ជាតិ
សេដ្ឋកិច្ច
សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា ​កំពុងភ្ជាប់នឹងអ្នកកាសែតដើម្បី​ផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់ពលរដ្ឋ
04, Aug 2022 , 8:59 am        
រូបភាព
​អ្នកតំណាងABC, CMA និង CCJ ​ជួបអញ្ជើញលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាអធិបតីនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ជ័យលាភី ដល់អ្នកសារព័ត៌មានក្នុងការប្រលងប្រជែងនិពន្ធអត្ថបទសារព័ត៌មានស្តីពី«ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការលើកស្ទូយជីវភាពប្រជាជនកម្ពុជា» នាសណ្ឋាគារកាំបូឌីយ៉ាណា នារសៀលថ្ងៃទី៥សីហា ឆ្នាំ២០២២។
​អ្នកតំណាងABC, CMA និង CCJ ​ជួបអញ្ជើញលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាអធិបតីនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ជ័យលាភី ដល់អ្នកសារព័ត៌មានក្នុងការប្រលងប្រជែងនិពន្ធអត្ថបទសារព័ត៌មានស្តីពី«ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការលើកស្ទូយជីវភាពប្រជាជនកម្ពុជា» នាសណ្ឋាគារកាំបូឌីយ៉ាណា នារសៀលថ្ងៃទី៥សីហា ឆ្នាំ២០២២។
វិស័យហិរញ្ញវត្ថុ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុចាំបាច់ និងរួមចំណែកសម្រួលដល់ការរស់នៅ លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ដើម្បីបង្កើនប្រសិទ្ធភាពនៃការរួមចំណែកនេះ សមាគមធនាគារនៅកម្ពុជា(ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)​ កំពុងភ្ជាប់ខ្លួន​ឬធ្វើការងារជិតស្និតជាមួយអ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ពលរដ្ឋ។​

 
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុដែលឆ្លុះបញ្ចាំងតាមការកើនឡើងនៃចំនួនគណនីប្រាក់បញ្ញើអតិថិជនដល់ ១២,១លានគណនី និងគណនីឥណទានកើនដល់ ៣,៣លានគណនី។ នេះបើយោងតាមសេចក្តីព្រាងកម្មវិធីប្រគល់ពានរង្វាន់ជ័យលាភី ដល់អ្នកសារព័ត៌មានក្នុងការប្រលងប្រជែងនិពន្ធអត្ថបទសារព័ត៌មានស្តីពី«ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការលើកស្ទូយជីវភាពប្រជាជនកម្ពុជា» របស់សមាគមធនាគារនៅកម្ពុជា(ABC) និងមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)។ 
 
ABC និងCMA បានបង្ហាញនៅក្នុងសេចក្តីព្រាងកម្មវិធីរបស់ខ្លួនយ៉ាងដូច្នេះ៖ « យើងក៏យល់ឃើញថា អ្នកសារព័ត៌មាន ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃដល់ពលរដ្ឋ​ទូទៅ ស្របពេលដែលទំនាក់ទំនងរវាងវិស័យសារព័ត៌មាន និងវិស័យហិរញ្ញវត្ថុពិតជាមិនអាចកាត់ផ្តាច់បានទេ»។ ស្ថាប័នហិរញ្ញវត្ថុទាំងពីរនេះ​ បញ្ជាក់ថា៖ «ព្រោះអ្នកសារព័ត៌មាន គឺមានតួនាទីចែករំលែកចំណេះដឹង ព័ត៌មានអប់រំ កម្សាន្ត និងតួនាទីជាច្រើនទៀត ហើយក៏ជាយន្តការ និងច្រកដ៏សំខាន់សម្រាប់វិស័យហិរញ្ញវត្ថុក្នុងការបញ្ជូនសារ និងផលិតផល និងសេវាហិរញ្ញវត្ថុតាមរយៈសារព័ត៌មាន ដើម្បីផ្សព្វផ្សាយនិងបញ្ច្រាបការយល់ដឹងអំពីវិស័យហិរញ្ញវត្ថុឱ្យបានទូលំទូលាយដល់ពលរដ្ឋកម្ពុជាទូទាំងប្រទេស»។​ 
 
កន្លងមកទំនាក់ទំនងរវាងវិស័យទាំងពីរ ភាគច្រើនស្ថិតក្នុងរូបភាពផ្សព្វផ្សាយពាណិជ្ជកម្ម ខណៈទំនាក់ទំនងលើផ្នែកនិពន្ធ (Editorial) ហាក់នៅមានកម្រិត។​ អ្នកសារព័ត៌មានមួយចំនួនតែងតែលើកពីការលំបាកក្នុងារស្វែងរកប្រភពព័ត៌មាន ឬអ្នកសម្ភាសក្នុងវិស័យហិរញ្ញវត្ថុ។ ប៉ុន្តែ អ្នកធ្វើការក្នុងវិស័យហិរញ្ញវត្ថុហាក់មានភាពស្ទាក់ស្ទើរក្នុងការទាក់ទងដោយផ្ទាល់ជាមួយផ្នែកនិពន្ធ ឬអ្នកសារព័ត៌មាន ព្រោះអ្នកទាំងនោះយល់ថា អាចមានហានិភ័យ និងថាវិស័យហិរញ្ញវត្ថុហាក់មានភាពស្មុគស្មាញដែលត្រូវការសិក្សាលម្អិត ឬយល់ដឹងស៊ីជម្រៅមុននឹងផលិតជាព័ត៌មានដែលមានសុក្រិតភាព។ 
 
