កីឡាជាតិ
ជាតិ
កីឡាសីដក់៖ កម្ពុជាបានមេដាយ៤ ពីព្រឹត្តិការណ៍ជើងឯកពិភពលោកស្តេចថៃ
01, Aug 2022 , 6:29 pm        
រូបភាព
គណៈប្រតិភូ គ្រូបង្វឹក និងអត្តពលិកកីឡាសីដក់កម្ពុជា ក្រោយបញ្ចប់ការបំពាក់មេដាយ(រូបពី សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា)
គណៈប្រតិភូ គ្រូបង្វឹក និងអត្តពលិកកីឡាសីដក់កម្ពុជា ក្រោយបញ្ចប់ការបំពាក់មេដាយ(រូបពី សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា)
ដោយ៖ហៀក ឆក
 
ក្រុមកីឡាសីដក់ជម្រើសជាតិកម្ពុជាដណ្តើមបានមេដាយប្រាក់២ និងសំរឹទ្ធ២ ពីព្រឹត្តិការណ៍ជើងឯកពិភពលោក នៃពានរង្វាន់ព្រះមហាក្សត្រថៃ លើកទី៣៥(The 35 King Cup World Champion 2022) ក្រោយបញ្ចប់ការប្រកួត កាលពីថ្ងៃទី៣១ កក្កដា នាទីក្រុងបាងកក ប្រទេសថៃ។
 
ប្រទេសជាង៣០ និងកីឡាជាង១០ប្រភេទវិញ្ញាសា ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីប្រកួត។ វិញ្ញាសាបុរស ៤ទល់៤ (Men’s Quard) ក្រុមសីដក់ជម្រើសជាតិកម្ពុជាស្ថិតក្នុងពូល A រួមមាន អ៊ីរ៉ាក់ បង់ក្លាដែស និងនេប៉ាល់។ វគ្គជម្រុះក្នុងពូលកម្ពុជា យកឈ្នះអូស្ត្រាលី ២-០, ឈ្នះអ៊ីរ៉ាក់ ២-០ និងឈ្នះនេប៉ាល់ ២-០ មាន ៩ពិន្ទុក្នុង៣ប្រកួត។ ចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្ពុជាយកឈ្នះលើក្រុមជម្រើសជាតិបង់ក្លាដែស ២-០។
 

ក្រុមកីឡាករសីដក់កម្ពុជា ក្រោយបញ្ចប់ការបំពាក់មេដាយ(រូបពីសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា)

សម្រាប់វគ្គផ្តាច់ព្រ័ត្រ កម្ពុជារងបរាជ័យក្រោមថ្វីជើងក្រុមខ្លាំង អ៊ីរ៉ង់ បញ្ចប់ដោយលទ្ធផល ០-២។ ក្រុមកម្ពុជាយកបានមេដាយប្រាក់១ លើវិញ្ញាសាបុរស ៤ទល់៤ ក្រោយចាញ់អ៊ីរ៉ង់ ដែលគ្រងតំណែងមេដាយមាស។ មេដាយប្រាក់១ ទៀតលើវិញ្ញាសាបុរស៥នាក់ ទាត់សីបញ្ចូលកន្ត្រក (Men’s Hoop)។
 
ផ្នែកនារីមេដាយសំរឹទ្ធ១ បានលើវិញ្ញាសានារី៥នាក់ ទាត់សីបញ្ចូលកន្ត្រក (Women’s Hoop) ដោយពិន្ទុចាញ់ឡាវ ២៣០ ទល់នឹង៣៩០ពិន្ទុ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងមេដាយសំរឹទ្ធ១ទៀត បានពីវិញ្ញាសាបុរសជាក្រុម(Men’s Team)។
 
គួរបញ្ជាក់ថា កីឡាសីដក់កម្ពុជាដណ្តើមបានមេដាយប្រាក់២ និងសំរឹទ្ធ២ ។ ការបំពាក់មេដាយក៏មានការចូលរួមពីលោក មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា៕
 
 

Tag:
 កីឡាសីដក់
 មេដាយ
© រក្សាសិទ្ធិដោយ thmeythmey.com