អន្តរជាតិ
លោកស្រី ផេឡូស៊ី ចាកចេញពីតៃវ៉ាន់ហើយ ក្រោមរូបភាពខឹងសម្បារពីចិន
03, Aug 2022 , 4:34 pm        
រូបភាព
លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក_(ខាងឆ្វេង) ជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen។ រូបភាពយកពីTwitter របស់លោកស្រី Tsai Ing-wen
លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក_(ខាងឆ្វេង) ជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen។ រូបភាពយកពីTwitter របស់លោកស្រី Tsai Ing-wen
លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក នៅថ្ងៃទី៣ ខែសីហា បានបញ្ចប់ទស្សនកិច្ចនៅតៃវ៉ាន់ បន្ទាប់ពីជួបមេដឹកនាំតៃវ៉ាន់ជាច្រើនរូប ដោយក្នុងនោះរួមទាំងប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ផង។ ទស្សនកិច្ចនេះ បានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងផ្ទុះកំហឹង និងថ្កោលទោសយ៉ាងខ្លាំង។

 
ពេលនេះ លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក បានចាកចេញពីតៃវ៉ាន់ហើយ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មន្រ្តីអាម៉េរិក ដែលមានឋានៈខ្ពស់មួយនៅលើទឹកដីតៃវ៉ាន់ បើគិតចាប់តាំងពីឆ្នាំ១៩៩៧។ លោកស្រីផេឡូស៊ី ជាបុគ្គលទី២ ដែលអាចកាន់តំណែងប្រធានាធិបតីស្តីទី ក្នុងករណីលោកចូ បៃឌិន និងលោកស្រី Kamala Harris មានបញ្ហា និងមិនអាចបំពេញការងារបាន។ 
 
ក្នុងដំណើរទស្សនកិច្ចដែលចាត់ទុកជាការគាំទ្រប្រជាធិបតេយ្យ លោកស្រី ផេឡូស៊ី បានជួបជាមួយមេដឹកនាំតៃវ៉ាន់ជាច្រើនរូប ក្នុងនោះមានប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen និងសមាជិកសភាតៃវ៉ាន់។ បន្ទាប់ពីចេញពីតៃវ៉ាន់ ប្រធានសភាតំណាងអាម៉េរិក នឹងបន្តទស្សនកិច្ចនៅកូរ៉េខាងត្បូង។ 
 
បន្ថែមពីនេះ ការធ្វើទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិកនៅតៃវ៉ាន់ បានធ្វើឱ្យរដ្ឋាភិបាលចិនក្រពុលមុខយ៉ាងខ្លាំង ហើយថែមទាំងបានរិះគន់ដំណើរទស្សនកិច្ចខាងលើថា ជាសកម្មភាពបង្ករឿង និងធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់។ ចិន បានព្រមានចាត់វិធានការឱ្យបានមុតមាំ រួមទាំងធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ផង។ 
 
ក្នុងជំនួបជាមួយលោកស្រី Tsai លោកស្រី ផេឡូស៊ី បានបានលើកឡើងថា អាម៉េរិកធ្លាប់បានសន្យាថានឹងឈរនៅជាមួយតៃវ៉ាន់ ដែលនេះបញ្ជាក់ពីតម្លៃរួមគ្នារវាងតៃវ៉ាន់ និងអាម៉េរិក រួមទាំងផ្តោតលើសន្តិសុខទៅវិញទៅមក នៅក្នុងតំបន់ និងនៅពិភពលោក។ បើតាមប្រធានសភាតំណាងអាម៉េរិក ទស្សនកិច្ចរបស់លោកស្រី និងសមាជិកសភាផ្សេងទៀត បានបង្ហាញពីការមិនបោះបង់ការប្តេជ្ញារបស់អាម៉េរិកចំពោះតៃវ៉ាន់។
 
ក្នុងជំនួបនេះ លោកស្រី Tsai បានបំពាក់មេដាយ Order of Propitious Clouds ឱ្យប្រធានសភាតំណាងអាម៉េរិកផង។ នេះជាមេដាយស៊ីវិលដ៏ខ្ពស់ជាងគេបំផុត។ 
 
សូមបញ្ជាក់ថា លោកស្រី ផេឡូស៊ី បានមកដល់តៃវ៉ាន់នៅយប់ថ្ងៃទី២ ខែសីហា ដោយមិនមានការប្រកាសជាមុន។ នៅក្នុងសេចក្តីថ្លែងការណ៍កន្លងទៅ អាម៉េរិក បានបញ្ជាក់ថា លោកស្រី ផេឡូស៊ី ធ្វើទស្សនកិច្ចនៅម៉ាឡេស៊ី សិង្ហបុរី ជប៉ុន និងកូរ៉េខាងត្បូងប៉ុណ្ណោះ៕
 

Tag:
 អាម៉េរិក
  តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com