អន្តរជាតិ
ការ​ដឹក​ជញ្ជូន​ធញ្ញជាតិ​របស់​អ៊ុយក្រែន​ចេញពី​កំពង់ផែ​ក្រុង Odesa បាន​បន្ត​ឡើង​វិញ
02, Aug 2022 , 10:29 pm        
រូបភាព
នាវា​ដឹក​ជញ្ជូន​ពោត​ចំនួន ២៦.០០០ តោន កំពុង​ចាកចេញ​ពី​កំពង់ផែ Odesa នៅ​អ៊ុយក្រែន ទៅ​កាន់​ក្រុង Tripoli នៅ​លីបង់ ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២២។
នាវា​ដឹក​ជញ្ជូន​ពោត​ចំនួន ២៦.០០០ តោន កំពុង​ចាកចេញ​ពី​កំពង់ផែ Odesa នៅ​អ៊ុយក្រែន ទៅ​កាន់​ក្រុង Tripoli នៅ​លីបង់ ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២២។
ដោយ: VOA
 ការ​ដឹក​ជញ្ជូន​គ្រាប់​ធញ្ញជាតិ​ចេញ​ពី​កំពង់ផែ​ក្រុង Odesa របស់​អ៊ុយក្រែន​បាន​បន្ត​ឡើង​វិញ​នៅ​ថ្ងៃ​ទី១ សីហា​នេះ។


កប៉ាល់​ដឹក​ទំនិញ​ឈ្មោះ Razoni ដែល​មាន​ដាក់​ទង់ជាតិ​ប្រទេស​សៀរ៉ាឡេអូន គឺ​ជា​កប៉ាល់​ដំបូង​គេ​បង្អស់​ដែល​ចាកចេញ​ពី​កំពង់ផែ​ក្រុង Odesa នេះ ដោយ​ដឹក​ជញ្ជូន​ពោត​ឆ្ពោះ​ទៅកាន់​ប្រទេស​លីបង់។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ក្រសួង​ការពារ​ជាតិ​តួកគី​បាន​បញ្ជាក់​ថា កប៉ាល់​មួយ​ចំនួន​ទៀត​ក៏​នឹង​ចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន​ផង​ដែរ។
 
ប្រទេស​តួកគី​និង​អង្គការ​សហ​ប្រជាជាតិ​បាន​សម្រប​សម្រួល​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី​និង​អ៊ុយក្រែន​កាលពី​ចុង​ខែ​កក្កដា​ដើម្បី​បន្ត​ឡើង​វិញ​នូវ​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ ស្របពេល​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​វិបត្តិ​ស្បៀង​អាហារ​ដែល​អង្គការ​សហ​ប្រជាជាតិ​ថា​ មាន​សភាព​កាន់តែ​អាក្រក់​ឡើង​ដោយសារតែ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។
 
កិច្ច​ព្រមព្រៀង​នេះ​អំពាវនាវ​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​កប៉ាល់​ដឹក​ទំនិញ​ដែល​ធ្វើ​ដំណើរ​ចាកចេញ​ពី​កំពង់ផែ​នានា​នៅ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន​តាម​សមុទ្រ​ខ្មៅ​ដែល​រុស្ស៊ី​បាន​ត្រួតត្រា​ចាប់តាំង​ពី​ការ​ចាប់ផ្ដើម​សង្គ្រាម​ដំបូង​កាលពី​ចុង​ខែ​កុម្ភៈ​មក។
 
រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​ស្វាគមន៍​ការ​បន្ត​ឡើង​វិញ​នៃ​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​កំពង់ផែ Odesa នេះ។
 
លោក Kuleba បាន​បញ្ជាក់​តាម Twitterថា៖ «នេះ​គឺជា​ថ្ងៃ​ធូរស្បើយ​សម្រាប់​ពិភពលោក ជា​ពិសេស​សម្រាប់​មិត្តភក្តិ​របស់​យើង​នៅ​តំបន់​មជ្ឈិម​បូព៌ា អាស៊ី និង​អាហ្វ្រិក នៅ​ពេល​ដែល​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន​ដំបូង​បង្អស់​បាន​ដឹក​ជញ្ជូន​ចេញ​ពី​កំពង់ផែ​ក្រុង Odesa បន្ទាប់ពី​រុស្ស៊ី​បាន​បិទ​ខ្ទប់​អស់​រយៈពេល​ជា​ច្រើន​ខែ​មក។ អ៊ុយក្រែន​តែងតែ​ជា​ដៃគូ​ដ៏​ទុកចិត្ត​និង​នៅតែ​ជា​ដៃគូ​ដ៏​ទុកចិត្ត ប្រសិនបើ​រុស្ស៊ី​គោរព​តាម​កិច្ច​ព្រមព្រៀង​នេះ»។
 
អ្នក​នាំពាក្យ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា ការ​ធានា​ធ្វើ​យ៉ាង​ណា​ឱ្យ​គ្រាប់​ធញ្ញជាតិ​អាច​ទៅ​ដល់​ទីផ្សារ​សាកលលោក​បាន «គឺ​ជា​រឿង​ចាំបាច់​សម្រាប់​មនុស្ស​ជាតិ‍»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com