ជាតិ
អ្នកជំនាញប្រើ ម្សៅថ្មភក់ ម្សៅស៊ីកា លាយជាមួយកាវ ដើម្បីតភ្ជាប់ថ្មបុរាណដែលបែកបាក់
08, Aug 2022 , 9:29 am        
រូបភាព
លោក លោក ឆែម ឈាន កំពុងលាបល្បាយលើថ្មដែលត្រូវតភ្ជាប់
លោក លោក ឆែម ឈាន កំពុងលាបល្បាយលើថ្មដែលត្រូវតភ្ជាប់
សៀមរាប៖ ថ្មមួយដុំៗ ដែលធ្លាក់ឬរបូតចេញពីសំណង់ប្រាសាទ នៅតែមានតម្លៃជាសម្បត្តិបេតិកភណ្ឌ។ អាយុកាលនៃថ្មទាំងនោះ គឺជាអត្តសញ្ញាណនៃសំណង់ប្រាសាទដ៏អស្ចារ្យនីមួយៗ។ ហេតុនេះ ទើបអ្នកជំនាញនាពេលបច្ចុប្បន្នខំអភិរក្ស និងជួសជុលថ្មទាំងអស់ឡើងអស់វិញឱ្យលទ្ធភាព មុននឹងសម្រេចចិត្តជំនួសថ្ម។ ក្នុងការជួសជុលថ្ម ដែលបែកបាក់ដើម្បីដាក់ទីតាំងដើមវិញ អ្នកជំនាញប្រើវត្ថធាតុ ដូចជា កាវ ម្សៅស៊ីលីកា និងម្សៅថ្មភក់។


 
សូមអញ្ជើញលោក-អ្នកនាង ទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 
ស្ថិតនៅមុខប្រាសាទអង្គរវត្ត ក្នុងរោងការដ្ឋាន ដែលមានតំបូលប្រក់តង់ពណ៌បៃតង លោក ឆែម ឈាន ជាអ្នកជំនាញតថ្មម្នាក់កំពុងលាយកាវយ៉ាងញាប់ដៃ។ លោកបានឆ្លៀតប្រាប់អ្នកសារព័ត៌មានThmeyThmey25 ឱ្យដឹងថា លោកកំពុងលាយកាវ ជាមួយម្សៅស៊ីលីកា។ លោកលាយប្រភេទកាវឈ្មោល២ស៊ឺរុំាង និងប្រភេទកាវញី ១ស៊ឺរុំាង ដែលមានចំណុះ៦០សេសេ។ ចំណែកម្សៅស៊ីលីកា ដាក់មិនកំណត់ឡើយ ដោយលាយយ៉ាងណាឱ្យខាប់ល្មម ។ 
 
ក្រៅពីវិធីខាងលើ អ្នកជំនាញបានលាយល្បាយម្យ៉ាងទៀត ដោយលាយកាវក្នុងបរិមាណដដែល ជាមួយម្សៅថ្មភក់។ វិធីតភ្ជាប់ថ្មទាំងពីរនេះ នឹងជួយឱ្យថ្មជាប់បានពី ៧០ភាគរយ ទៅ៨០ភាគរយ ប៉ុន្តែសម្រាប់រយៈពេលជាក់លាក់ លោកមិនអាចបញ្ជាក់បានឡើយ។

ថ្មភក់ ម្សៅស៊ីកា លាយជាមួយការ ដើម្បីតភ្ជាប់ថ្មបុរាណដែលបែកបាក់
 
បុរសសម្បុរស្រអែម វ័យ៦៣ឆ្នាំរូបនេះបានបន្ថែមថា មុនលាបល្បាយទាំងនោះលើថ្មទាំងសងខាងដែលត្រូវត អ្នកជំនាញត្រូវសម្អាតថ្មឱ្យអស់ជាតិអំបិល និងជាតិក្អែលជាមុនសិន។ បើមិនដូច្នេះទេ ថ្មទាំងពីរនឹងមិនខាំមិនជាប់គ្នាល្អឡើយ ដែលអាចបណ្តាលថ្មឆាប់របេះចេញពីគ្នា។ 
 
ថ្មទាំងសងខាង ដែលលាបល្បាយរួចរាល់ ត្រូវរក្សាទុកនៅកន្លែងម្លប់រយៈពេល២សប្តាហ៍ ដោយមិនអាចដាក់ឱ្យត្រូវទឹកភ្លៀង ឬកម្តៅថ្ងៃបានឡើយ។ អ្នកជំនាញខាងលើបានឱ្យបញ្ជាក់មូលហេតុដូច្នេះថា៖« ទុកនៅម្លប់បានកន្លះខែទើបលើកចេញទៅក្រៅ។ កាលណាវាត្រូវជាតិសំណើម វាអត់មានគុណភាព វាជាប់ដែរ តែវាអត់ទាន់ជាប់គ្នា ទឹកចូល កាវផុយ។ ក្បួនតថ្ម ត្រូវធ្វើរោង គឺអត់ឱ្យត្រូវថ្ងៃ អត់ឱ្យត្រូវភ្លៀង»៕ 


លោក ឆែម ឈាន កំពុងពិនិត្យការតភ្ជាប់ថ្ម


លោក លោក ឆែម ឈាន កំពុងលាបល្បាយលើថ្មដែលត្រូវតភ្ជាប់


អ្នកជំនាញកំពុងរំកិលថ្មតភ្ជាប់គ្នា


Tag:
 បច្ចេកទេស
  តថ្ម
  ថ្មបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com