អន្តរជាតិ
អាស៊ាន
កូរ៉េខាងជើងថា ប្រធានសភាតំណាងអាម៉េរិកជាអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពអន្តរជាតិ 
ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី។ រូបភាព៖ AFP
×![]()
កូរ៉េខាងជើង នៅថ្ងៃទី៦ ខែសីហា បានចោទប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ថាជាអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពអន្តរជាតិ រួមទាំងអាក្រក់ម្នាក់ ដោយសារលោកស្រីប្រឆាំងនឹងកូរ៉េខាងជើង និងធ្វើឱ្យចិនខឹងសម្បារក្រោយធ្វើទស្សនកិច្ចនៅតៃវ៉ាន់។
ក្រោយដំណើរទស្សនកិច្ចនៅតៃវ៉ាន់ ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បានបន្តដំណើរទៅកូរ៉េខាងត្បូង និងជប៉ុន។ លោកស្រី ផេឡូស៊ី បានទៅដល់កូរ៉េខាងត្បូងនៅថ្ងៃទី៤ ខែសីហា ដើម្បីគាំទ្រដល់ការប្រឹងប្រែងទប់ទល់ប្រឆាំងនឹងកូរ៉េខាងជើង និងប្ដេជ្ញាសម្រេចឱ្យបានការលុបបំបាត់នុយក្លេអ៊ែរកូរ៉េខាងជើង។
បើតាមសេចក្ដីថ្លែងការណ៍រួមមួយ លោកស្រី ផេឡូស៊ី បានជួបជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Kim Jin Pyo នៅទីក្រុងសេអ៊ូល ដោយអ្នកទាំងពីរបានលើកឡើងពីការព្រួយបារម្ភចំពោះការគំរាមកំហែងពីឥទ្ធិពលនុយក្លេអ៊ែរនិងមីស៊ីល របស់កូរ៉េខាងជើង។ លើសពីនេះ លោក Kim និង លោកស្រី ផេឡូស៊ី បានយល់ព្រមគាំទ្រការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង និងស្វែងរកសន្តិភាពនៅលើឧបទ្វីបកូរ៉េ។
លោក Jo Yong Sam អគ្គនាយកនៃនាយកដ្ឋានព័ត៌មាន របស់ក្រសួងការបរទេសកូរ៉េខាងជើង បានរិះគន់ខ្លាំងៗទៅលើ លោកស្រី ផេឡូស៊ី ជុំវិញដំណើរទស្សនកិច្ចនៅព្រំដែនកូរ៉េខាងជើង និងការពិភាក្សាអំពីការរារាំង ប្រឆាំងនឹងកូរ៉េខាងជើង។
«លោកស្រី ផេឡូស៊ី ជាអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពអន្តរជាតិដ៏អាក្រក់បំផុតម្នាក់ ដោយបានធ្វើឱ្យប្រជាជនចិនខឹងសម្បារយ៉ាងខ្លាំង ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រីទៅតៃវ៉ាន់»។ លោក Jo Yong Sa លើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ទីភ្នាក់ងារព័ត៌មាន KCNA។
សារព័ត៌មានរដ្ឋ KCNA បានបន្ថែមថា ការលើកឡើងរបស់លោកស្រី ផេឡូស៊ី គឺជាផ្នែកមួយនៃគម្រោងរបស់អាម៉េរិក ដើម្បីបង្កើនភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ ហើយលោកស្រីកំពុងព្យាយាមបង្ហាញពីគោលនយោបាយរបស់អាម៉េរិកប្រឆាំងនឹងកូរ៉េខាងជើង តែគាំទ្រការបង្កើនឥទ្ធិពលយោធារបស់ខ្លួន។
គួរបញ្ជាក់ថា ក្រោយដំណើរទស្សនកិច្ចប្រទេសអាស៊ីចំនួន៤ និងកោះតៃវ៉ាន់ លោកស្រី ណាន់ស៊ី ផេឡូស៊ី បានរងការរិះគន់យ៉ាងខ្លាំង និងរងទណ្ឌកម្មពីចិន។ ក្រៅពីនេះ បណ្ដាប្រទេសដូចជា កូរ៉េខាងជើង អ៊ីរ៉ង់ ស៊ីរី រុស្ស៊ី និងអាជ្ញាធរប៉ាលេស្ទីន ក៏បានរិះគន់លោកស្រីពីដំណើរទស្សនកិច្ចនេះដែរ៕
Tag:
កូរ៉េខាងជើង
អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com