បើតាមសមាគមហិរញ្ញវត្ថុ បញ្ហាប្រឈមទាំងនេះ​បានបណ្តាលឱ្យការផលិតមាតិកាព័ត៌មានលើវិស័យហិរញ្ញវត្ថុហាក់នៅមានកម្រិត ហើយការទទួលបានព័ត៌មាន និងចំណេះដឹងផ្នែកនេះ​ក្នុងចំណោមពលរដ្ឋខ្មែរ ក៏មិនទាន់បានទូលំទូលាយ​ បើទោះបីជាប្រធានហិរញ្ញវត្ថុទទួលបានការចាប់អារម្មណ៍ជារៀលរាល់ថ្ងៃក៏ដោយ។ 
 
កង្វះទំនាក់ទំនងជិតសិ្នតរវាងវិស័យហិរញ្ញវត្ថុ និងអ្នកសារព័ត៌មាន ធ្វើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុបាត់បង់ឱកាសដ៏មានសារៈសំខាន់មួយចំនួនក្នុងការចូលរួមផ្តល់ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ ផ្សព្វផ្សាយព័ត៌មាន និងលើកកម្ពស់តួនាទីដ៏ចាំបាច់របស់វិស័យហិរញ្ញវត្ថុនៅក្នុងជីវភាពរស់នៅប្រចាំរបស់ពលរដ្ឋខ្មែរ។ «ដោយមើលឃើញពីបញ្ហាប្រឈមនេះ ABC និង CMA រួមជាមួយក្លិបអ្នកកាសែតកម្ពុជា(CCJ) បានសហការគ្នាក្នុងការអនុវត្តសកម្មភាពនានាក្នុងគោលដបំណងពង្រឹងទំនាក់ទំនងវិស័យសារព័ត៌មាន និងហិរញ្ញវត្ថុចាប់តាំងពីដើមឆ្នាំ២០២២»។ នេះជាការរៀបរាប់បន្ថែមរបស់សមាគមហិរញ្ញវត្ថុទាំង២ស្ថាប័ននេះ។
 
កិច្ចសហការជាមួយក្លិបអ្នកកាសែតកម្ពុជាកន្លងមក សមាគមធនាគារនៅកម្ពុជា(ABC) និង មីក្រូហិរញ្ញវត្ថុនៅកម្ពុជា(CMA) បានរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានលើចំណេះដឹងមូលដ្ឋានគ្រឹះក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ, ការចុះទស្សនកិច្ចសិក្សាតាមមូលដ្ឋាននៅខេត្តកំពត និងខេត្តតាកែវ  និងការប្រកួតប្រជែងស្នាដៃនិពន្ធអត្ថបទព័ត៌មានលើប្រធានបទ«ការរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា»។  
 
ដើម្បីបន្តកិច្ចការពង្រឹងទំនាក់ទំនងលើវិស័យទាំងពីរ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុ និងក្លិបអ្នកកាសែតកម្ពុជា នឹងរៀបចំកម្មពិធីប្រគល់ពានរង្វាន់ដល់អ្នកសារព័ត៌មាន ចាប់ពីចំណាត់ថ្នាក់លេខ១ដល់លេខ៥ ដែលនឹងប្រព្រឹត្តិទៅ នៅរសៀលថ្ងៃទី៥សីហា ឆ្នាំ២០២២។​ បើតាមABC និង CMA  កម្មវិធីរៀបចំឡើងក្នុងគោលបំណងលើកម្ពស់ការយល់ដឹងពីវិស័យហិរញ្ញវត្ថុ និងបង្កើនកិច្ចសហការប្រតិបត្តិការ កសាង ឬបង្កើប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តរវាងវិស័យហិរញ្ញវត្ថុ និងអ្នកសារព័ត៌មាន។  លើសពីនេះ មានការចែករំលែកបទពិសោធន៍ផ្ទាល់របស់អ្នកជំនាញក្នុងការពង្រឹងការប្រាស្រ័យទាក់ទងគ្នាឱ្យមានប្រសិទ្ធភាពខ្ពស់រវាងវិស័យព័ត៌មាន និងហិរញ្ញវត្ថុ រួមទាំងកសាងបណ្តាញទំនាក់ទំនង រវាងធនាគារិក និងអ្នកសារព័ត៌មាន ថែមទៀត ផងដែរ៕
 

Tag:
 ធនាគារ
  ABC
  CMA
© រក្សាសិទ្ធិដោយ thmeythmey.com