កីឡាអន្តរជាតិ
អន្តរជាតិ
Sevilla ខ្ចីជើង Telles ពីបិសាចក្រហម
06, Aug 2022 , 1:59 pm        
រូបភាព
ខ្សែការពារស្លាបឆ្វេង Alex Telles របស់ក្រុម Manchester United ចូលរួមជាមួយក្រុម Seviila ក្នុងនាមកីឡាករខ្ចីជើងរយៈពេល ១រដូវកាល នាថ្ងៃទី៥ ខែសីហា។


 
កីឡាករវ័យ ២៩ឆ្នាំ បានចូលរួមជាមួយក្រុមបិសាចក្រហម កាលខែតុលា ឆ្នាំ ២០២០ ប៉ុន្តែរូបគេមិនសូវទទួលបានពេលវេលាលេងប៉ុន្មានឡើយ សម្រាប់ជម្រើស ១១នាក់ដំបូងមកដល់ពេលនេះ ខណៈ Man United ក៏ជួបបញ្ហាធ្លាក់ទម្រង់លេងខ្លាំង នា៥រដូវកាលចុងក្រោយ។
 
តួនាទី Telles លេងឱ្យបិសាចក្រហមភាគច្រើន គឺត្រូវបានគ្រូបង្វឹកដាក់ចូលជំនួសខ្សែការពារស្លាបឆ្វេងដូចគ្នាគឺ Luke Shaw ពេលគេរងរបួសជាដើម។ តែក្រោយពេលមកដល់របស់លោក Erik ten Hag ជាអ្នកចាត់ការថ្មីលោកបាននាំយកខ្សែការពារស្លាបឆ្វេងមួយរូបទៀត គឺ Tyrell Malacia ពីក្រុម Feyenoord តំណែងរបស់ Telles ហាក់មានផលវិបាកបន្ថែមឡើង។
 
បើតាមរបាយការណ៍ ក្លិប Sevilla នឹងផ្តល់ប្រាក់ថ្លៃពលកម្មដល់ Telles ពេញដូចកាលនៅក្លិប Man United ប៉ុន្តែក្នុងកិច្ចព្រមព្រៀងមិនមានបូកបន្ថែមជម្រើសអ្វីផ្សេងទៀតឡើយ ក្នុងការចុះកិច្ចសន្យាកីឡាករសញ្ជាតិប្រេស៊ីល។
 
ក្រោយត្រូវ Sevilla ខ្ចីជើងយកទៅ Telles ជាកីឡាករបិសាចក្រហមចុងក្រោយគេដែលចាកចេញពីទឹកដី Old Trafford នាទីផ្សាររដូវក្តៅនេះ ក្នុងពេលដែលលោក Ten Hag គ្រប់គ្រងក្រុម។ កីឡាករដែលចាកចេញដោយគ្មានតម្លៃខ្លួនពី Man United រដូវកាលនេះរួមមាន Paul Pogba, Edinson Cavani, Jesse Lingard, Nemanja Matic និង Juan Mata ព្រោះផុតកុងត្រា។
 
ក្រៅពីកីឡាករទាំងអស់នេះ កីឡាករ Andreas Pereira ដែលមិនសូវបង្ហាញខ្លួននៅ Man United ក៏បានចូលរួមជាមួយក្រុម Fulham ដែលទើបឡើងមក Premier League ជាមួយកិច្ចសន្យារយៈពេលយូ។ ខណៈដែលអ្នកចាំទី Dean Henderson ផ្លាស់ទៅ Nottingham Forest ខ្ចីជើង៕

Tag:
 Alex Telles
  Manchester United
  Sevilla
© រក្សាសិទ្ធិដោយ thmeythmey.com