អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឈានជើងជាន់ទឹកដីតៃវ៉ាន់ភ្លាម​ ប្រធានសភា​អាម៉េរិក​ អះអាងថាទស្សនកិច្ច​ខ្លួន ជាការ​គាំទ្រ​ប្រជាធិបតេយ្យ
02, Aug 2022 , 10:47 pm        
រូបភាព
រូបពី AFP
រូបពី AFP
ឈានជើងជាន់ទឹកដីតៃវ៉ាន់ភ្លាម នៅ​យប់​ថ្ងៃទី​២ ខែសីហា លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​អះអាងថា ទស្សនកិច្ច​តំណាង​សភា​របស់​អាម៉េរិក​នៅ​តៃវ៉ាន់​បញ្ជាក់​ពី​ការប្តេជ្ញា​របស់ខ្លួន ក្នុងការ​គាំទ្រ​ប្រជាធិបតេយ្យ​របស់​តៃវ៉ាន់​។​
 
​សេចក្តីថ្លែងការណ៍​មួយ​ចេញ​លើ​វេ​ប​សាយ​របស់​ប្រធានសភា​តំណាង​អាម៉េរិក​នៅ​ថ្ងៃទី​២ ខែសីហា បាន​បញ្ជាក់ថា​៖ «​ទស្សនកិច្ច​តំណាង​សភា​របស់​យើង​នៅ​តៃវ៉ាន់ បញ្ជាក់​ពី​ការប្តេជ្ញា​របស់​អាម៉េរិក ក្នុងការ​គាំទ្រ​ប្រជាធិបតេយ្យ​របស់​តៃវ៉ាន់​»​។ 
 
​មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍​ដដែល​បាន​បន្ថែមថា ទស្សនកិច្ច​នេះ មិន​ផ្ទុយ​នឹង​គោលនយោបាយ​របស់​អាម៉េរិក ដែលមាន​ចំពោះ​តៃវ៉ាន់​ឡើយ ហើយ​អាម៉េរិក​បន្ត​ជំទាស់​សកម្មភាព​ឯកតោភាគី ក្នុងការ​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន​។ មិនតែប៉ុណ្ណោះ តំណាង​សភា​អាម៉េរិក នឹង​ជជែក​ជាមួយ​តៃវ៉ាន់​ជុំវិញ​ប្រធានបទ​លើ​ផលប្រយោជន៍​រួម ការពង្រឹង​យុទ្ធសាស្ត្រ​សេរី និង​បើកចំហ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ជាដើម​។​
 
​ក្រសួងការបរទេស​ចិន ក្នុង​ថ្ងៃទី​២ ខែសីហា បាន​ថ្កោ​ស​ទោស​យ៉ាងខ្លាំង ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​តំណាង​នៅ​តៃវ៉ាន់​។ បើតាម​ក្រសួងការបរទេស ក្រុង​ប៉េកាំង បានដាក់​ពាក្យ​តវ៉ា​រួចហើយ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​។ នេះ​ជា​ទស្សនកិច្ច​របស់​មន្ត្រី​អាម៉េរិក​មាន​ឋានៈ​ខ្ពស់​មួយ ទៅ​តៃវ៉ាន់​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ១៩៩៧​។ កាល​ឆ្នាំ​នោះ លោក Newt Gingrich ប្រធានសភា​តំណាង​អាម៉េរិក ក៏បាន​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​ដែរ​៕ 

Tag:
 តៃវ៉ាន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com