អន្តរជាតិ
អាស៊ាន
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកនាំពាក្យ៖ ការឯកភាព៥ចំណុច ផ្ដល់មូលដ្ឋានគ្រប់គ្រាន់ដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា
03, Aug 2022 , 8:31 pm        
រូបភាព
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី៣ ខែសីហា។ រូបថត៖ តន ចាន់រិទ្ធារ៉ា
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី៣ ខែសីហា។ រូបថត៖ តន ចាន់រិទ្ធារ៉ា
អាស៊ាន នឹងបន្តអនុវត្តតាមការឯកភាព៥ចំណុចរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដោយសារឯកភាពនេះ ផ្ដល់មូលដ្ឋានគ្រប់គ្រាន់សម្រាប់សមាជិកអាស៊ានទាំងអស់រកច្រកចេញពីវិបត្តិមួយនេះ។ នេះជាចម្លើយរបស់លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី៣ ខែសីហា។

 
វិបត្តិមីយ៉ាន់ម៉ា ជាបញ្ហាក្ដៅមួយក្នុងជំនួបរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ នៅកម្ពុជា។ វិបត្តិនេះ មិនធូរស្រាលឡើយ បើទោះជាអាស៊ានប្រឹងដោះស្រាយក្ដី។ អាស៊ាន ក៏បញ្ចេញការឯកភាព៥ចំណុចថែមទៀតដើម្បីដោះស្រាយវិបត្តិមានការបញ្ចប់ហិង្សា ការផ្ដល់ជំនួយមនុស្សធម៌ និងតួនាទីរបស់ប្រេសិតអាស៊ានជាដើម ប៉ុន្តែរដ្ឋាភិបាលយោធាហាក់មិនធ្វើតាមឡើយ។
 
ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៣ ខែសីហា អ្នកសារព័ត៌មានបានសួរលោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យកិច្ចប្រជុំថា តើក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការបរទេសអាស៊ាន បានជជែកពីការផ្លាស់ប្ដូរការឯកភាព៥ចំណុចនេះឬយ៉ាងណា?
 
ជាចម្លើយ លោក គង់ ភោគ បញ្ជាក់ថា ការឯកភាព៥ចំណុច ផ្ដល់មូលដ្ឋានគ្រប់គ្រាន់សម្រាប់សមាជិកអាស៊ានក្នុងការដាក់ចេញសកម្មភាពដែលបើកផ្លូវដល់ការសម្រេចបានការឯកភាពនេះ។ បើតាមរដ្ឋលេខាធិការរូបនេះ មកទល់ពេលនេះ មិនទាន់មានការជជែកធំដុំលើរឿងនេះឡើយក្នុងចំណោមសមាជិកអាស៊ាន ខណៈដែលរដ្ឋសមាជិកចង់ឃើញការឯកភាពចំណុច៥នេះ មានវឌ្ឍនភាពច្រើនតាមតែអាចធ្វើបាន។
 
«ជំហានបន្ទាប់របស់យើង គឺការធ្វើឱ្យចំណុចទាំង៥ អាចធ្វើប្រតិបត្តិការបាន។ ឧទាហរណ៍ ត្រង់ចំណុចទី៤ យើងដាក់ចេញសកម្មភាពជាច្រើនមានការផ្ដល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា។» លោក គង់ ភោគ ពន្យល់បែបនេះ។
 
ក្នុងកម្មវិធីបើកកិច្ចប្រជុំ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន និងជាប្រធានអាស៊ានផង បានរិះគន់ខ្លាំងៗដល់ការប្រហារជីវិតមនុស្ស៤នាក់ពីសំណាក់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បើទោះជាសម្ដេចផ្ទាល់ និងមេដឹកនាំអាស៊ានផ្សេងទៀតស្នើឱ្យរបបសឹកពិចារណាក្ដី។ សម្ដេចសង្កត់ធ្ងន់ថា ក្នុងករណីមានអ្នកទោសដទៃទៀតដែលនឹងត្រូវកាត់ទោសប្រហារជីវិត អាស៊ានត្រូវបង្ខំចិត្តគិតគូរឡើងវិញពីតួនាទីរបស់យើងចំពោះការព្រមព្រៀងឯកច្ឆន្ឆ៥ចំណុច៕
 
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com