កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Crystal ថាក្រុមនៅ Premier League មិនគួរឈប់លុតជង្គង់ឡើយ
05, Aug 2022 , 4:59 pm        
រូបភាព
លោក Patrick Vieira គ្រូបង្វឹកក្រុម Crystal Palace ថ្ងៃទី៤ ខែសីហា និយាយថាក្រុមនៅ ​Premier League មិនគួរបញ្ចប់ការលុតជង្គង់មុនការប្រកួតចាប់ផ្តើម ក្នុងការអំពាវនាវឱ្យបញ្ឈប់ការរើសអើងឡើយ។

 
កាលថ្ងៃទី៣ ខែសីហា Premier League បានបញ្ជាក់ថា កីឡាករនឹងមិនចាំបាច់លុតជង្គង់ដើម្បីបង្ហាញពីការប្រឆាំងការរើសអើងពូជសាសន៍ទៀតឡើយ រាល់គ្រប់ការប្រកួតសម្រាប់រដូវកាលថ្មី។ ការលុតជង្គង់នេះនឹងអាចស្ថិតនៅពេលវេលាកើតឡើងជាក់លាក់ណាមួយ។ 
 
កាលឆ្នាំ ២០២០ ពាក្យ «Black Lives Matter» ត្រូវបានក្លិបនៅក្របខណ្ឌ Premier League ប្រើនៅលើអាវក្នុងការអំពាវនាវឱ្យបញ្ឈប់ការរើសអើងពូជសាសន៍ ក្រោយពេលបុរសជនជាតិស្បែកខ្មៅមួយរូបឈ្មោះ ​​George Floyd បានស្លាប់ភ្លាមៗនៅប្រទេសអាម៉េរិក។ Floyd ត្រូវបានប៉ូលីសឃាត់ខ្លួនហើយបានយកជង្គង់សង្កត់ករបស់គេរហូតដល់ស្លាប់។ 
 
ពេលនោះក្លិបនៅ Premier League ទាំងអស់បានពាក់ស្លាក់សញ្ញាដែលមានពាក្យថា«Black Lives Matter»នៅលើដៃអាវ មុនពេលត្រូវបានផ្លាស់ប្តូរជំនួសដោយសញ្ញាដែលមានពាក្យថា«No Room for Racism» វិញ។ កីឡាករមួយចំនួននៅ Premier League ក្នុងនោះក៏មាន Wilfried Zaha មួយរូបបានស្នើថាឱ្យបញ្ឈប់ការលុតជង្គង់នោះ ​ដោយរូបគេបានលើកឡើងថា«ទោះបីជាលុតជង្គង់ ឬក៏ឈរ ក៏គ្មានបានប្រយោជន៍ដែរ ព្រោះការរើសអើងនៅតែមាន។»។
 
យ៉ាងណាមិញទោះត្រូវបានលីគកំណត់មិនចាំបាច់ធ្វើកាយវិការលុតជង្គង់ទៀតក៏ដោយ លោក Vieira គ្រូរបស់ Crystal បានរំពឹងថាកីឡាករក៏យល់ថាការលុតជង្គង់គឺជាសារដាស់តឿនដ៏សំខាន់បំផុតមួយ។
 
«យើងមិនអាចបញ្ឈប់វាទាំងស្រុងឡើយ ព្រោះនេះគឺជាសេចក្តីថ្លែងការណ៍ដាស់តឿនសំខាន់បំផុតមួយ។ វាពិតជាសំខាន់ណាស់ដែលត្រូវលុតជង្គង់ព្រោះយើងត្រូវប្រឆាំងលើការរើសអើង ហើយរឿងនេះក៏ជាឱកាសមួយក្នុងការបញ្ឈប់វាដែលតម្រូងឱ្យយើងបន្តធ្វើ ហើយវាគឺជារឿងដ៏ត្រឹមត្រូវមួយ។»។ លោក Vieira បាននិយាយក្នុងសន្និសិទកាសែតបែបនេះមុនជំនួបទល់ក្រុម Arsenal។
 
បើតាមការអះអាងរបស់ ​Premier League ដដែលការលុតជង្គង់មុនការប្រកួតចាប់ផ្តើមនឹងតម្រូវធ្វើឡើងអំឡុងការប្រកួតដំបូងនៃរដូវកាលថ្មី អំឡុងខែតុលា ដល់ខែមីនា ថ្ងៃប្រកួត«Boxing Day» មុនការប្រកួត World Cup។ មិនត្រឹមតែប៉ុណ្ណោះ Premier League ក៏កំណត់ថ្ងៃនៃការប្រកួតចុងក្រោយ ហើយនឹងនៅជំនួបផ្តាច់ព្រ័ត្រ FA Cup និង EFL Cup។
 
គួររំលឹកថាក្រុម ​Crystal Palace នឹងត្រូវបើទ្វារកីឡដ្ឋានស្វាគមន៍ក្រុមកាំភ្លើងធំ ​Arsenal នៅថ្ងៃទី៥ ឈានចូលថ្ងៃតី៦ វេលាម៉ោង ២ (ម៉ោងនៅកម្ពុជា) រំលងអាធ្រាត្រ ដែលជាការប្រកួតបើកឆាក់ Premier League មុនជំនួប Fulham ទល់ Liverpool៕
 

Tag:
 Patrick Vieira
  Crystal Palace
© រក្សាសិទ្ធិដោយ thmeythmey.com