ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនទូរសព្ទ​ និងអ៊ិនធឺណិត មានពេល១០ខែ ពង្រឹងគុណភាពសេវាខ្លួនសម្រាប់ផ្គត់ផ្គង់អ្នកប្រើប្រាស់
05, Aug 2022 , 9:59 pm        
រូបភាព
ពលរដ្ឋម្នាក់កំពុងប្រើប្រាស់កម្មវិធីវាស់ស្ទង់ សេវាអ៊ិនធឺណិត និងសេវាទូរសព្ទឈ្មោះ MPTC Speed Test របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី៥សីហា ឆ្នាំ២០២២
ពលរដ្ឋម្នាក់កំពុងប្រើប្រាស់កម្មវិធីវាស់ស្ទង់ សេវាអ៊ិនធឺណិត និងសេវាទូរសព្ទឈ្មោះ MPTC Speed Test របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី៥សីហា ឆ្នាំ២០២២
ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដែលជាក្រុមហ៊ុនទូរសព្ទ និងអ៊ិនធឺណិត គឺមានពេល១០ខែ ដើម្បី​កែលំអ​និង​ពង្រឹងគុណភាពសេវាឬបណ្តាញរបស់ខ្លួន សម្រាប់បំពេញតម្រូវការរបស់ប្រើប្រាស់។ នេះជាការលើកឡើងសារជាថ្មីរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ ក្រោយប្រកាស«ស្តីពីគុណភាពសេវាទូរគមនាគមន៍» ត្រូវបានដាក់ឱ្យអនុវត្តនៅថ្ងៃទី១៧កក្កដា ឆ្នាំ២០២២។​

 
បើតាមលោក ជា វ៉ាន់ដេត​ បន្ទាប់ពីប្រកាសស្តីពី«គុណភាពសេវាទូរគមនាគមន៍» អនុវត្តបាន១០ខែ​ហើយនោះ បើប្រតិបត្តិករទូរគមនាគមន៍ណាមួយ មិនអនុវត្តតាមស្តង់ដារអប្បបរមានៃសេវាទូរសព្ទ និងអ៊ិនធឺណិតដែលបាន​កំណត់ទេ ប្រតិបត្តិករទូរគមនាគមន៍នោះ នឹងត្រូវទទួលរងពិន័យ។ 
 
ក្នុងសន្និសីទកាសែតស្ដីពី«សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី៤សីហា លោក ជា វ៉ាន់ដេត មានប្រសាសន៍ដូច្នេះ៖ «យើងមានប្រកាសហ្នឹង ហើយយើងទុក១០ខែ ឱ្យប្រតិបត្តិករ ទាំងសេវាអ៊ិនធឺណិត ទាំងសេវាទូរសព្ទ រៀបចំកែសម្រួលបណ្តាញរបស់ខ្លួន​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្តង់ដារនៃសេវាអ៊ិនធឺណិត និងសេវាទូរសព្ទ តាមរយៈប្រកាសនេះ»។​
 
 

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ រូបថត៖ MPTC

ដើម្បីឱ្យប្រកាសអនុវត្តឱ្យបានដោយជោគជ័យ លោក ជា វ៉ាន់ដេត អំពាវនាវឱ្យពលរដ្ឋប្រើប្រាស់កម្មវិធីវាស់ស្ទង់ សេវាអ៊ិនធឺណិត និងសេវាទូរសព្ទ(App MPTC Speed Test)របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍រូបនេះបានបញ្ជាក់ថា ៖«កាលណាពលរដ្ឋប្រើប្រាស់កម្មវិធីនេះ គឺដឹងតែម្តង ថាយើងប្រើសេវាទូរសព្ទនៅក្នុងកម្រិតក្រោមស្តង់ដារ ឬក្រោមស្តង់ដារ។ ក្រោមស្តង់ដារ បានន័យថាសេវា អត់មាន ឬក៏រអាក់រអួល»។
ប្រកាសស្តីពី«គុណភាពសេវាទូរគមនាគមន៍» ដែលលោ ជា វ៉ាន់ដេត ដាក់ឱ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់អនុវត្តនោះ ចាប់តាំងពីថ្ងៃទី១៧កក្កដា ឆ្នាំ២០២២ ដោយយតម្រូវឱ្យមាន ការកែលំអនិងពង្រឹងគុណភាពចម្បងនៃការផ្តល់សេវាកម្ម គុណភាពសំឡេង ល្បឿនទាញយកទិន្នន័យ ល្បឿនបញ្ជូនទិន្នន័យ លែតថិនស៊ី និងភាពអាចទុកចិត្តបាននៃសេវាទូរគមនាគមន៍...ជាដើម។​
 
