អន្តរជាតិ
កំពង់ផែអ៊ុយក្រែន មានកប៉ាល់បរទេសចូលចតលើកដំបូងតាំងពីមានសង្គ្រាម ដើម្បីចាំដឹកគ្រាប់ធញ្ញជាតិ
07, Aug 2022 , 10:29 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
កំពង់ផែអ៊ុយក្រែននៅថ្ងៃទី៦ ខែសីហា បានទទួលកប៉ាល់បរទេសមួយបំពាក់ទង់ជាតិបាបាដុស ជាប្រទេសក្នុងសមុទ្រការីប៊ីន ដែលចូលមកចតដើម្បីរង់ចាំដឹកគ្រាប់ធញ្ញជាតិចេញ​ពីអ៊ុយ​ក្រែន។ រដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន លោក Oleksandr Kubrakov បានអះអាង​ថា កប៉ាល់បរទេសនោះបានមកដល់អ៊ុយក្រែនលើកដំបូងគិតចាប់តាំងពីសង្គ្រាម​បានចាប់​ផ្តើមនៅក្នុងខែកុម្ភៈមក។

 
អ៊ុយក្រែន ​កំពុង​បន្ត​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិក្រោមការ​ត្រួត​ពិនិត្យ​របស់មជ្ឈមណ្ឌល​សម្រប​សម្រួល​រួម (JCC) ​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល ដែល​មាន​បុគ្គលិក​រុស្ស៊ី អ៊ុយក្រែន តួកគី និង​អង្គការ​សហ​ប្រជាជាតិ​ធ្វើ​ការរួមគ្នា។ គិតត្រឹមថ្ងៃទី៥ ខែកក្កដា កប៉ាល់ចំនួន៤ហើយ ដែលបានដឹកគ្រាប់ធញ្ញាជាតិចេញពីអ៊ុយក្រែន។ 
 
ស្របគ្នានេះ នៅថ្ងៃទី៦ ខែសីហា គេឃើញមានកប៉ាល់ដឹកទំនិញមួយគ្រឿងដោតទង់ជាតិបាបាដុស ដែលជា​ប្រទេសកោះក្នុងសមុទ្រការីប៊ីន ចូលចតនៅ​កំពង់ផែ Chornomorsk របស់អ៊ុយក្រែងដើម្បីរងចាំដឹកគ្រាប់​ធញ្ញជាតិ។ វាជាកប៉ាល់មកពីបរទេសទី១ មកដល់អ៊ុយ​ក្រែនក្រោយសង្គ្រាមផ្ទុះឡើង​ក្នុងខែកុម្ភៈ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ​អ៊ុយក្រែន Oleksandr Kubrakov។ 
 
«យើងកំពុងធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីធានាថាកំពង់ផែរបស់យើងអាច​ទទួល និងគ្រប់គ្រងនាវាបន្ថែមទៀត។ ជាពិសេស យើងមានគម្រោងទទួលនាវាឱ្យបាន​យ៉ាងហោចណាស់ ៣ទៅ ៥ក្នុងមួយថ្ងៃក្នុងរយៈពេល ២សប្តាហ៍»។ លោក Kubrakov បានសរសេរបែបនេះនៅលើបណ្ដាញសង្គមហ្វេសបុក។ 
 
លោក Kubrakov បន្ថែមទៀតថា ការមកដល់នៃកប៉ាល់បរទេសនេះ ជាសញ្ញាដ៏សំខាន់​បង្ហាញថាកិច្ចព្រមព្រៀងដឹកជញ្ជូនគ្រាប់ធញ្ញជាតិផ្ដល់ឱកាសអាជីវកម្មប្រកបដោយសុវត្ថិភាព និងអាចផ្ដល់ចំណូលអាជីវកម្មសម្រាប់ម្ចាស់កប៉ាល់ដែលវិលត្រឡប់ទៅធ្វើអាជីវកម្ម​នៅកំពង់ផែអ៊ុយក្រែនវិញ។ 
 
គ្រាប់​ធញ្ញ​ជាតិប្រហែល ២០លាន​តោនដែលប្រមូលផលកាលពីឆ្នាំមុនកំពុងជាប់គាំងនៅ​កំពង់ផែអ៊ុយក្រែន។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters អ៊ុយក្រែនមានបំណងនាំចេញគ្រាប់​ធញ្ញជាតិ ៣លាន​តោនក្នុងមួយខែ តាមកំពង់ផែសមុទ្រខ្មៅរបស់ខ្លួន។
 
យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងថា ការបន្ត​នាំចេញគ្រាប់ធញ្ញជាតិ​ឡើងវិញក្រោយកើតមានសង្គ្រាម ជាសកម្មភាពវិជ្ជមានមួយ តែហានិភ័យផ្នែកសន្តិសុខ​ទាក់ទិននឹងការគំរាមកំហែងពីរុស្ស៊ីនៅតែមាន។ បញ្ហាស្បៀង​អាហារសកលត្រូវបានដោះស្រាយលុះត្រា តែរុស្ស៊ីគោរពតាមការប្ដេជ្ញាចិត្តក្នុងកិច្ចព្រម​ព្រៀងដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងធានាសន្តិសុខដល់ការផ្គត់ផ្គង់៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com