អន្តរជាតិ
នូវែលសេឡង់ បញ្ចេញផែនការជាតិលើកដំបូងរបស់ខ្លួន ដើម្បីការពារគ្រោះមហន្តរាយកើតពីវិបត្តិអាកាសធាតុ
03, Aug 2022 , 2:13 pm        
រូបភាព
លោក James Shaw រដ្ឋមន្រ្តីអាកាសធាតុនូវែលសេឡង់។ រូបភាព៖ AFP
លោក James Shaw រដ្ឋមន្រ្តីអាកាសធាតុនូវែលសេឡង់។ រូបភាព៖ AFP
ដោយ ហ៊ួយ ស៊ីវលី

នូវែលសេឡង់ នៅថ្ងៃទី៣ ខែសីហា បានបញ្ចេញផែនការជាតិដំបូងរបស់ខ្លួន ដើម្បីត្រៀមទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិដូចជា ទឹកជំនន់ ភ្លើងឆេះ និងការកើនឡើងនៃសមុទ្រ ខណៈប្រទេសនេះរំពឹងថានឹងត្រូវទទួលរងផលប៉ះពាល់ដោយសារវិបត្តិអាកាសធាតុនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

 
ផែនការអាកាសធាតុ ត្រូវបានចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ដោយរដ្ឋមន្ត្រីអាកាសធាតុ លោក James Shaw បន្ទាប់ពីអាកាសធាតុនៅនូវែលសេឡង់មានភាពប្រែប្រួលយ៉ាងខ្លាំងជាច្រើនសប្តាហ៍ និងមានទឹកជំនន់នៅទូទាំងប្រទេស។ លោក James បានបញ្ជាក់ថា ខណៈពេលនូវែលសេឡង់ នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីចាប់ផ្តើមកាត់បន្ថយការបំភាយឧស្ម័ន ខ្លួនក៏បានកំពុងរៀបចំទុកជាមុនសម្រាប់សេណារីយ៉ូ ដើម្បិបង្ការវិបត្តិអាកាសធាតុ​ ហើយវាពិតជាសំខាន់ណាស់ចំពោះប្រទេស ក្នុងការរៀបចំផែនការបែបនេះទុកជាមុន។
 
«យើងបានឃើញរួចហើយនូវអ្វីដែលអាចកើតឡើង។ ព្រឹត្ដិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដែលពីមុនហាក់បីដូចជានឹកស្មានមិនដល់សូម្បីតែពីរបីឆ្នាំមុន ឥឡូវនេះកំពុងកើតឡើងហើយក្នុងល្បឿនលឿនខ្លាំងដែលយើងមិនធ្លាប់ជួបប្រទះពីមុនមក»។ រដ្ឋមន្រ្តីអាកាសធាតុនូវែលសេឡង់ បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ទោះបីជាមានការកើនកម្តៅ 1.5 ដឺក្រេក៏ដោយ នូវែលសេឡង់នឹងឃើញពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើសហគមន៍ និងរបៀបរស់នៅរបស់ប្រជាជន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian។​
 
ផែនការខាងលើ ភាគច្រើនផ្តោតលើការរៀបចំមនុស្ស អាជីវកម្ម រដ្ឋាភិបាលមូលដ្ឋាន និងអ្នកអភិវឌ្ឍ ដោយធានាថាពួកគេ ត្រូវបានជូនដំណឹងអំពីហានិភ័យឱ្យបានគ្រប់គ្រាន់ និងត្រូវទទួលខុសត្រូវចំពោះហានិភ័យដែលកើតឡើងនៅក្នុងដំណើរការធ្វើផែនការ។ ផែនការនេះ ក៏មានការផ្លាស់ប្តូរមួយចំនួនចំពោះតម្រូវការផ្លូវច្បាប់សម្រាប់ការកត់ត្រាព័ត៌មាន​គ្រោះថ្នាក់​ធម្មជាតិ ដូចជា ការអោយមានក្រុមប្រឹក្សាផ្តល់ព័ត៌មានអំពីហានិភ័យអាកាសធាតុដល់អ្នកទិញផ្ទះនាពេលអនាគត ជំរុញឱ្យក្រុមប្រឹក្សាមានទំនួលខុសត្រូវចំពោះការប្រែប្រួលអាកាសធាតុនៅក្នុងបទប្បញ្ញត្តិនៃផែនការ និងការបង្កើតផែនទីជាតិ និងច្រកសាធារណៈសម្រាប់ប្រជាជន ដើម្បីតាមដានព័ត៌មានអំពីរបៀបដែលវិបត្តិអាកាសធាតុនឹងប៉ះពាល់ដល់តំបន់របស់ពួកគេ។
 
សូមបញ្ជាក់ថា ផែនការជាតិសម្របខ្លួនទៅនឹងអាកាសធាតុនេះ ជាឯកសារដំបូងបង្អស់របស់នូវែលសេឡង់ ដែលផ្តល់នូវផែនទីបង្ហាញផ្លូវសម្រាប់ការព្យាយាមការពារហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន ទីក្រុង និងទ្រព្យសម្បត្តិវប្បធម៌ នៅពេលដែលភពផែនដីមានការកើនឡើងកម្តៅជាដើម៕ 
 

Tag:
 នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com