ខ្លឹមសារក្នុងប្រកាសខាងលើបានបញ្ជាក់ថា​ រយៈពេលផ្គង់ផ្គង់នៃការភ្ជាប់បណ្តាញដំបូងចំពោះសេវាទូរសព្ទចល័ត ដែលដំណើរការដោយបច្ចេកវិទ្យា2G/3G/4G  ត្រូវតូចជាង១ម៉ោង ៩៥ភាគរយ(ត្រូវ<១ម៉ោងសម្រាប់អត្រា៩៥ភាគរយ)។ ចំពោះលទ្ធភាពប្រើប្រាស់បណ្តាញស្នូលនៃទូរសព្ទចល័តត្រូវធំជាង ឬស្មើនឹង៩៩,៥០ភាគរយនៃរយៈពេលដំណើការបណ្តាញស្នូល។​ អត្រាហៅចេញជោគជ័យរបស់ទូរសព្ទចល័តត្រូវធំឬស្មើនឹង៩៨ភាគរយនៃចំនួននៃការហៅចេញ។ ​រយៈពេលភ្ជាប់ការហៅចេញរបស់ទូរសព្ទចល័ត ត្រូវតូចជាង៦វិនាទីសម្រាប់អត្រា៥០ភាគរយ និងតូចជាង៨វិនាទីសម្រាប់អត្រា៩៥ភាគរយ នៃការហៅចេញ។ 
 
ចំពោះគុណភាពសំឡេងរបស់ទូរសព្ទចល័ត​ត្រូវ 2G/GSM, 3G/HSPA+ ត្រូវធំជាង៣នៃកម្រិតនៃពេញចិត្តសម្រាប់អត្រា៩០ភាគរយ និង4G/VoLTE គឺត្រូវធំជាង៤ នៃកម្រិតនៃពេញចិត្តសម្រាប់អត្រា ៩០ភាគរយ។ ចំពោះ លែតថិនស៊ី(Latency) នៃសេវាអ៊ិនធឺណិតចល័ត ត្រូវតូចជាង៥០មីលីវិនាទី សម្រាប់កម្រិតថ្នាក់ជាតិ, តូចជាង៧០មីលីវិនាទីសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក,​ តូចជាង២០០មីលីវិនាទី សម្រាប់តំបន់អឺរ៉ុប និងត្រូវតូចជាង៣០០មីលីវិនាទីសម្រាប់តំបន់អាម៉េរិក។ 
 
ការបើកមើលវីដេអូអនឡាញនៃសេវាអ៊ិនធឺណិតចល័តនៅរាជធានីនិងក្រុងក្នុងខេត្ត រួមទាំងតំបន់ប្រជុំជនតាមស្រុក ចំពោះអត្រានៃការបើកមើលវីដេអូអនឡានដោយជោគជ័យគឺត្រូវធំជាង ៩៥ភាគរយនៃចំនួនវីដេអូដែលបានបើកសរុប, អត្រាចូលទៅដំណើរការវីដេអូធំជាង១០នាទី គឺត្រូវតូចជាង៥ភាគរយនៃចំនួនសរុបនៃរយៈពេលចូលទៅដំណើរវីដេអូ។ សម្រាប់សមាមាត្រនៃរយៈពេលបង្អាក់ដំណើរការវីដេអូ គឺត្រូវតូចជាង៥ភាគរយនៃរយៈពេលសរុបនៃការដំណើរការវីដេអូ។ 
 
ការបើកមើលវីដេអូអនឡាញនៃសេវាអ៊ិនធឺណិតចល័តនៅតំបន់ជនបទតាមស្រុកវិញ អត្រានៃការបើកមើលវីដេអូអនឡានដោយជោគជ័យគឺត្រូវធំជាង ៨៥ភាគរយនៃចំនួនវីដេអូដែលបានបើកសរុប, អត្រាចូលទៅដំណើរការវីដេអូធំជាង១០នាទី ត្រូវតូចជាង១០ភាគរយនៃចំនួនសរុបនៃរយៈពេលចូលទៅដំណើរវីដេអូ និងសមាមាត្រនៃរយៈពេលបង្អាក់ដំណើរការវីដេអូ គឺត្រូវតូចជាង១០ភាគរយនៃរយៈពេលសរុបនៃការដំណើរការវីដេអូ។ នេះបើយោងតាមប្រកាសស្តីពី«គុណភាពសេវាទូរគមនាគមន៍»។
 
យោងតាមទិន្នន័យរបស់ក្រសួងប្រៃសណីយ៍  និងទូរគមនាគមន៍ បច្ចុប្បន្ន កម្ពុជាមានប្រតិបត្តិករក្នុងវិស័យទូរគមនាគមន៍ចំនួន ៦៩។ ក្នុងនោះ មាន៥ ជាប្រតិបត្តិករទូរសព្ទចល័ត, មាន៣៨ ជាប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត(ISP) និង៥ទៀត ជាប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុកទិកលើគោក និងក្រោមបាតសមុទ្រ។ ទិន្នន័យដដែលបានបង្ហាញថា  អ្នកប្រើប្រាស់សេវាទូរសព្ទចល័តនៅកម្ពុជា មានជាង១៣លាននាក់, អ្នកប្រើសេវាអ៊ីនធឺណិតចល័តមាន ជាង១៧លាននាក់, សេវាទូរសព្ទអចល័ត មានជិត៤ម៉ឺននាក់ និងសេវាអ៊ិនធឺណិតអចល័ត មានជាង៣១ម៉ឺននាក់៕
 

Tag:
 លោក ជា វ៉ាន់ដេត
© រក្សាសិទ្ធិដោយ thmeythmey.com