អន្តរជាតិ
លោក វ៉ាង យី៖ អាម៉េរិកមិនអាចផ្លាស់ប្តូរនិន្នាការប្រវត្តិសាស្រ្ត ដែលតៃវ៉ាន់នឹងត្រលប់មកចិនបានទេ
04, Aug 2022 , 8:29 pm        
រូបភាព
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន។ រូបភាពយកពីASEAN Cambodia 2022
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន។ រូបភាពយកពីASEAN Cambodia 2022
ដោយ:
ការប៉ុនប៉ងរបស់អាម៉េរិក ក្នុងការប្រើប្រាស់តៃវ៉ាន់ ដើម្បីសង្កត់ចិននឹងមិនអាចជោគជ័យបានឡើយ ហើយក្រុងវ៉ាស៊ីនតោន ក៏មិនអាចផ្លាស់ប្តូរនិន្នាការប្រវត្តិសាស្រ្ត ដែលតៃវ៉ាន់នឹងត្រលប់មកចិនបានទេ។ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីការបរទេសចិនថ្លែងបែបនេះ ក្នុងអំឡុងជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរាជធានីភ្នំពេញ ក្នុងថ្ងៃទី៣ ខែសីហា។ ទន្ទឹមនេះ សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីពីជំហររបស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយដែរ។

 
ភាពតានតឹងជុំវិញទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់កើតឡើង ស្របពេលលោក វ៉ាង យី ដែលជារដ្ឋមន្រ្តីការបរទេសចិន និងទីប្រឹក្សារដ្ឋផងមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត។ 
 
អំឡុងជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី៣ ខែសីហា លោក វ៉ាង លើកឡើងថា អាម៉េរិកបានបង្ហាញពីពុតត្បុតរបស់ខ្លួន ដោយបានរៀបចំផែនការបង្ករឿងជុំវិញបញ្ហាតៃវ៉ាន់។ អាម៉េរិកតែងអះអាងថា ក្រុងវ៉ាស៊ីនតោនប្រកាន់គោលនយោបាយចិនតែមួយ ប៉ុន្តែការឈានជើងចូលកោះតៃវ៉ាន់របស់មន្រ្តីជាន់ខ្ពស់អាម៉េរិកជាលើកដំបូងក្នុង ២៥ ឆ្នាំមកនេះ បានធ្វើឱ្យក្រុងប៉េកាំងខឹងជាខ្លាំង ដោយចាត់ទុកថាទង្វើនេះស្ថិតក្រោមរូបភាពគាំទ្រឯករាជ្យតៃវ៉ាន់។
 
«ការប៉ុនប៉ងរបស់អាម៉េរិកក្នុងការប្រើប្រាស់តៃវ៉ាន់ ដើម្បីកៀបចិន ឬក៏នឹងផ្លាស់ប្តូរនិន្នាការប្រវត្តិសាស្រ្តដែលថាតៃវ៉ាន់មិនអាចគេចផុតពីការវិលត្រឡប់ទៅមាតុភូមិដើមវិញនឹងមិនអាចជោគជ័យឡើយ»។ ប្រមុខការទូតចិន សង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថាទង្វើបែបនេះនឹងកាន់តែជំរុញឱ្យប្រជាពលរដ្ឋចិនទាំង ១,៤ ពាន់លាននាក់រួមគ្នាជាធ្លុងមួយ ហើយពន្លឿនការកសាងសង្គមនិយមចិនឱ្យប្រែក្លាយជាប្រទេសដ៏អស្ចារ្យមហិមាមួយ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
បើតាមលោក​វ៉ាង បញ្ហានៅតៃវ៉ាន់ប្រាកដណាស់ នឹងបញ្ចប់តាមរយៈការរួបរួមចូលជាតិវិញ ហើយកងកម្លាំងឯករាជ្យតៃវ៉ាន់នឹងត្រូវបានប្រវត្តិសាស្រ្តរិះគន់។ 
 
ទន្ទឹមនេះ សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថាកម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយយ៉ាងមុតមាំ ដែលតៃវ៉ាន់ជាខេត្តមួយរបស់ចិនមិនអាចកាត់ផ្តាច់បាន។ បើតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន កម្ពុជាប្រឆាំងជាដាច់ខាតនូវរាល់ពាក្យសម្តី និងទង្វើណាដែលបំពានអធិបតេយ្យភាព និងបូរណភាពទឹកដីចិន។ លើសពីនេះ កម្ពុជានឹងបន្តគាំទ្រការពារផលប្រយោជន៍ស្នូលរបស់ក្រុងប៉េកាំង ហើយឈររួមគ្នាជាមួយប្រជាជនចិនទាំង ១,៤ ពាន់លាននាក់។
 
ក្រៅពីនេះ អំឡុងជំនួប ភាគីទាំងពីរក៏បានព្រមព្រៀងលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ទ្វេភាគីលើវិស័យជាច្រើនផងដែរ។ កម្ពុជា និងចិននឹងប្រារព្ធខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតទ្វេភាគីនៅឆ្នាំ ២០២៣៕

Tag:
 អាម៉េរិក
  ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com