អន្តរជាតិ
អាស៊ាន
យោធាមីយ៉ាន់ម៉ា ជំទាស់សេចក្តីថ្លែងការណ៍រួមរដ្ឋមន្រ្តីការបរទេសអាស៊ាន
07, Aug 2022 , 8:29 pm        
រូបភាព
លោក Wunna Maung Lwin រដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ រូបភាពយកពីសារព័ត៌មានរដ្ឋ Global New Light of Myanmar
លោក Wunna Maung Lwin រដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ រូបភាពយកពីសារព័ត៌មានរដ្ឋ Global New Light of Myanmar
ក្រសួងការបរទេសនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី៦ ខែសីហា បានចេញសេចក្តីថ្លែងការណ៍មួយជំទាស់សេចក្តីថ្លែងការណ៍រដ្ឋមន្រ្តីការបរទេសអាស៊ាន។ បើតាមយោធាមីយ៉ាន់ម៉ា ខ្លួននឹងបន្តគោរពតាមផែនការប្រាំចំណុចមីយ៉ាន់ម៉ា ដែលដាក់ចេញនាពេលកន្លងមក។

 
ការអនុវត្តទោសលើសកម្មជនប្រឆាំងចំនួន ៤រូប ពីសំណាក់យោធាមីយ៉ាន់ម៉ា បានធ្វើឱ្យអាស៊ានខកចិត្តយ៉ាងខ្លាំង។ ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន ក្នុងសេចក្តីថ្លែងការណ៍រួមចេញនៅថ្ងៃទី៥ ខែសីហា បានជំរុញឱ្យវាយតម្លៃពីការអនុវត្តរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មុននឹងដាក់ចេញជំហានបន្ទាប់។ 
 
យ៉ាងណាមិញ តាមរយៈសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសដែលចុះផ្សាយលើសារព័ត៌មានរដ្ឋ Global New Light of Myanmar នៅថ្ងៃទី៦ ខែសីហា យោធាមីយ៉ាន់ម៉ាជំទាស់សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន។ បើតាមយោធាមីយ៉ាន់ម៉ា ខ្លួននឹងបន្តគោរពតាមផែនការ ៥ចំណុចរបស់ខ្លួន។ 
 
ផែនការ ៥ចំណុចរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មាន ការរៀបចំគណៈកម្មការបោះឆ្នោតឡើងវិញ, វិធានការទប់ស្កាត់ជំងឺកូវីដ-១៩, វិធានការជួយសង្រ្គោះអាជីវកម្មក្នុងវិបត្តិជំងឺឆ្លង, ការសម្រេចបានសន្តិភាពនៅទូទាំងប្រទេស និងការរៀបចំការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ដោយផ្អែកតាមរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨។
 
មិនតែប៉ុណ្ណោះ របបសឹកមីយ៉ាន់ម៉ា បានបន្តថា អាស៊ាននឹងអាចរក្សាសាមគ្គីភាព និងភាពប្រក្រតីក្នុងរយៈពេលវែង ប្រសិនបើសមាជិកអាស៊ានគោរពតាមគោលការណ៍មូលដ្ឋានរបស់ធម្មនុញ្ញអាស៊ាន ជាពិសេសសមភាព, បរិយាប័ន្ន, អធិបតេយ្យ និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។ 
 
ចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ាននៅចុងឆ្នាំ២០២១ មក អាស៊ាន មិនបានអញ្ជើញមេដឹកនាំយោធា ឬរដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលមីយ៉ាន់ម៉ាមកចូលរួមកិច្ចប្រជុំឡើយ បន្ទាប់ពីការអនុវត្តការឯកភាពចំណុចទាំង ៥របស់អាស៊ាន មានភាពយឺតយ៉ាវ៕ 
 

Tag:
 មីយ៉ាន់ម៉ា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com