អន្តរជាតិ
អាស៊ានលើបញ្ហាតៃវ៉ាន់៖ ពិភពលោកត្រូវការមេដឹកនាំមានទំនួលខុសត្រូវក្នុងការប្រកាន់ភាពជាដៃគូ
04, Aug 2022 , 10:12 am        
រូបភាព
ពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន។ រូបភាពយកពី ASEAN Cambodia 2022
ពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន។ រូបភាពយកពី ASEAN Cambodia 2022
ប្រមុខការទូតអាស៊ាន នៅថ្ងៃទី៣ ខែសីហា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញពីក្តីបារម្ភជុំវិញភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។ ក្នុងសេចក្តីថ្លែងការណ៍នេះ អាស៊ាន បានបញ្ជាក់យ៉ាងច្បាស់ថា ពិភពលោកត្រូវការមេដឹកនាំប្រកបដោយគតិបណ្ឌិត  និងការទទួលខុសត្រូវ ក្នុងការប្រកាន់ខ្ជាប់ពហុភាគីនិយម និងភាពជាដៃគូ កិច្ចសហប្រតិបត្តិការ ការរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាព សម្រាប់សន្តិភាព គោលដៅ ស្ថិរភាព និងសន្តិសុខរួម។

 
បញ្ហាច្រកសមុទ្រតៃវ៉ាន់ កំពុងស្ថិតក្នុងភាពតានតឹងយ៉ាងខ្លាំង បន្ទាប់ពីទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក នៅក្រុងតៃប៉ិ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters យន្តហោះចម្បាំងចិន នៅថ្ងៃទី៣ ខែសីហា បានឆ្លងបន្ទាត់កណ្តាល ពុះបែងចែករវាងចិន និងតៃវ៉ាន់ នៅច្រកសមុទ្រតៃវ៉ាន់ថែមទៀត។ 
 
ស្របពេលបញ្ហាក្នុងតំបន់ជិតខាងកំពុងកើនកម្តៅខ្លាំង រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី៣ ខែសីហា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយជំរុញឱ្យភាគីពាក់ព័ន្ធរឹតត្បិតសកម្មភាពរបស់ខ្លួនឱ្យបានខ្លាំងបំផុត និងបញ្ចៀសសកម្មភាពបង្កហេតុ រួមទាំងគោរពតាមគោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC)។ 
 
«ពិភពលោកត្រូវការមេដឹកនាំទាំងអស់មានគតិបណ្ឌិត  និងការទទួលខុសត្រូវ ក្នុងការប្រកាន់ខ្ជាប់ភាពជាដៃគូ និងពហុភាគីនិយម, កិច្ចសហប្រតិបត្តិការ, ការរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាព និងការប្រកួតប្រជែងដោយស្មើភាពសម្រាប់គោលដៅសន្តិភាព, ស្ថិរភាព, សន្តិសុខ, បរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាពរួមរបស់យើង»។ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសង្កត់ធ្ងន់បែបនេះ។
 
មិនតែប៉ុណ្ណោះ ប្រមុខការទូតអាស៊ាន បានបញ្ជាក់ជាថ្មីពីការគោរពគោលការណ៍ «ចិនតែមួយ» ផងដែរ។ ក្នុងនាមជាអង្គការតំបន់មួយ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានអះអាងថា ខ្លួនត្រៀមខ្លួនជាស្រេច ក្នុងការសម្របសម្រួលលើកិច្ចចរចាប្រកបដោយសន្តិភាពរវាងភាគីពាក់ព័ន្ធទាំងអស់ ដោយផ្អែកលើយន្តការរបស់អាស៊ាន ដើម្បីកាត់បន្ថយភាពតានតឹង រក្សាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់។
 
សូមបញ្ជាក់ បញ្ហាកោះតៃវ៉ាន់ បានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីអាម៉េរិកបានលក់អាវុធជាបន្តបន្ទាប់ឱ្យដែនកោះមួយនេះ។ មិនតែប៉ុណ្ណោះ សមាជិកសភាអាម៉េរិក បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់ជាបន្តបន្ទាប់ ដែលសកម្មភាពបែបនេះ ចិនចាត់ទុកជាការផ្តល់ការគាំទ្រដល់កម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់៕ 
 

Tag:
 អាស៊ាន
  ចិន
  តៃវ៉ាន់
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com