ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចិន សន្យាធ្វើអ្វីៗ ដើម្បីជួយកម្ពុជាក្នុងការអភិវឌ្ឍ
04, Aug 2022 , 11:45 am        
រូបភាព
សម្តេច ហ៊ុន សែន និង លោក វ៉ាង យី ដើរថ្ពក់ដៃគ្នា ក្នុងវិមានសន្តិភាព កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។ រូបពី AFP
សម្តេច ហ៊ុន សែន និង លោក វ៉ាង យី ដើរថ្ពក់ដៃគ្នា ក្នុងវិមានសន្តិភាព កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។ រូបពី AFP
ដោយ: ថ្មីៗ
លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន ជម្រាបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ចិន នឹងផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់កម្ពុជា ដែលប្រឹងប្រែងស្តារសេដ្ឋកិច្ច រួមទាំងវិស័យផ្សេងទៀតឡើងវិញ ពីវិបត្តិជំងឺកូវីដ-១៩។ មេដឹកនាំកម្ពុជា និងរដ្ឋមន្រ្តីការបរទេសចិន បានជួបពិភាក្សាគ្នាជាង២ម៉ោង នៅវិមានសន្តិភាព កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។

 
«[…] ឯកឧត្តម [វ៉ាង យី] បានគូសបញ្ជាក់ថា ចិន នឹងធ្វើអ្វីៗ នឹងព្យាយាមជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេស»។ នេះជាប្រសាសន៍របស់លោក ដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីកម្ពុជា។ 
 
ជាមួយគ្នានេះ លោក លើកឡើងថា ចិន បន្តគាំទ្រទាំងនយោបាយផ្ទៃក្នុង ទាំងនយោបាយការបរទេសរបស់កម្ពុជា។ តាមរយៈពាក្យសម្តីរបស់លោក ចិន មិនត្រឹមគាំទ្ររដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននោះទេ តែថែមទាំងគាំទ្រកម្ពុជាយ៉ាងរឹងមាំនៅថ្ងៃអនាគតផងដែរ ជាពិសេសការបន្តវេននៃការដឹកនាំនៅកម្ពុជា។ 
 
សម្ដេច ហ៊ុន សែន ថ្លែងទៅកាន់លោក វ៉ាង យី ថា កម្ពុជា ពិតជាបានទទួលអត្ថប្រយោជន៍ជាច្រើន ជាពិសេសទទួលបានជំនួយរបស់ចិនក្នុងការអភិវឌ្ឍ និងទទួលបានការវិនិយោគពីចិន។ នៅចំពោះរដ្ឋមន្រ្តីការបរទេសចិន ប្រមុខរដ្ឋាភិបាលកម្ពុជា ស្នើឲ្យចិន គាំទ្រឲ្យបានច្រើនថែមទៀត ដោយរួមទាំងការគាំទ្រទៅលើគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់កម្ពុជា។ 
 
សម្តេច ហ៊ុន សែន ស្នើឲ្យចិន បន្តជួយកម្ពុជា ក្នុងការនាំចូលផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ចិន។ លោក វ៉ាង យី តបថា ចិន ពិតជារីករាយក្នុងការបន្តនាំចូលផលិតផលពីកម្ពុជា ហើយលោក បញ្ជាក់ថា ចិន ជាទីផ្សារធំ ដូច្នេះ អាចមានតម្រូវការច្រើន។
 
សម្តេច ហ៊ុន សែន ស្នើឲ្យចិន បន្តបង្កើនការវិនិយោគនៅកម្ពុជា។ លោក វ៉ាង យី តបថា ចិន នឹងជំរុញឲ្យសហគមន៍ពាណិជ្ជករ បន្តវិនិយោគនៅកម្ពុជា។ ​ 
 
សម្តេច ហ៊ុន សែន ស្នើឲ្យចិន បង្កើនជើងហោះហើររវាងប្រទេសទាំង២ ដើម្បីជំរុញវិស័យទេសចរណ៍។ លោក វ៉ាង យី តបថា ជើងយន្តហោះ បានត្រឡប់មកធម្មតាវិញហើយ ហើយចិន នឹងពិចារណាក្នុងការបង្កើនជើងហោះហើររវាងប្រទេសទាំង២។ 
 
សម្តេច ហ៊ុន សែន ស្នើឲ្យចិន ពិចារណាជួយដល់វិស័យថាមពល ដែលជាវិស័យសំខាន់របស់កម្ពុជា ដើម្បីគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងស្ថានភាព ដែលមានផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន។ លោក វ៉ាង យី តបថា ចិន នឹងពិនិត្យមើល ដើម្បីជំរុញក្នុងវិស័យថាមពលនេះ។ 
 
សម្តេច ហ៊ុន សែន អរគុណចិន ដែលបានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងសន្ធឹកសន្ធាប់ រហូតកម្ពុជា អាចប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩​ បានជោគជ័យ និងបានបើកសេដ្ឋកិច្ចឡើងវិញ។ លោក វ៉ាង យី អរគុណសម្តេច ដែលបន្តគាំទ្រនយោបាយចិនតែមួយ។ 
 
សម្ដេច ហ៊ុន សែន ប្រាប់លោក យ៉ាង យី ថា វ៉ាក់សាំង គឺជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា។ លោក វ៉ាង យី ជម្រាបសម្តេចថា នៅពេលណាកម្ពុជា មានតម្រូវការវ៉ាក់សាំង ចិន នឹងជួយផ្ដល់ក្នុងលក្ខណៈអាទិភាពជូនកម្ពុជា។ 
 
«ជារួម កិច្ចពិភាក្សារវាងសម្ដេច ហ៊ុន សែន និង ឯកឧត្តម វ៉ាង យី គឺមានភាពស៊ីជម្រៅក្នុងការពង្រីកទំនាក់ទំនងទ្វេភាគី […]»។ នេះសំណេរលើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី។ តាមរយៈរូបភាពក្នុងជំនួបនេះ គេ បានឃើញកាយវិការរាក់ទាក់ និងមានភាពស្និទ្ធស្នាលគ្នាយ៉ាងខ្លាំងរវាងមេដឹកនាំកម្ពុជា និងទីប្រឹក្សារដ្ឋចិន។ 
 
មុនចូលជួបសម្តេច ហ៊ុន សែន លោក វ៉ាង យី បានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជា។ លោក បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជា កាលពីល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត។ កិច្ចប្រជុំទាំងនេះ ដែលស្ថិតក្រោមការរៀបចំរបស់កម្ពុជា ដែលជាម្ចាស់ផ្ទះ នឹងត្រូវបញ្ចប់នៅថ្ងៃទី៥ ខសីហា៕  
 

Tag:
 កម្ពុជា-ចិន
  ហ៊ុន សែន
  វ៉ាង យី
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com