កីឡាជាតិ
ជាតិ
លីគ២ ៖ គ្រូបង្វឹកនគរបាលជាតិ ថាអគ្គិសនីកម្ពុជា មិនមែនជាក្រុមស្រួលយកឈ្នះទេ
06, Aug 2022 , 11:09 am        
រូបភាព
ក្រុមអគ្គិសនីកម្ពុជា ប្រជែងយកបាល់ ជាមួយក្រុមសៀមរាបអេហ្វីស៊ី រូបពី Cambodian League 2
ក្រុមអគ្គិសនីកម្ពុជា ប្រជែងយកបាល់ ជាមួយក្រុមសៀមរាបអេហ្វីស៊ី រូបពី Cambodian League 2
លោក អ៊ុង កនយ៉ានិត គ្រូបង្វឹកនគរបាលជាតិ ថាក្រុមអគ្គិសនីកម្ពុជា ជាក្រុមដែលកំពុងសប្បាយជាមួយជ័យជម្នះ និងជាក្រុមខ្លាំងក្នុងលីគ២ តែនគរបាលជាតិ ត្រូវតែដាក់គោលដៅយកឈ្នះឲ្យបាន។ ក្រុមទាំងពីរត្រូវ ជួបគ្នា នៅទីលានបាល់ទាត់ 7NG វេលាម៉ោង ៣:៤៥រសៀល នៃពានរង្វាន់លីគ២ (Cambodian League 2) សប្ដាហ៍ទី១៤ នាថ្ងៃទី៦ ខែសីហា ។


 
នគរបាលជាតិ បានត្រៀមខ្លួនទទួលក្រុមអគ្គិសនីកម្ពុជាហើយ។ លោក អ៊ុង កងយ៉ានិត គ្រូបង្វឹកក្រុមនគរបាលជាតិ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ពេលនេះ អគ្គិសនីកម្ពុជា មានកម្រិតខ្លាំងក្នុងលីគ២ ដោយមិនធ្លាប់ចាញ់ទេ ក្នុង១៣ប្រកួតកន្លងមកនេះ ពោលតែបានត្រឹមស្មើ២ប្រកួត ដោយក្នុងនោះក្រុមទាំងពីរ ធ្លាប់ស្មើគ្នា ក្នុងលទ្ធផល១-១។
 
«អគ្គិសនីកម្ពុជា មិនមែនជាក្រុមដែលស្រួលយកឈ្នះទេ។ ក្រុមនេះ ជោគជ័យជាខ្លាំងក្នុងលីគ២។ ក្រុមនគរបាលជាតិបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលក្រុមនេះ។ ក្រុមយើង មិនមែនប្រឹងប្រកួតសម្រាប់តែប្រកួតនេះទេ តែក៏នឹងប្រឹងប្រែងធ្វើឲ្យបានល្អ ដើម្បីអាចគ្រប់លក្ខណ អាចទៅប្រកួតនៅលីគកំពូលកម្ពុជា។»។ គ្រូបង្វឹកនគរបាលជាតិ បានប្រាប់បែបនេះ។

ក្រុម អគ្គិសនីកម្ពុជា ប្រជែងយកបាល់ ជាមួយក្រុមសៀមរាបអេហ្វីស៊ី រូបពី Cambodian League 2
 
អគ្គិសនីកម្ពុជា ធ្វើបានល្អ គ្រប់ការប្រកួត ទាំងក្នុងលីគ២ និងពានសម្ដេច ហ៊ុន សែន ។ បច្ចុប្បន្នក្រុមនេះ ឈរលេខ១ មាន៣៥ពិន្ទុ ខណៈ នគរបាលជាតិ មាន២៤ពិន្ទុ ឈរលេខ៤។
 
ទន្ទឹមគ្នានេះ អាយ អេស អាយ ដង្កោសែនជ័យ ត្រូវប៉ះជាមួយ អាស៊ីអ៊ឺរ៉ុបយូណាយធីត នៅកីឡដ្ឋាន Smart RSN, សូលទីឡូអង្គរ ស្វាគមន៍ ព្រៃវែង នៅកីឡដ្ឋានហុនមាន, សៀមរាប អេហ្វស៊ី ប្រកួតជាមួយកោះកុង អេហ្វស៊ី នៅទីលានខេត្តសៀមរាប និង ណិចស្ដិប ត្រូវប៉ះ បន្ទាយមានជ័យ នៅទីលានវិទ្យាល័យអង្គរ។ 
 
ដោយឡែក ការប្រកួតរវាង ខេត្តត្បូងឃ្មុំ និងសាលាកីឡាបាល់ទាត់ជាតិ នៅវិទ្យាល័យមេមត់ ត្រូវពន្យាពេលទៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដោយក្រោមហេតុផល សាលាកីឡាបាល់ទាត់ជាតិ មានកីឡាករ៨ នាក់ ខណៈកីឡាករផ្សេងទៀត កំពុងជួយក្រុមជម្រើសជាតិអាយុ១៦ឆ្នាំ ចូលរួមប្រកួត AFF U-16 នៅប្រទេសឥណ្ឌូណេស៊ី៕
 

Tag:
 បាល់ទាត់
  លីគ២
© រក្សាសិទ្ធិដោយ thmeythmey.com