អត្ថបទពាណិជ្ជកម្ម
៣០ឆ្នាំនៃការបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅមជ្ឈមណ្ឌលអូស្រ្ដាលីសម្រាប់ការបណ្ដុះបណ្ដាល
05, Aug 2022 , 2:59 pm        
រូបភាព
កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២៖​​ លោកជំទាវ ព្រឹទ្ធសមាជិក Penny Wong រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី បានចូលរូមជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ម៉ៅ​ ស្រេង នាយកប្រចាំប្រទេសរបស់ជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្តាល អញ្ជើញសម្ពោធជាផ្លូវការ នូវទីតាំងថ្មីរបស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល (ACE) នៅសាខាចាក់អង្រែក្រោម ក្នុងក្រុងភ្នំពេញ។

កម្មវិធីនេះធ្វើឡើងស្របពេលជាមួយនឹងខួបទី៣០ឆ្នាំ នៃការបើកសាលា ACE ដំបូងបំផុតនៅកម្ពុជា ដោយឯកឧត្តម Paul Keating អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី ក្នុងឆ្នាំ១៩៩២។
  


សាលា ACE ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការបណ្តុះបណ្តាលភាសា របស់អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា UNTAC)។ ចាប់តាំងពីពេលនោះមក សាលានេះបានកើតឡើង រហូតដល់ចំនួនប្រាំមួយទីតាំងដែលបច្ចុប្បន្ននេះផ្តល់ការបណ្ដុះបណ្ដាល ភាសាអង់គ្លេសដល់សិស្ស ចាប់ពីអាយុប្រាំពីរឆ្នាំ ដល់មនុស្សពេញវ័យជាង ៨០ ០០០ នាក់ ក្នុងមួយឆ្នាំៗ។
 
លោកជំទាវរដ្ឋមន្ត្រី (Penny Wong បានមានប្រសាសន៍ថា "ប្រជាជនកម្ពុជាចំនួន ៥០០ ០០០ នាក់ ដែលបានសិក្សានៅសាលា ACE បានប្រើប្រាស់ជំនាញភាសាអង់គ្លេសរបស់ពួកគេដើម្បី បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសអូស្ត្រាលី ទទួលបានការងារកាន់តែប្រសើរ បើកអាជីវកម្មថ្មី និងភ្ជាប់ សហគមន៍មូលដ្ឋានរបស់ពួកគេទៅកាន់ពិភពលោកអោយកាន់តែទូលំទូលាយ។
 


«សាលា ACE ជាផ្នែកមួយដ៏មានមោទនភាពនៃកេរដំណែលក្នុងវិស័យអប់រំ របស់ប្រទេសអូស្ត្រាលី នៅប្រទេសកម្ពុជា ជាកេរដំណែលមួយដែលរួមបញ្ចូលផងដែរ នូវជំនួយរបស់យើង ក្នុងការបង្កើត​ និងរក្សានូវដេប៉ាតឺម៉ង់ភាសាអង់គ្លេស នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និង ១៩៩០»។
 
“ការតភ្ជាប់ក្នុងវិស័យអប់រំ និងភាសា ជាផ្នែកមួយនៃផ្នែកផ្សេងៗក្នុងប្រវត្តិសាស្ត្រ ដែលយើង ចែករំលែករួមគ្នា។ ឆ្នាំនេះ ជាខួបទី៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសអូស្ត្រាលី និងកម្ពុជា។ អនាគតនៃប្រទេសរបស់យើងទាំងពីរ ត្រូវបានចងភ្ជាប់ទៅនឹងតំបន់រួមរបស់យើងនេះ។"
 
ជាងប្រាំពីរទស្សវត្សរ៍មកនេះ អូស្ត្រាលីបានចាប់ដៃគូជាមួយប្រទេសកម្ពុជា ក្នុងវិស័យ កសិកម្ម អភិវឌ្ឍន៍ជនបទ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អភិបាលកិច្ច សមភាពយេនឌ័រ បរិយាបន្នពិការភាព និងការអប់រំ។
  


លោកជំទាវរដ្ឋមន្ត្រី Penny Wong បានបន្តទៀតថា “វាមានសក្តានុពលដ៏អស្ចារ្យ សម្រាប់អូស្ត្រាលី និងកម្ពុជា ក្នុងការកសាងទំនាក់ទំនងកាន់តែរឹងមាំ ដែលគូសបញ្ជាក់ដោយមហិច្ឆតារួមគ្នារបស់ យើង ដើម្បីតំបន់ដែលមានស្ថិរភាព និងវិបុលភាព។
 
លោកជំទាវរដ្ឋមន្ត្រីការបរទេស Penny Wong កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា។ លោកជំទាវនឹងជួបសម្ដែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកជំទាវ នៅទីនោះ ៕
  




(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com