កីឡាជាតិ
ជាតិ
ជម្រាបលា ក្រុងសូឡូ! ជួបគ្នានៅរាជធានីភ្នំពេញ ឆ្នាំ២០២៣
07, Aug 2022 , 4:48 pm        
រូបភាព
លោក ហ៊ុន ម៉ានី ទទួលទង់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ពីលោក Osoth Bhavilai រូបពី Camsoc
លោក ហ៊ុន ម៉ានី ទទួលទង់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ពីលោក Osoth Bhavilai រូបពី Camsoc
ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម បានបិទនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងសូឡូ ហើយប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ លោក Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន បានប្រគល់ទង់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (Asean Para Sports federation ឬហៅកាត់ APSF) ទៅលោក ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាជនពិការកម្ពុជា ដើម្បីជាសក្ខីភាព នៃការទទួលធ្វើជាម្ចាស់ផ្ទះបន្ទាប់។


 
លោក ហ៊ុន ម៉ានី បានទទួលទង់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ជាផ្លូវការ ពីលោក Osoth Bhavilai។ ប្រធានប្រតិភូរូបនេះ បានប្រគល់ជូនទៅលោក យី វសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មកីឡាជនពិការកម្ពុជា ដើម្បីនាំទង់នេះមកកម្ពុជា។ 
 
ក្នុងពិធីបិទអាស៊ានប៉ារ៉ាហ្គេមលើកទី១១ និងពិធីទទួលទង់នេះ កម្ពុជា បានរៀបចំការសម្ដែងសិល្បៈ ដែលឆ្លុះបញ្ចាំងពីប្រពៃណី និងវប្បធម៌ របស់ប្រទេសជាតិ។ បណ្ដាប្រទេសជាសមាជិកចូលរួមទាំងអស់បានបង្ហាញនៅការចាប់អារម្មណ៍ចំពោះការសម្ដែងនេះ តាមរយៈការទះដៃ និងស្នាមញញឹម នៅក្នុងកីឡដ្ឋាន Manahan។

ការសម្ដែងសិល្បៈ ពីវប្បធម៌កម្ពុជា ក្នុងពិធីបិទអាស៊ានប៉ារ៉ាហ្គេម លើកទី១១ រូបពី Camsoc
 
មុនពេលប្រគល់ទង់នេះ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី បានបង្ហាញពីអារម្មណ៍មោទកភាពចំពោះព្រឹត្តិការណ៍នៅទីក្រុងសូឡូនេះថា ចំណងមិត្តភាព សាមគ្គីភាព និងភាពរួបរួមគ្នា រវាងប្រទេសក្នុងតំបន់អាស៊ាន គឺត្រូវបានបង្ហាញឡើងតាមរយៈការប្រកួតរបស់អត្ដពលិក ហើយក៏បង្ហាញពីភាពខ្លាំងរបស់អត្ដពលិកពិការផងដែរ។ «យើង នឹងបន្ដគាំទ្រយ៉ាងខ្លាំងក្លា ទៅជនមានពិការភាព។ យើង ក៏នឹងជោគជ័យចំពោះ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនេះ នៅកម្ពុជាផងដែរ។»។ នេះ បើយោងតាមការផ្សាយរបស់គេហទំព័រ Asean Para Games 2022។
 
ម្ចាស់ផ្ទះឥណ្ឌូណេស៊ី  ឈ្នះមេដាយ៤២៦ ច្រើនជាងគេ ក្នុងនោះមានមេដាយមាស១៧៥, ប្រាក់១៤៤ និងសំរិទ្ធ ១០៧។ ដោយឡែកកម្ពុជា បានបំបែកកំណត់ត្រាថ្មី ដោយទទួលបានមេដាយ សរុប២៨ ក្នុងនោះ មាស៧, ប្រាក់១០ និងសំរិទ្ធ១១។ 
 
គួរបញ្ជាក់ថា ការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូនេះ ចាប់ធ្វើពីថ្ងៃទី៣០ ខែកក្កដា និងចប់ទៅវិញនៅថ្ងៃទី៦ ខែសីហា។ ម្ចាស់ផ្ទះបានដាក់ ១៤ប្រភេទកីឡាប្រកួត ដោយអត្ដពលិក មានចំនួន១២៤៨នាក់ ពី១១ប្រទេសចូលរួម ហើយក៏មានប្រតិភូកីឡា ដូចជាមន្ដ្រីបច្ចេកទេស គ្រូបង្វឹក ប្រមាណជាង៦៥៩នាក់ផងដែរ។ ជាមួយគ្នានេះ កម្ពុជា បានបញ្ជូនអត្តពលិក ១១៣នាក់ចូលរួមប្រកួតលើ១១ប្រភេទកីឡា។ ដោយឡែក អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា នឹងចាប់ធ្វើនៅថ្ងៃទី៣ ខែមិថុនា ចប់ទៅវិញនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងភ្នំពេញ៕
 
 

Tag:
 អាស៊ានប៉ារ៉ាហ្គេម
  Asean Para Games
© រក្សាសិទ្ធិដោយ thmeythmey.com