អន្តរជាតិ
លោកប្លីងខិន៖ ភាពខុសគ្នារវាងចិន និងតៃវ៉ាន់ គួរតែដោះស្រាយដោយសន្តិវិធី
05, Aug 2022 , 3:53 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន។ រូបភាព៖ Thmey Thmey
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន។ រូបភាព៖ Thmey Thmey
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី៥ ខែសីហា បានលើកឡើងជាថ្មីថា ភាពខុសគ្នារវាងចិន និងតៃវ៉ាន់ គួរតែដោះស្រាយដោយសន្តិវិធី ប៉ុន្តែមិនមែនដោយការគំរាម ឬដោយកម្លាំងយោធាឡើយ។

 
មួយរយៈចុងក្រោយនេះ ចិន និងអាម៉េរិក បានប៉ះសម្តីគ្នាយ៉ាងខ្លាំង ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក នៅកោះតៃវ៉ាន់។ មិនតែប៉ុណ្ណោះ ចិនតែងបង្ហាញសាច់ដុំរបស់ខ្លួន តាមរយៈសមយុទ្ធយោធាជាច្រើនលើកនៅក្បែរតៃវ៉ាន់។ ដោយបារម្ភចិនប្រើប្រាស់កម្លាំងយោធា វាយប្រហារតៃវ៉ាន់ លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក ក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងភ្នំពេញ នាថ្ងៃទី៥ ខែសីហា បានទទូចជាថ្មីឱ្យ ដែនដីទាំងពីរ ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិភាព។ 
 
«ភាពខុសគ្នារវាងចិន និងតៃវ៉ាន់ គួរតែដោះស្រាយប្រកបដោយសន្តិវិធី ប៉ុន្តែមិនមែនដោយសារការគំរាម ឬប្រើកម្លាំងយោធាឡើយ»។ ប្រមុខការទូតអាម៉េរិក បានតបបែបនេះនឹងអ្នកសារព័ត៌មាន ដែលបានសួរជុំវិញបញ្ហាកោះតៃវ៉ាន់។ បើតាមលោកប្លីងខិន អ្វីដែលអាម៉េរិកក្នុងឃើញប៉ុន្មានឆ្នាំចុងក្រោយ គឺចិន កំពុងស្ថិតលើចំណាត់ការប្រើប្រាស់កម្លាំង ដើម្បីវាយសង្រ្គុបតៃវ៉ាន់។ 
 
លោកប្លីងខិន បានបន្តថា អ្វីដែលអាម៉េរិកមិនចង់បាន គឺបង្អាក់សន្តិភាព និងសន្តិសុខអន្តរជាតិ ដោយសារវាមានភាពគ្រោះថ្នាក់ និងបំពានគោលការណ៍នៃមូលដ្ឋានទំនាក់ទំនងរវាងប្រទេស និងប្រទេស ក្នុងនោះរួមមានអធិបតេយ្យ បូរណភាពដែនដី និងឯករាជ្យ។ បើតាមរដ្ឋមន្រ្តីការបរទេសអាម៉េរិក បញ្ហាទាំងនោះ ក៏ត្រូវបានលោកលើកយកទៅជជែកជាមួយសមភាគីចិន រុស្ស៊ី និងអាស៊ានផង។ 
 
បន្ថែមពីនេះ ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកប្លីងខិន នៅថ្ងៃទី៤ ខែសីហាកន្លងទៅ បានសង្ឃឹមថា ចិននឹងមិនបង្កើតវិបត្តិ ឬស្វះស្វែងរកហេតុផល ដើម្បីបង្កើតសកម្មភាពយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងឡើង។ ត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក យល់ថា ភាពតានតឹង មិនបានផ្តល់ផលប្រយោជន៍ដល់ប្រទេសណាមួយឡើយ ហើយថែមទាំងមានផលវិបាកថែមទៀត។ 
 
នៅចំពោះមុខសមភាគីឥណ្ឌូណេស៊ី ប្រមុខការទូតអាម៉េរិក បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជំទាស់ការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន  (Status Quo) នៅច្រកសមុទ្រតៃវ៉ាន់។
 
គួររំឭកថា កន្លងមក ចិន តែងគំរាមប្រើកម្លាំងយោធាលើតៃវ៉ាន់ជាញយៗ ក្នុងករណីតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ៕ 
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com