កីឡាជាតិ
ជាតិ
លោក Conor Nestor៖ ជ័យជម្នះ នឹងមិនមានអត្ថន័យទេ ប្រសិនជាគ្មានភាពល្វីងជូរចត់ ពីការបរាជ័យ
07, Aug 2022 , 2:39 pm        
រូបភាព
ការប្រកួតរវាង វិសាខា និងព្រះខ័នរាជស្វាយរៀង រូបពី Cambodian Premier League
ការប្រកួតរវាង វិសាខា និងព្រះខ័នរាជស្វាយរៀង រូបពី Cambodian Premier League
លោក Conor Nestor ចាត់ទុកថាការចាញ់របស់ព្រះខ័នរាជស្វាយរៀង ក្នុងជំនួបជាមួយវិសាខា គឺជាការផ្ដល់អត្ថន័យទៅជ័យជម្នះ។ គ្រូបង្វឹកក្លិបស្វាយរៀងរូបនេះ បានបង្ហោះសារលើហ្វេសប៊ុក បន្ទាប់ពីក្រុមម្ចាស់ផ្ទះ បានចាញ់វិសាខា ១-០ កាលពីថ្ងៃទី៦ ខែសីហា នៅកីឡដ្ឋានខេត្តស្វាយរៀង វេលាម៉ោង៦:៣០យប់។


 
ព្រះខ័នរាជស្វាយរៀង បានចាញ់ វិសាខា នៅក្នុងលទ្ធផល១-០ ដោយកីឡា Paulo Victor បានស៊ុតបញ្ចូលទីនៅនាទី៨៥។ នេះ គឺជាការចាញ់លើកទី១ សម្រាប់ក្រុមម្ចាស់ផ្ទះ ដោយ១៤ប្រកួតនេះ ព្រះខ័នរាជ ស្វាយរៀង ឈ្នះ១១ ស្មើ២ និងចាញ់១។
 
បន្ទាប់ពីទទួលបរាជ័យ លោក Conor Nestor បានបង្ហោះសារថា៖«នេះ គឺជាបាល់ទាត់។ បើគ្មានការបរាជ័យដ៏ល្វីងជូរចត់ទេ ការឈ្នះក៏គ្មានអត្ថន័យអ្វីដែរ។»។ គ្រូបង្វឹករូបនេះ ក៏អរគុណចំពោះកីឡាករ ដែលខំប្រឹងប្រែងដើម្បីក្រុម បើទោះជាចាញ់ក៏ដោយ។
 
មុនកាលប្រកួតមកដល់ គ្រូបង្វឹករូបនេះ ក៏ធ្លាប់ប្រាប់​សារព័ត៌មានថ្មីៗតាមតេឡេក្រាមផងដែរ ដោយក្លិបព្រះខ័នរាជស្វាយរៀង មិនដែលមើលស្រាលលើសមត្ថភាពគូប្រកួតឡើយ។ «ក្លិបក្នុងលីគសុទ្ធតែអាចយកឈ្នះយើងបាន។ នេះ គឺជាបាល់ទាត់។ យើង តែងតែគោរព និងឲ្យតម្លៃគូប្រកួត ១០០ភាគរយ។ យើង មានគម្រោងសម្រាប់ជ័យជម្នះគ្រប់ប្រកួត ប៉ុន្ដែយើងត្រូវ ទទួលយកនៅ ការបរាជ័យ ដែលអាចនឹងកើតមាន សម្រាប់ក្រុម។»។ លោក Conor Nestor បានប្រាប់បែបនេះ។

កីឡាករ សារ ទី របស់វិសាខា និង មិន រតនៈ របស់ព្រះខ័នរាជ ស្វាយរៀង តែតបាល់ រូបពីCambodian Premier League
 
ដោយឡែក ក្រុមវិសាខា ចាត់ទុកថា បានសម្រេចក្ដីរំពឹងទុករបស់ក្រុម ដោយមុនពេលប្រកួត ទាំងកីឡាករ និងក្លិប បានដាក់ក្ដីសង្ឃឹមដាច់ខាតត្រូវតែយក៣ពិន្ទុពីការប្រកួតជាមួយស្វាយរៀង។ នេះបើតាមលោក ហុក សុចិត្រា អគ្គលេខាធិការក្លិបវិសាខា។ ស្របគ្នានេះដែរ កែវ សុខផេង ខ្សែប្រយុទ្ធវិសាខា បានបង្ហាញការសប្បាយចិត្ត និងអរគុណមិត្តរួមក្រុមសម្រាប់ការប្រឹងប្រែងរបស់ពួកគេ។
 
ក្នុងថ្ងៃជាមួយគ្នានេះដែរ គិរីវង់សុខសែនជ័យ បានស្គាល់ជ័យជម្នះដំបូងក្នុងលីគ CPL បន្ទាប់ពីយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ នៅទីលានបាល់ទាត់គិរីវង់សុខសែនជ័យ ក្នុងលទ្ធផល១-០។ ១៤ប្រកួត របស់គិរីវង់សុខសែនជ័យ ឈ្នះ១ ស្មើ២ និងចាញ់១១។ ក្នុងពេលជាមួយគ្នានេះ បឹងកេត បានយកឈ្នះ ភ្នំពេញក្រោន លទ្ធផល២-១ នៅកីឡដ្ឋាន Cambodian Airway និងនៅកីឡដ្ឋានស្តាតចាស់ ណាហ្គាវើលដ៍ ចាញ់ អង្គរថាយហ្គឺរ លទ្ធផល២-០។
 
គួរបញ្ជាក់ថា ព្រះខ័នរាជ ស្វាយរៀង ឈរលេងរៀងទី១ បណ្ដោះអាសន្ន មាន៣៥ពិន្ទុ តាមពីក្រោយដោយ បឹងកេត ២៦ពិន្ទុ និងលេង៣ ក្រុមវិសាខា មាន២៥ពិន្ទុ។ ដោយឡែក ម្ចាស់ជើងឯកលីគឆ្នាំ២០២១ ភ្នំពេញក្រោន ឈរលេខ៥ មាន១៧ពិន្ទុ ខណៈ គិរីវង់សុខសែនជ័យ មាន៥ពិន្ទុ ឈរបាតតារាង៕
 
 

Tag:
 បាល់ទាត់
  Cambodian Premier League
  CPL
© រក្សាសិទ្ធិដោយ thmeythmey.com