កីឡាជាតិ
ជាតិ
ប៉ារ៉ាហ្គេម៖ អត្ដពលិកម្ពុជា ដណ្ដើមបានមេដាយមាស១ និងប្រាក់១បន្ថែមទៀតឲ្យកម្ពុជា
05, Aug 2022 , 2:26 pm        
រូបភាព
កីឡាករ វ៉ាន វ៉ុន  ឈន់ ពន់  ហៀ ហុក និង ហេង សាវឿន ឈ្នះមេដាយមាស លើវិញ្ញាសាប្រណាំងរទេះ ១០០ម៉ែត្រ ៤x៤ រូបពី NPCC
កីឡាករ វ៉ាន វ៉ុន ឈន់ ពន់ ហៀ ហុក និង ហេង សាវឿន ឈ្នះមេដាយមាស លើវិញ្ញាសាប្រណាំងរទេះ ១០០ម៉ែត្រ ៤x៤ រូបពី NPCC
ដោយ៖ គឹម មករា និង ហៀក ឆក 

អត្ដពលិកម្ពុជា ដណ្ដើមបានមេដាយមាស១ និងប្រាក់១បន្ថែមទៀតឲ្យកម្ពុជា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី៥ ខែសីហា ។



ក្រុមអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា ប្រកួតលើកីឡាអត្ដពលកម្ម វិញ្ញាសាប្រណាំងរទេះ ១០០ម៉ែត្រ ៤x៤ ដណ្ដើមបានមេដាយមាស។ អត្ដពលិក៤រូបនោះរួមមាន កីឡាករ វ៉ាន វ៉ុន , ឈន់ ពន់ , ហៀ ហុក និង ហេង សាវឿន។
 
មេដាយនេះ គឺជាមេដាយមាសទី៧ របស់កម្ពុជា បន្ទាប់ពីកីឡាការិនី វ៉ិត ចាន់ថា មេដាយមាស២, កីឡាការិនី ងួន រតនា មេដាយមាស១, ក្រុមបាល់បោះរទេះនារី មេដាយមាស១, កីឡាការិនី សន សាន មេដាយមាស១, និងក្រុមអត្ដពលិកកីឡាបាល់ទះ មេដាយមាស១។ 
 
ដោយឡែកក្រុមកីឡាការិនីបាល់បោះជិះរទេះកម្ពុជា បានត្រឹមទទួលបានមេដាយប្រាក់ បន្ទាប់ពីយកចាញ់ក្រុមថៃក្នុងលទ្ធផល លើវិញ្ញាសាបាល់បោះនារី ៥ទល់៥ វគ្គផ្តាច់ព្រ័ត្រ។
 
នៅវគ្គជម្រុះសន្សំពិន្ទុក្នុងពូល កម្ពុជាចាញ់ក្រុមថៃដោយលទ្ធផល ២៩-៤៧ ឈ្នះឡាវ ៥០-២៧ និងបន្តឈ្នះហ្វីលីពីន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយលទ្ធផល ៥៦-២៣។


 ការប្រកួតកីឡាបាល់បោះជិះរទេះរវាងក្រុមកីឡាការិនីកម្ពុជា(ក្រហម) ទល់នឹងក្រុមថៃ(ស)

សម្រាប់វគ្គផ្តាច់ព្រ័ត្រក្រុមកម្ពុជា បានជួបថៃម្តងទៀត នាទីលានបាល់បោះ COR Stritex Arena ដោយកម្ពុជាធ្វើមិនបានល្អឡើយ ក្នុងលទ្ធផល ៣៩-៥០ ។ បញ្ចប់ការប្រកួតកម្ពុជាគ្រងដំណែងមេដាយប្រាក់ ខណៈថៃគ្រងដំណែងមេដាយមាស។
ក្រុមកីឡាការិនីបាល់បោះកម្ពុជា៖
 
ទុន តំ , ស៊ឹម ដា, អាន ស៊ីណែត, សាន រដ្ឋា​, ម៉ៅ អិត, ផឺង ភ័ស, សៀង សុខច័ន្ទ, តោ ចិន្តា, ដួង ច័ន្ទរក្សា, ហូ ចន្ធី, ឡាក់ សាវរី និង ឯក ស្រីមុំ។
 
គិតត្រឹមព្រឹកថ្ងៃទី៥ ខែសីហា វេលាម៉ោង១២:00ថ្ងៃត្រង់ កម្ពុជា ឈ្នះមេដាយសរុប២៨ ក្នុងនោះមាស៧, ប្រាក់១០ និងសំរិទ្ធ១១៕
 

Tag:
 អាស៊ានប៉ារ៉ាហ្គេម
  Asean Para Games
© រក្សាសិទ្ធិដោយ thmeythmey.com