អន្តរជាតិ
អាស៊ាន
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍​​​​​​​​​​​​
07, Aug 2022 , 9:29 pm        
រូបភាព
ក្នុងសប្តាហ៍នេះ កម្ពុជាបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ធ្វើឡើងស្របពេលមានភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ សង្គ្រាមនៅអ៊ុយក្រែន វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាជាដើម។ មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី បានដើរចេញពីការជួបជុំអាហារពេលល្ងាចក្នុងថ្ងៃទី៤ ខែសីហា។

 
ថ្ងៃទី១ ខែសីហា
 
មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង នឹងបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល ៦ ខែទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា។ ការបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្ននេះ ធ្វើឡើងស្របពេលយោធាមីយ៉ាន់ម៉ា បានប៉ះទង្គិចជាញឹកញាប់ជាមួយកម្លាំងការពារប្រជាជន (PDF) របស់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា។
 
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោកអាន់តូនី ប្លីងខិន បានលើកឡើងថា អាម៉េរិក នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរឡើយ លុះត្រាវាចាំបាច់ក្នុងការការពារខ្លួន និងសម្ព័ន្ធមិត្តប៉ុណ្ណោះ។ បើតាមប្រមុខការទូតរូបនេះ អាម៉េរិកនឹងពិចារណាក្នុងការប្រើប្រាស់អាវុធដ៏ខ្លាំងមួយនេះ ក្នុងកាលៈទេសៈដ៏តឹងតែងប៉ុណ្ណោះ ។
 
ថ្ងៃទី២ ខែសីហា
 
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ រួមទាំងកិច្ចប្រជុំពាក់ព័ន្ធ បានយល់ឃើញថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ មិនអាចដោះស្រាយបញ្ហាបានទេ។ បើតាមលោកគង់ ភោគ អាស៊ានមិនចង់ឃើញ សង្រ្គាមនុយក្លេអ៊ែរកើតឡើងឡើយ។
 
យន្តហោះដឹកប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បានចុះចតនៅតៃវ៉ាន់ហើយនៅយប់ថ្ងៃទី២ ខែសីហា។ នេះជាទស្សនកិច្ចរបស់មន្ត្រីអាម៉េរិកដែលមានតំណែងដ៏ខ្ពស់មួយ ចាប់តាំងពីឆ្នាំ១៩៩៧។ ទស្សនកិច្ចមួយនេះ បានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងរិះគន់យ៉ាងខ្លាំង។ 
 
ថ្ងៃទី៣ ខែសីហា
 
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន អះអាងថា អាស៊ាននឹងគិតគូរឡើងវិញលើការឯកភាព៥ចំណុច ប្រសិនបើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាអនុវត្តការប្រហារជីវិតទៀតនោះ។ បើតាមមេដឹកនាំកម្ពុជា ស្ថានភាពបច្ចុប្បន្ននៅមីយ៉ាន់ម៉ា ប្រែទៅជាអាក្រក់មុនមានការឯកភាព៥ចំណុចទៅទៀត។
 
រដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី បានរិះគន់ដំណើរទស្សនកិច្ចរបស់លោកស្រី  ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិកនៅតៃវ៉ាន់យ៉ាងខ្លាំង។ ទាក់ទិននឹងដំណើរទស្សនកិច្ចនេះ ប្រមុខការទូតចិន បានហៅអ្នកនយោបាយអាម៉េរិកមួយចំនួនជាអ្នកបង្កបញ្ហានៅក្នុងទំនាក់ទំនងទ្វេភាគី និងជាប្រទេសទីមួយ បំផ្លាញស្ថិរភាព និងសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។
 
ថ្ងៃទី៤ ខែសីហា
 
ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍ពីយន្តហោះចិនមិនស្គាល់ អត្តសញ្ញាណមួយដែលតៃវ៉ាន់ប៉ាន់ស្មានថាប្រហែលជាប្រភេទដ្រូន បានហោះចូលក្បែរកោះ Kinmen របស់តៃវ៉ាន់នៅថ្ងៃទី៣ ខែសីហា។ ជាការឆ្លើយតប កងកម្លាំងតៃវ៉ាន់បាន បាញ់ភ្លើងគំរាមឱ្យដ្រូននោះហោះចេញទៅវិញ។ ក្នុងថ្ងៃដដែលនោះ យន្តហោះតៃវ៉ាន់ក៏បានហោះគំរាមយន្តហោះចម្បាំងចិនចំនួន ២៧ គ្រឿងឱ្យចេញពីតំបន់ការពារដែនអាកាសរបស់ខ្លួនផងដែរ។
 
មួយថ្ងៃបន្ទាប់ពីប្រធានសភាតំណាងអាម៉េរិក លោកស្រីណាន់ស៊ី ផេឡូស៊ី បានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ចិន បានចាប់ផ្ដើមសមយុទ្ធយោធាបាញ់គ្រាប់ពិតដ៏កម្រមួយ នៅតំបន់ចំនួន៦ ដែលស្ថិតនៅជុំវិញកោះនោះ។ តៃវ៉ាន់ថ្កោលទោសចិនថាបានបំពាន ច្បាប់អន្តរជាតិ ចំណែកឯចិនបញ្ជាក់ថានេះគ្រាន់ជារឿងផ្ទៃក្នុងតែប៉ុណ្ណោះ។
 
ថ្ងៃទី៥ ខែសីហា
 
រដ្ឋមន្រ្តីការបរទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបញ្ជាក់ពីការខកចិត្តយ៉ាងខ្លាំងចំពោះដំណើរការមានកម្រិត និងកង្វះការប្តេជ្ញារបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងការអនុវត្តការឯកភាព៥ ចំណុចឱ្យបានឆាប់រហ័ស និងពេញលេញ។ មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានឯកភាពផងដែរ ក្នុងការអនុញ្ញាតឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ាន ជួបភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា។ មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានបង្ហាញពីក្តីបារម្ភលើសង្គ្រាមនៅអ៊ុយក្រែន ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង និងសមុទ្រចិនខាងត្បូងផង។ 
 
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន បានលើកឡើងជាថ្មីថា ភាពខុសគ្នារវាងចិន និងតៃវ៉ាន់ គួរតែដោះស្រាយដោយសន្តិវិធី ប៉ុន្តែមិនមែនដោយការគំរាម ឬដោយកម្លាំងយោធាឡើយ។
 
ថ្ងៃទី៦ ខែសីហា
 
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានបង្ហោះសារអបអរកម្ពុជាតាមបណ្ដាញសង្គម ហ្វេកបុក ចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្ធចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហាកន្លងទៅ។
 
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន និងប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr នៅថ្ងៃទី៦ ខែសីហា បានជួបពិភាក្សាគ្នានៅក្រុងម៉ានីលជុំវិញការពង្រឹងសម្ព័ន្ធភាពដ៏មាំទាំរបស់ប្រទេសទាំងពីរ។ ជំនួបនេះធ្វើឡើងអំឡុងចិនដែលខឹងសម្បារនឹងអាម៉េរកជុំវិញទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិកនៅតៃវ៉ាន់៕
 

Tag:
 អាស៊ាន
  ចិន
  អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com