ជាតិ
សេដ្ឋកិច្ច
ជប៉ុនផ្តល់កម្ចីជាង ៣០០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ
06, Aug 2022 , 3:29 pm        
រូបភាព
ពិធីចុះហត្ថលេខាកម្ចីសម្បទានរវាងលោក ប្រាក់ សុខុន (ស្តាំ)និងលោកហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា  (ឆ្វេង) ។
ពិធីចុះហត្ថលេខាកម្ចីសម្បទានរវាងលោក ប្រាក់ សុខុន (ស្តាំ)និងលោកហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (ឆ្វេង) ។
ដោយ៖ ធន់ សេងហុង

ជប៉ុនបានផ្តល់កម្ចីសម្បទានដែលមានទំហំទឹកប្រាក់ ៤១,៣៨៨ពាន់លានយ៉េន (ប្រមាណ៣៨៣,២២លានដុល្លារ) ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

 
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីកាបរទេសជប៉ុន លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់កម្ចីសម្បទានចំនួន ៣៨៣,២២លានដុល្លារ នៅវិមានសន្តិភាព នាថ្ងៃទី ៦សីហានេះ។ តាមរយៈកម្ចីសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងការធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងប្រែក្លាយកំពង់ផែនេះ ទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងតំបន់។
 
សម្តេច ហ៊ុនសែន បានអរគុណចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែលបានផ្ដល់នូវឥណទានសម្បទានដល់គម្រោងស្ថាបនាសាងសង់កំពង់ផែក្រុងព្រះសីហនុ និងការផ្តល់នូវវ៉ាក់សាំងកូវីដ-១៩ កន្លងមក ដែលជាការចូលរួមចំណែកធ្វើឱ្យកម្ពុជា ទទួលបានជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានល្អប្រសើរ និងមានលទ្ធភាពបើកដំណើរការសេដ្ឋកិច្ចឡើងវិញផងដែរ៕
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com