អន្តរជាតិ
ប្រធានសភាតំណាងអាម៉េរិក សន្យារក្សាសន្តិភាពច្រកសមុទ្រតៃវ៉ាន់ជាមួយជប៉ុន 
នាយករដ្ឋមន្ត្រីជប៉ុនលោកហ្វូមីអូ គីស៊ីដា (ខាងស្តាំ) និងប្រធានសភាតំណាងអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី។ រូបភាព៖ Kyodo
×![]()
ដោយ៖ ជា ពេជ្រដាឡែន និង ហ៊ួយ ស៊ីវលី
ជប៉ុន និងអាម៉េរិកនៅថ្ងៃទី៥ ខែសីហា បានព្រមព្រៀងធ្វើការជាមួយគ្នា ដើម្បីរក្សាសន្តិភាពនៅ តំបន់ច្រកសមុទ្រតៃវ៉ាន់ ខណៈដែលភាពតានតឹងផ្នែកយោធាកំពុងតែកើនឡើងរវាងក្រុង ប៉េកាំង និងក្រុងតៃប៉ិក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះមួយនេះ។ ជប៉ុនជាថ្មីម្ដងទៀតក៏បានថ្កោលទោស ចិនដែល បានបាញ់មីស៊ីលធ្លាក់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួនផងដែរ។
ប្រធានសភាតំណាងអាម៉េរិកកំពុងស្នាក់នៅជប៉ុនដែលជាប្រទេសចុងក្រោយនៃដំណើរទស្សកិច្ច មកកាន់តំបន់អាស៊ីដែលរួមមានការទៅកោះតៃវ៉ាន់ដែលបានបង្កឱ្យមានភាពតានតឹងផ្នែកយោធារវាងក្រុងប៉េកាំង និងក្រុងតៃប៉ិ។ ចិនក៏បានចាប់ផ្ដើមសមយុទ្ធបាញ់គ្រាប់ពិតកាលពីម្សិលមិញនៅទីតាំងចំនួន៦ជុំវិញកោះ ហើយក៏បានបាញ់មីស៊ីលចំនួន៥គ្រាប់ធ្លាក់ក្នុងតំបន់ EEZ របស់ជប៉ុនផងដែរ។
អំឡុងជំនួបរវាងនាយករដ្ឋមន្ត្រីជប៉ុនលោកហ្វូមីអូ គីស៊ីដា និងលោកស្រីផេឡូស៊ីនៅព្រឹកថ្ងៃទី ៥ ខែសីហា សម្ព័ន្ធមិត្តទាំងពីរបានសន្យាគ្នាក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅតំបន់ច្រក សមុទ្រកោះតៃវ៉ាន់ដែលជាផ្លូវដឹកជញ្ជូនទំនិញមួយដ៏សំខាន់។
«ខ្ញុំបានជូនដំណឹងដល់លោកស្រីផេឡូស៊ីថាការណ៍ដែលមីស៊ីលរបស់ចិនបានធ្លាក់នៅជិត ដែនទឹករបស់ជប៉ុន រួមទាំងក្នុងតំបន់ EEZ បានគំរាមកំហែងដល់សុវត្ថិភាព និងសន្តិសុខជាតិ របស់យើង ហើយជប៉ុនក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពបែបនេះ»។ លោកគី ស៊ីដាបានលើកឡើងបែបនេះក្រោយជំនួបខាងលើរួចបន្តថា ភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងការរក្សាកិច្ចសហប្រតិបត្តិការដ៏ស្និទ្ធស្នាលដើម្បីរក្សាសន្តិភាពតំបន់មួយនេះ។
លោកស្រី ផេឡូស៊ីបាន ទៅដល់ជប៉ុនបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង នៅថ្ងៃទី៤ ខែសីហាដែលលោកស្រីបានប្តេជ្ញាគាំទ្រក្នុងការលុបបំបាត់នុយក្លេអ៊ែរកូរ៉េខាងជើង។ នៅជប៉ុន លោកស្រីនឹងជួបលោក Hiroyuki Hosoda ដែលជាប្រធានសភាជាន់ទាប នៅថ្ងៃទី ៥ ខែសីហាផងដែរ។
ភាពតានតឹងរវាងជប៉ុន និងចិនបានកើនឡើងដល់ចំណុចមួយទៀត បន្ទាប់ពី ចិនបានប្រកាសថាកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរដែលគ្រោងនឹងធ្វើឡើងនៅក្រៅកិច្ចប្រជុំអាស៊ាននៅកម្ពុជាត្រូវបានផ្អាកដោយសារតែការមិនពេញចិត្តជាមួយសេចក្តី ថ្លែងការណ៍របស់ក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7)។ សេចក្ដីថ្លែង ការណ៍នោះបាន ជំរុញឱ្យទីក្រុងប៉េកាំងដោះស្រាយភាពតានតឹងតៃវ៉ាន់ដោយសន្តិវិធី។
តាមការចុះផ្សាយរបស់ទូរទស្សន៍ចិនCGTN យោធាចិន បានសម្ញែងយន្តហោះជាង ១០០គ្រឿង ក្នុងសមយុទ្ធនៅកោះតៃវ៉ាន់ ដោយក្នុងនោះមានដូចជាយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកផង។ មិនតែប៉ុណ្ណោះ បញ្ជាការភូមិភាគខាងកើតចិន ក៏បានបាញ់មីស៊ីលផងដែរ ដោយត្រូវគោលដៅទាំងអស់៕
© រក្សាសិទ្ធិដោយ thmeythmey.com