹមប្រជែងពាន F1 ទោះ Verstappen បន្តឈ្នះនៅទីលានទី១៣
01, Aug 2022 , 7:29 pm        
រូបភាព
Lewis Hamilton ទទួលបានចំណាត់ថ្នាក់ទី២ជាលើកទីពីរ ក្នុងការប្រណាំងរថយន្ត Formula One នៅទីលានប្រទេសហុងគ្រី Hungarian Grand Prix នៅថ្ងៃទី៣១ ខែកក្កដា។ ម្ចាស់ជើងឯក ៧សម័យនៅតែមានសង្ឃឹមក្នុងការប្រជែងជើងឯក F1 រដូវកាល២០២២នេះ បើទោះម្ចាស់ការពារជើងឯក Max Verstappen បន្តឈ្នះជាលើកទី៨ នៅទីលានទី១៣នេះ។

 
មិនខុសពីសប្តាហ៍មុននាការប្រណាំងនៅ French Grand Prix ប្រទេសបារាំងឡើយ Verstappen របស់ក្រុម Red Bull នៅតែបញ្ចប់ទីមុនគេនៅ Hungarian Grand Prix និងតាមពីក្រោយដោយ Hamilton របស់ក្រុម Mercedes និងមិត្តរួមក្រុម​ George Russell 
ដែលធ្វើបានចំណាត់ថ្នាក់ទី៣ដដែល។
 
មិនទាន់ស្គាល់ជ័យជម្នះនៅឡើយ ប៉ុន្តែការទទួលបានចំណាត់ថ្នាក់ទី២ចំនួនពីរលើកចុងក្រោយនេះ បានធ្វើឱ្យ Hamilton រីករាយ ក្រោយមិនសូវសប្បាយចិត្តនឹងបញ្ហាម៉ាស៊ីនរថយន្ត Mercedes តាំងពីដើមរដូវកាលមក។
 
អ្នកប្រណាំងសញ្ចាតិអង់គ្លេស វ័យ៣៧ឆ្នាំ បានប្រាប់អ្នកយកព័ត៌មាន ក្រោយការប្រកួតថា៖«ប្រសិនបើយើងអាចរក្សាល្បឿននេះចាប់ពីពាក់កណ្តាលរដូវកាលនេះ ប្រាកដណាស់ថាយើងអាចចាប់ផ្តើមប្រយុទ្ធប្រជែងតំណែង F1 ជាមួយគូប្រជែង Verstappen យ៉ាងពេញទំហឹង»។
 
បើទោះជា Hamilton បង្ហាញក្តីសង្ឃឹមដូច្នេះមែន ប៉ុន្តែគម្លាតពិន្ទុរបស់គេជាមួយ Verstappen ខុសគ្នាដល់ទៅ ១១២ពិន្ទុឯណោះ ខណៈការប្រណាំងនៅសល់៩លើកទៀតប៉ុណ្ណោះ។ 
 
Verstappen អ្នកប្រណាំងសញ្ជាតិហូឡង់ និងជាម្ចាស់ការពារជើងឯក មានពិន្ទុនាំមុខកំពូលតារាង F1 ដោយកើនដល់២៥៨ពិន្ទុ បន្ទាប់ពីឈ្នះជាលើកទី៨ នៅទីលានទី១៣នេះ។ Charles Leclerc របស់ក្រុម Ferrari នៅឈរលេខ២មាន១៧៨ពិន្ទុ តាមពីក្រោយដោយ Sergio Perez មិត្តរួមក្រុម Red Bull ដែលរកបាន១៧៣ពិន្ទុ។
 
Russell ឡើងទៅកាន់ចំណាត់ថ្នាក់ទី៤វិញ ក្រោយបានលេខ៣នៅទីលានប្រទេសហុងគ្រីនេះ ដោយមានពិន្ទុសរុប១៥៨ពិន្ទុ នាំមុខ Carlos Sainz របស់ក្រុម Ferrari ដែលធ្លាក់ទៅលេខ៥ចំនួន២ពិន្ទុវិញ។ Hamilton នៅរក្សាចំណាត់ថ្នាក់ទី៦ដដែល ប៉ុន្តែកើនពិន្ទុទៅកៀកៗគេចំនួន១៤៦ពិន្ទុ។
 
ទីលានប្រណាំងបន្ទាប់ និងជាទីលានទី១៤រដូវកាលនេះ នឹងធ្វើឡើងនៅប្រទេសប៊ែលហ្ស៊ិក ក្នុងកម្មវិធីប្រណាំង Belgian Grand Prix ដែលធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា៕
 

Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com