អន្តរជាតិ
លោក វ៉ាង យី៖ ចិនពេញចិត្តធ្វើការជាមួយរុស្ស៊ី ដើម្បីរក្សាប្រព័ន្ធអន្តរជាតិដោយលើUN
06, Aug 2022 , 9:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេស លោក វ៉ាង យី (ខាងស្តាំ) ជាប់ដៃជាមួយសមភាគីរុស្ស៊ី លោក លោក  ស៊ែហ្គេយ៍ ឡាវរ៉ូវ នៅក្រុងភ្នំពេញ។ រូបភាព៖ ក្រសួងការបរទេសចិន
រដ្ឋមន្រ្តីការបរទេស លោក វ៉ាង យី (ខាងស្តាំ) ជាប់ដៃជាមួយសមភាគីរុស្ស៊ី លោក លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ នៅក្រុងភ្នំពេញ។ រូបភាព៖ ក្រសួងការបរទេសចិន
រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី នៅថ្ងៃទី៥ ខែសីហា បានប្រាប់សមភាគីរុស្ស៊ីថា រដ្ឋាភិបាលក្រុងប៉េកាំងពេញចិត្តធ្វើការជាមួយក្រុងមូស្គូ ដើម្បីថែរក្សាប្រព័ន្ធអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាមូលដ្ឋាន។ ការបញ្ជាក់របស់លោកវ៉ាងបែបនេះ ធ្វើឡើងបន្ទាប់ពីទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិកនៅតៃវ៉ាន់។

 
ប្រមុខការទូតចិន លោកវ៉ាង យី នៅថ្ងៃទី៥ ខែសីហា បានជួបជាមួយសមភាគីរុស្ស៊ី លោក  ស៊ែហ្គេយ៍ ឡាវរ៉ូវ នៅក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅក្រុងភ្នំពេញ។ ជំនួបនេះ ធ្វើឡើងស្របពេល ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ កំពុងកើនកម្តៅខ្លាំង ដោយសារតែដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក។ 
 
ដោយយល់ឃើញថាអាម៉េរិកកំពុងលូកដៃចូលមកក្នុងកិច្ចការផ្ទៃក្នុងខ្លួន លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានអះអាងថា ចិនពេញចិត្តធ្វើការជាមួយរុស្ស៊ី ដើម្បីថែរក្សាប្រព័ន្ធអន្តរជាតិ ដែលមានមូលដ្ឋានរបស់អង្គការសហប្រជាជាតិ។ ត្រង់ចំណុចនេះ លោកវ៉ាង បានបញ្ជាក់ថា ប្រទេសជិតខាងទាំងពីរ ក្នុងកាលៈទេសៈបែបនេះ គួររួមគ្នាលើកតម្កើងការអភិវឌ្ឍតំបន់ កិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងសេដ្ឋកិច្ចឌីជីថល។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។ 
 
ក្នុងជំនួបទ្វេភាគីនេះ លោកវ៉ាងក៏បានសរសើពីការគាំទ្ររបស់រុស្ស៊ីលើគោលនយោបាយចិនតែមួយផង បន្ទាប់ពីទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី។
 
ចំណែកលោក ឡាវរ៉ូវ វិញបានអះអាងថា អាម៉េរិក តែងជាប្រទេសសម្លុតប្រទេសដទៃ ហើយថែមទាំងមានគោលនយោបាយអនុត្តរភាពនិយម ដែលប្រឆាំងនឹងការឯកភាពនៅក្នុងសហគមន៍អន្តរជាតិថែមទៀត។ បើតាមប្រមុខការទូតរុស្ស៊ី គោលនយោបាយបែបនោះ នឹងមិនទទួលបានជោគជ័យឡើយ។ 
 
សូមបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែន និងទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកនៅតៃវ៉ាន់ អាចរុញឱ្យក្រុងប៉េកាំង និងក្រូងមូស្គូមានទំនាក់ទំនង កាន់តែជិតស្និទ្ធជាងមុន៕
 

Tag:
 ចិន
  រុស្ស៊ី
  UN
© រក្សាសិទ្ធិដោយ thmeythmey.com