អន្តរជាតិ
អាម៉េរិក ប្ដេជ្ញាជួយការពារហ្វីលីពីនក្នុងករណីមានការវាយប្រហារប្រដាប់អាវុធ
07, Aug 2022 , 3:09 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន ជជែកជាមួយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr។ រូបភាពយកពីគណនី Twitter របស់រដ្ឋមន្រ្តីការបរទេសអាម៉េរិក
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន ជជែកជាមួយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr។ រូបភាពយកពីគណនី Twitter របស់រដ្ឋមន្រ្តីការបរទេសអាម៉េរិក
រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី៦ ខែសីហា បានអះអាងចំពោះមុខ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ថាអាម៉េរិកនឹងការពារប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ប្រសិនបើមានការវាយប្រហារប្រដាប់អាវុធនៅសមុទ្រចិនខាងត្បូង។

 
បន្ទាប់ចេញពីកិច្ចប្រជុំអាស៊ាននៅកម្ពុជា រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន ទៅដល់ហ្វីលីពីននៅយប់ថ្ងៃទី៥ ខែសីហា ហើយបានជួបពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr នៅថ្ងៃទី៦ ខែសីហា ក្នុងក្រុងម៉ានីល។ ជំនួបនេះបានពិភាក្សាជុំវិញការពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ រួមទាំងភាពតានតឹងរវាងអាម៉េរិក និងចិនក្រោយដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់របស់ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី។
 
ក្នុងជំនួបនៅក្រុងម៉ានីលនេះ លោក ប្លីងខិន បានលើកឡើងជាថ្មីថា សន្ធិសញ្ញាការពារទៅវិញទៅមកដែលមានអាយុកាល ៧០ឆ្នាំជាមួយហ្វីលីពីន គឺរឹងដូចដែកមិនអាចផ្លាស់ប្ដូរ។ 
 
«រាល់ការវាយប្រហារដោយប្រដាប់អាវុធទៅលើកងទ័ពហ្វីលីពីននាវាសាធារណៈ និងយន្តហោះជាដើមនោះ ហ្វីលីពីននឹងទទួលបានការការពារពីអាម៉េរិកក្រោមសន្ធិសញ្ញាការពារទៅវិញទៅមក»។ លោក ប្លីងខិន បានអះអាងបែបនេះក្នុងសន្និសីទសារព័ត៌មានមួយ និងបន្តថា ហ្វីលីពីន គឺជាមិត្តដែលមិនអាចជំនួសបាន ជាដៃគូរ និងជាសម្ព័ន្ធមិត្តរបស់អាម៉េរិក។ 
 
នៅក្នុងសុន្ទរកថាបើកពេលជួបលោកប្លីងខិន លោក Marcos បានព្យាយាមបង្ហាញគំនិតវិជ្ជមានទាក់ទងនឹងដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី ផេឡូស៊ី ដោយលោកជឿថា ការធ្វើដំណើរទស្សនកិច្ច មិនបានបង្កើនភាពតានតឹងអ្វីឡើយ។ ស្ថានភាពនៅតៃវ៉ាន់មានភាពផុយស្រួយងាយនឹងផ្ទុះបញ្ហាស្រាប់ ជាយូរមកហើយ។ 
 
ហ្វីលីពីន គឺជាប្រទេសដែលពោរពេញដោយការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងអាម៉េរិក និងចិន ធ្វើឱ្យលោក Marcos ប្រឈមមុខនឹងបញ្ហារក្សាតុល្យភាពទំនាក់ទំនងរវាងមហាអំណាចទាំងពីរ។ លើសពីនេះ លោក Marcos ក៏ត្រូវប្រឈមមុខនឹងសម្ពាធពីប្រជាជនក្នុងប្រទេសដែលមាននិន្នាការប្រឆាំងចិនលើវិវាទសមុទ្រចិនខាងត្បូងផងដែរ។
 
គួរបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងហ្វីលីពីន និងអាម៉េរិក ត្រូវបានរង្គោះរង្គើអស់មួយរយៈពេលហ្វីលីពីនស្ថិតក្រោយរដ្ឋបាលអតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូទើតេ ដែលលោកហាក់ដូចជាមានទំនោរទៅរកចិន ហើយគំរាមកំហែងដល់ទំនាក់ទំនងយោធាជាមួយអាម៉េរិក៕ 
 

Tag:
 អាម៉េរិក
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com