កីឡាជាតិ
ជាតិ
AFF U16៖ ក្រោយឈ្នះអូស្ត្រាលី កម្ពុជាបន្តប៉ះមីយ៉ាន់ម៉ានាថ្ងៃស្អែកនេះ
07, Aug 2022 , 5:59 pm        
រូបភាព
រូបជម្រើសជាតិU-16 កម្ពុជា ហ្វឹកហាត់ត្រៀមប្រកួត រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
រូបជម្រើសជាតិU-16 កម្ពុជា ហ្វឹកហាត់ត្រៀមប្រកួត រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
បីក្នុងចំណោមបួនក្រុម នៅក្នុងពូល C ត្រូវការឈ្នះដាច់ខាត ដើម្បីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFF U-16 Championship 2022 នៅទីក្រុង Sleman នៃប្រទេសឥណ្ឌូណេស៊ី។ កម្ពុជា ត្រូវការឈ្នះលើមីយ៉ាន់ម៉ា នៅថ្ងៃទី៨ ខែសីហា។ ក្នុងករណី ប្រសិនជាក្រុមU-16 ម៉ាឡេស៊ី ចាញ់ ក្រុម U-16អូស្ដ្រាលី ក្រុមកម្ពុជា នឹងមានឱកាសទៅវគ្គបន្ទាប់ ប៉ុន្ដែ បើម៉ាឡេស៊ី ឈ្នះ អូស្ដ្រាលី ក្រុមកម្ពុជា និងមិនមានឱកាសទៀតទេ បើទោះជាឈ្នះមីយ៉ាន់ម៉ាក៏ដោយ។

 
U-16 មីយ៉ាន់ម៉ា ត្រូវប្រកួតជាមួយ U-16កម្ពុជា នៅកីឡដ្ឋាន Sultan Agung Bantul ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី៨ ខែសីហា វេលាម៉ោង៣:០០ រសៀល។ ក្នុងពូល C នេះ ម៉ាឡេស៊ី ឈរលេខ១ មាន៤ពិន្ទុ តាមពីក្រោយ ដោយមីយ៉ាន់ម៉ា មានពិន្ទុដូចគ្នា ខណៈកម្ពុជា មាន៣ពិន្ទុ។ U-16 កម្ពុជា ធ្លាប់ជួប មីយ៉ាន់ម៉ា ៣លើករួចមកហើយ ក្នុងព្រឹត្តិការណ៍ AFF U-16 Championship។ ក្នុងជំនួប៤លើកនោះ កម្ពុជា មិនធ្លាប់ឈ្នះឡើយ បានត្រឹមតែស្មើ១ប្រកួតប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១១ ក្នុងលទ្ធផល១-១។ នៅឆ្នាំ២០១៣ កម្ពុជា ចាញ់ មីយ៉ាន់ម៉ា ក្នុងលទ្ធផល២-១, ឆ្នាំ២០១៥ ចាញ់ក្នុងលទ្ធផល ៣-០ និងឆ្នាំ២០១៨ ចាញ់ក្នុងលទ្ធផល៤-១។ តើកម្ពុជា អាចបំបែកណត់ត្រាមួយនេះ ដូចជាបំបែកកំណត់ត្រាយកឈ្នះ អូស្ដ្រាលី ដែរឬទេ?
 
ដោយឡែក មីយ៉ាន់ម៉ា ធ្លាប់ជាម្ចាស់ជើងឯក២ សម័យកាល និងជើងឯករង២ សម័យកាល ចំណែក U-16កម្ពុជា ពុំធ្លាប់ឈ្នះជើងឯកទេ តែបានត្រឹមចំណាត់ថ្នាក់លេខ៤ ម្ដងប៉ុណ្ណោះ គឺក្នុងឆ្នាំ២០១៦។

រូបជម្រើសជាតិU-16 កម្ពុជា ហ្វឹកហាត់ត្រៀមប្រកួត រូបពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
 
ពេលជាមួយគ្នានេះ U-16 អូស្ដ្រាលី ត្រូវប្រកួតជាមួយ U-16ម៉ាឡេស៊ី នៅកីឡដ្ឋាន Maguwoharjo។ ប្រសិនជា ក្រុមយុវជនអូស្ដ្រាលី ឈ្នះ ម៉ាឡេស៊ី ជាការបើកភ្លើងខៀវឲ្យកម្ពុជា ទៅវគ្គបន្ដ។ នោះ អាចថាជាក្ដីសង្ឃឹមខ្លះ សម្រាប់កម្ពុជា ព្រោះ ម៉ាឡេស៊ី ប៉ះ អូស្ដ្រាលី ៤លើកក្នុងព្រឹត្តិការណ៍ AFF U-16នេះ ធ្លាប់ឈ្នះ អូស្ដ្រាលី តែមួយប្រកួតប៉ុណ្ណោះ ក្នុងលទ្ធផល៣-០ នៅឆ្នាំ២០១៩។ ដោយឡែក នៅឆ្នាំ២០០៨ U-16 អូស្ដ្រាលី ឈ្នះ ម៉ាឡេស៊ី លទ្ធផល៤-១, ឆ្នាំ២០១៦ ឈ្នះ៧-១ និងឆ្នាំ២០១៧ U-16អូស្ដ្រាលី ឈ្នះក្នុងលទ្ធផល៣-២។
 
គួររំលឹងផងដែរថា ប្រសិនជាកម្ពុជា ឈ្នះ មីយ៉ាន់ម៉ា មាន៦ពិន្ទុ ហើយ អូស្ដ្រាលី មិនអាចយកឈ្នះ ម៉ាឡេស៊ីទេ ក៏មានសង្ឃឹមខ្លះដែរ ដោយក្រុមដែលមានចំណាត់ថ្នាក់លេខ២ ដែលល្អជាងគេបំផុត នៃពូលទាំង៣ គឺ A, B ឬ C ត្រូវទៅវគ្គបន្ដ។ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើទៅនៅថ្ងៃទី១០ ខែសីហា នៅទីក្រុងSleman ប្រទេសឥណ្ឌូណេស៊ី៕
 
 

Tag:
 បាល់ទាត់
  AFF U-16 Champion
  AFF
© រក្សាសិទ្ធិដោយ thmeythmey.com