អន្តរជាតិ
តុលាការកំពូលរុស្ស៊ី សម្រេចដាក់កងកម្លាំងអ៊ុយក្រែនAzov ចូលក្នុងបញ្ជីក្រុមភេរវករ
03, Aug 2022 , 9:29 pm        
រូបភាព
កងកម្លាំង Azov។ រូបភាព៖ Reuters
កងកម្លាំង Azov។ រូបភាព៖ Reuters
ដោយ:
តុលាការកំពូលរុស្ស៊ី នៅថ្ងៃទី២ ខែសីហា បានចេញសេចក្តីសម្រេចមួយ ដោយកំណត់កងវរសេនាធំរបស់អ៊ុយក្រែន Azov ទៅក្នុងបញ្ជីក្រុមភេរវករ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ សេចក្តីសម្រេចនេះនឹងបើកផ្លូវឱ្យមានការកាត់ទោសទាហាន Azov ដែលត្រូវបានយោធារុស្ស៊ីចាប់ខ្លួនកន្លងមកឱ្យជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំក្រោមច្បាប់ប្រឆាំងភេរវកររបស់ក្រុងមូស្គូ។

 
កងវរសេនាធំ Azov គឺជាកងកម្លាំងអ៊ុយក្រែនដ៏សំខាន់បំផុតមួយដែលបានប្រយុទ្ធតតាំងយោធារុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន។ ប៉ុន្តែកងកម្លាំងនេះជាច្រើននាក់ត្រូវបានចាប់ខ្លួនដោយរុស្ស៊ី បន្ទាប់ពីក្រុងកំពង់ផែអ៊ុយក្រែន Mariupol ដែលជាមូលដ្ឋានពីមុនរបស់កងកម្លាំង Azov ធ្លាក់ក្នុងដៃយោធារុស្ស៊ីកាលពីខែឧសភា។
 
ទាក់ទងរឿងនេះ តុលាការកំពូលរុស្ស៊ីនៅថ្ងៃទី២ ខែសីហា បានចេញសេចក្តីសម្រេចចាត់បញ្ចូលកងវរសេនាធំ Azov ទៅក្នុងបញ្ជីក្រុមភេរវករ។ យោងតាមក្រមព្រហ្មទណ្ឌរុស្ស៊ី សមាជិកក្រុមភេរវករអាចប្រឈមនឹងជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ខណៈមេដឹកនាំ និងអ្នកចាត់ចែងក្រុមភេរវករអាចប្រឈមនឹងជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ។ 
 
កន្លងមក មន្រ្តីនៅតំបន់ផ្តាច់ខ្លួនដូណេត្សដែលអះអាងថាក្រុង Mariupol ជារបស់ខ្លួន បានលើកឡើងថា ក្រុមប្រយុទ្ធ Azov ដែលត្រូវបានចាប់ខ្លួននោះអាចប្រឈមនឹងការកាត់ទោសប្រហារជីវិតក្រោមច្បាប់របស់សាធារណរដ្ឋប្រជាមានិតដូណេត្ស។
 
តាមពិតទៅ កងកម្លាំង Azov ដើមឡើយជាកងកម្លាំងស្ម័គ្រចិត្តស្តាំនិយមដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ អំឡុងពេលរុស្ស៊ីលេបយកទឹកដីគ្រីមៀ។ ក្រោយមកក៏បានរួមបញ្ចូលជាមួយកងកម្លាំងការពារជាតិអ៊ុយក្រែន (Ukraine’s National Guard) ដើម្បីជួយប្រយុទ្ធប្រឆាំងពួកបំបែកខ្លួនដែលគាំទ្រដោយវិមានក្រេមឡាំងនៅអ៊ុយក្រែនខាងកើត។ 
 
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាត់ទុកកងកម្លាំង Azov ជាពួកណាហ្ស៊ីជំនាន់ថ្មី ហើយនេះគឺជាហេតុផលដែលក្រុងមូស្គូចាប់ផ្តើមបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនដើម្បីរំដោះអង្គភាពណាហ្ស៊ីនេះចេញពីជួរយោធាអ៊ុយក្រែន។
 
យ៉ាងណាមិញ ក្រុងកៀវ និងសម្ព័ន្ធមិត្តបានរិះគន់ថា នោះគ្រាន់តែជាលេសដែលក្រុមមូស្គូប្រើដើម្បីធ្វើសង្រ្គាមឈ្លានពានលើទឹកដីអ៊ុយក្រែនប៉ុណ្ណោះ។ រីឯ កងកម្លាំង Azov ក៏បានបដិសេធដែរថាខ្លួនមិនប្រកាន់ខ្ជាប់នូវមនោគមវិជ្ជាណាហ្ស៊ីទេ។ ប៉ុន្តែ និមិត្តសញ្ញាណាហ្ស៊ីដូចជា swastika និង SS regalia ឃើញនៅពាសពេញលើឯកសណ្ឋាន និងរាងកាយរបស់សមាជិក Azov៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com