អន្តរជាតិ
អាស៊ាន
អាស៊ានជំរុញឱ្យភាគីពាក់ព័ន្ធចាប់ផ្ដើមចូលតុចរចារឿងរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ឡើងវិញ
05, Aug 2022 , 2:55 pm        
រូបភាព
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-សាធារណរដ្ឋកូរ៉េ។ រូបភាព៖ ASEAN Cambodia 2022
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-សាធារណរដ្ឋកូរ៉េ។ រូបភាព៖ ASEAN Cambodia 2022
ប្រមុខការទូតអាស៊ាន បានជំរុញឱ្យភាគីពាក់ព័ន្ធនឹងបញ្ហារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងចូលតុចរចាឡើងវិញ ខណៈក្រុងព្យុងយ៉ាងបានសាកល្បងមីស៊ីលជាច្រើនលើក។  អាស៊ាន ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការលើកកម្ពស់បរិយាកាសអំណោយផលដល់ការ សន្ទនាដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធផងដែរ។ ឥឥឥ
 
ក្នុងសេចក្ដីថ្លែងការណ៍រួមចេញផ្សាយនៅថ្ងៃទី៥ ខែសីហា រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចសន្ទនាដោយសន្តិវិធី ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបានសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងការរំសាយអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ អាស៊ានក៏បានលើកឡើងពីការកើនឡើងនៃការបាញ់មីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង ដែលជាការរឿងដ៏គួរឱ្យព្រួយបារម្ភ និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
 
«យើងបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តកិច្ចសន្ទនាដោយសន្តិវិធីឡើងវិញ ហើយបន្តធ្វើការឆ្ពោះទៅរកការសម្រេចបានដូចជា សន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងឧបទ្វីបកូរ៉េដោយ ការរំសាយអាវុធនុយក្លេអ៊ែរ»។ សេចក្ដីថ្លែងការណ៍ខាងលើបានបញ្ជាក់បែបនេះ មុនបន្តថា ភាគី ពាក់ព័ន្ធគួរតែអនុវត្តពេញលេញ និងឆាប់រហ័សតាមសេចក្តីថ្លែងការណ៍ Panmunjom សេចក្តី ថ្លែងការណ៍រួមទីក្រុងព្យុងយ៉ាង និងសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាម៉េរិក និងកូរ៉េខាងជើង។
 
ក្នុងសេចក្តីថ្លែងការណ៍ Panmunjom កូរ៉េទាំងពីរបានឯកភាព​គ្នា​ក្នុង​ការ​សហការ​គ្នា​លើ​ការ​បញ្ចប់​សង្គ្រាម​កូរ៉េ​ជា​ផ្លូវ​ការ​ ការ​ចាប់​ផ្តើម​សករាជ​ថ្មី​នៃ​សន្តិភាព​និង​ការ​បង្រួប​បង្រួម​ជាតិ​ និង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​អន្តរកូរ៉េ​ប្រសើរ​ឡើងវិញ។  សេចក្តីថ្លែងការណ៍រួមទីក្រុងព្យុងយ៉ាងបាន អំពាវនាវឱ្យកូរ៉េទាំងពីរមានកិច្ចព្រមព្រៀងយោធា ការផ្លាស់ប្តូរស៊ីវិល និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន និងលក្ខខណ្ឌក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ 
 
ចំណែកសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាម៉េរិក និងកូរ៉េខាងជើង ភាគីទាំងពីរបានសន្យា រក្សាស្ថិរភាពតំបន់ដោយ អាម៉េរិកត្រូវផ្ដល់ការធានាផ្នែកសន្តិសុខដល់កូរ៉េខាងជើង រីឯកូរ៉េខាង ជើងនឹងរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
 
បន្ថែមពីនេះ អាស៊ានក៏បានអះអាងថា ប្លុកមួយនេះបានរៀបចំខ្លួនរួចជាស្រេចដើម្បីដើរតួនាទី ស្ថាបនាតាមរយៈការប្រើប្រាស់វេទិកាដឹកនាំដោយអាស៊ាន ដូចជាវេទិកាតំបន់អាស៊ាន (ARF) ក្នុង ការលើកកម្ពស់បរិយាកាសអំណោយផលដល់កិច្ចសន្ទនាដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធ៕
 

Tag:
 អាស៊ាន
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com