អន្តរជាតិ
លោកគង់ ភោគ៖ អាស៊ានស្នើភាគីពាក់ព័ន្ធបញ្ចៀសសកម្មភាពបង្កភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់
03, Aug 2022 , 6:19 pm        
រូបភាព
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា និងជាអ្នកនាំពាក្យកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសលើកទី៥៥។ រូបភាពយកពីការផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជា
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា និងជាអ្នកនាំពាក្យកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសលើកទី៥៥។ រូបភាពយកពីការផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជា
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា និងជាអ្នកនាំពាក្យកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសលើកទី៥៥ នៅថ្ងៃទី៣ ខែសីហា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា អាស៊ាន ស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ បញ្ចៀសការបង្កហេតុ និងសកម្មភាព ដែលនាំឱ្យមានភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់។

 
ទស្សនកិច្ចរបស់លោកស្រីណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិកនៅតៃវ៉ាន់ បានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ខឹងយ៉ាងខ្លាំង និងចាត់ទុកសកម្មភាពបែបនោះ ជាការបំពានអធិបតេយ្យចិន និងសកម្មភាពបង្ករឿង។ ទាក់ទិននឹងបញ្ហានេះ យោធាចិន បានប្រកាសធ្វើសមយុទ្ធ ដោយមានបាញ់គ្រាប់ពិត និងមីស៊ីលផង ចំនួន ៦កន្លែងនៅជុំវិញតៃវ៉ាន់។ 
 
ស្របពេលបញ្ហាចម្រូងចម្រាសបែបនេះ អាស៊ានបានបង្ហាញពីការព្រួយបារម្ភថា ស្ថានភាពនេះ បើគ្រប់គ្រងមិនបានល្អអាចនាំឱ្យមានការយល់ខុស ក៏ដូចជាការកើនកម្តៅរវាងភាគីពាក់ព័ន្ធ។ 
 
«អាស៊ានស្នើឱ្យភាគីទាំងអស់ បញ្ចៀសការបង្កហេតុ ឬសកម្មភាព ដែលបង្កើនភាពតានតឹង»។ លោក លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា និងជាអ្នកនាំពាក្យកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសលើកទី៥៥ បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ភាគីទាំងនោះ គួរព្យាយាមឱ្យអស់លទ្ធភាព ដើម្បីបន្ធូរបន្ថយភាពតានតឹង។ 
 
មិនតែប៉ុណ្ណោះ អ្នកនាំពាក្យកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានរូបនេះ ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធមានការចរចា ដើម្បីធ្វើឱ្យស្ថានភាពត្រលប់មករកភាពប្រក្រតីវិញ។ ត្រង់ចំណុចនេះ លោក គង់ ភោគ បានបន្ថែមថា កម្ពុជានៅតែគោរពគោលការណ៍ចិនតែមួយ។ 
 
ក្នុងថ្ងៃដដែល លោកវ៉ាង យី ដែលកំពុងទស្សនកិច្ចនៅកម្ពុជា បានចោទដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ថា ការបំពានអធិបតេយ្យចិន ក្រោមស្លាកប្រជាធិបតេយ្យ។ មិនតែប៉ុណ្ណោះ ប្រមុខទូតចិន បានព្រមានជាថ្មីថា ប្រទេសណាដែលប្រលែងនឹងភ្លើង ប្រទេសនោះនឹងរលាកផង។ 
 
ពេលនេះ ប្រធានសភាតំណាងអាម៉េរិក បានចាកចេញពីតៃវ៉ាន់ហើយ ដោយបន្តទស្សនកិច្ចនៅកូរ៉េខាងត្បូង៕ 
 
 

Tag:
 កម្ពុជា
  អាស៊ាន
  ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com