ជាតិ
សេដ្ឋកិច្ច
អង់គ្លេសផ្តល់ប្រាក់កម្ចី ២,៣លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍បណ្តាញផ្គត់ផ្គង់ទឹកនៅកម្ពុជា
05, Aug 2022 , 7:59 pm        
រូបភាព
លោកស្រី Amanda Milling រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៊ីអង់គ្លេស។ រូបពីស្ថានទូតអង់គ្លេសច្រចាំកម្ពុជា។_
លោកស្រី Amanda Milling រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៊ីអង់គ្លេស។ រូបពីស្ថានទូតអង់គ្លេសច្រចាំកម្ពុជា។_
ដោយ ៖ ធន់ សេងហុង 
 
រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៊ី លោកស្រី Amanda Milling បានប្រកាសថា ក្រុមហ៊ុន InfraCo Asia  បានផ្តល់ប្រាក់កម្ចីចំនួន ២,៣លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍បណ្តាញផ្គត់ផ្គង់ទឹកនៅកម្ពុជា។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា នាថ្ងៃទី៤សីហា។


តាមរយៈជំនួបក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអង់គ្លេស អាស៊ាន លោកស្រី Amanda Milling បានបង្ហាញនូវផែការសកម្មភាពថ្មី នឹងធ្វើឱ្យកិច្ចសហប្រតិបតិ្តការកាន់តែស៊ីជម្រៅ លើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការការពារ និងសន្តិសុខ រួមបញ្ចូលទាំងសន្តិសុខដែនសមុទ្រ និងប្រព័ន្ធអ៊ីនធឺណែត ក៏ដូចជាការប្រែប្រួលអាកាសធាតុ ការអប់រំកុមារ ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ 
 
បើតាមលោកស្រី  Amanda Milling ដើម្បីពង្រីកទំនាក់ទំនងអភិវឌ្ឍន៍ និងសន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍ អង់គ្លេសនឹងបើកការិយាល័យវិនិយោគអន្តរជាតិអង់គ្លេស (BII) ក្នុងប្រទេសសិង្ហបុរីនៅចុងឆ្នាំនេះ ដើម្បីវិនិយោគក្នុងទំហំទឹកប្រាក់ ៥០០លានផោន (ប្រមាណ៦០៧លានដុល្លារ) នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ 
 
ទន្ទឹមនេះ អង់គ្លេសក៏កំពុងផ្តល់ការបណ្តុះបណ្តាលសម្រាប់ប្រទេសក្នុងតំបន់លើបញ្ហាសន្តិសុខ និងច្បាប់ដែនសមុទ្រ រួមទាំងកងនាវាចរណ៍ផងដែរ។ 
 
រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៊ីរូបនេះបានលើកឡើងថា ៖«អង់គ្លេសបន្តធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាដៃគូសន្តិសុខរបស់យើងជាមួយនឹងសេដ្ឋកិច្ច ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សទាំងនេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។វិធានការជាក់ស្តែង រួមទាំងការបើកការិយាល័យ BII ថ្មីនៅក្នុងប្រទេសសិង្ហបុរី គឺដើម្បីបង្កើនការវិនិយោគ និងការបណ្តុះបណ្តាលស្តីពីសន្តិសុខ និងច្បាប់សមុទ្របង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់យើងចំពោះតំបន់ និងបង្កើនការចូលរួមនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។ 
 
គួរបញ្ជាក់ថា ក្នុងអំឡុងពេលជំងឺរាតត្បាតសកល អង់គ្លេសបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ៤,៣លានដូសដល់សមាជិកអាស៊ាន និងបានថវិកាចំនួន ១លានផោន(ប្រមាណ១,២១លានដុលា្លរ) ដល់មូលនិធិដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន។ 
 
ថ្មីៗនេះអង់គ្លេស ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដើម្បីជួយដល់រដ្ឋអាស៊ាន ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង តាមរយៈមូលនិធិចំនួន ១០៧លានផោន(ជិត១៣០លានដុល្លារ) ដើម្បីគាំទ្រដល់ ASEAN Catalytic Green Finance Facility៕
 

Tag:
 អង់គ្លេស កម្ចី បណ្តាញផ្គត់ផ្គង់ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com